COVID-19
ជាតិ
បន្ទាយមានជ័យ ក៏ផ្អាករៀបចំព្រឹត្តិការណ៍សង្រា្កន្តដែរ ដោយខ្លាចឆ្លងកូវីដ-១៩ រូបភាពពីចូលឆ្នាំបន្ទាយមានជ័យ ដែលបង្ហាញពីព្រឹត្តិការណ៍សង្រ្កាន្តបន្ទាយមានជ័យដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កន្លងទៅ
× ភ្នំពេញ៖ ខណៈខេត្តសៀមរាប កំពុងតែមានករណីកូវីដ-១៩ ឆ្លងដល់បុរសខ្មែរម្នាក់ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាករៀបចំសៀមរាបសង្រ្កាន្តភ្លាមតែម្តង។ ខេត្តបន្ទាយមានជ័យ ដែលនៅជាប់ខេត្តសៀមរាប ក៏បានផ្អាករៀបចំព្រឹត្តិការណ៍ដែរ ដែលរាល់ឆ្នាំការរៀបចំព្រឹត្តិការសង្ក្រាន្តនេះ ហៅថា ចូលឆ្នាំបន្ទាយឆ្មារ។
ការផ្អាករៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ទាំងនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ គឺសុទ្ធតែមានគោលបំណងរួមគ្នា គឺការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដែលស្ថានការណ៍នេះមិនទាន់ដឹងថា នៅពេលណាទើបអាចទប់ស្កាត់ការរាលដាលជំងឺនេះ បាននៅឡើយទេ។
លោក ឈឿន សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ខេត្តបន្ទាយមានជ័យ នឹងមិនរៀបចំព្រឹត្តិការណ៍សង្ក្រានដូចរាល់ឆ្នាំឡើយ ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩។ ប្រធានមន្ទីរទេសចរណ៍រូបនេះ និយាយដូច្នេះថា៖«អាចនឹងរៀបចំជាកន្លែងដែលអាចឲ្យប្រជាពលរដ្ឋចូលកម្សាន្តលេងធម្មតា ដូចជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ និងកន្លែងថតរូប តុបតែងលម្អផ្សេងៗ តែវាមិនមែនជាព្រឹត្តការណ៍គគ្រឹកគគ្រេងអីទេ»។
សូមបញ្ជាក់ថា កម្ពុជាមានករណីកូវីដ-១៩ ទៅលើបុរសខ្មែរម្នាក់ នៅខេត្តសៀមរាប ដែលឆ្លងពីបុរសជនជាតិជប៉ុន។ បន្ទាប់ពីឆ្លងទៅបុរសខ្មែរនោះ រាជរដ្ឋាភិបាលបានបញ្ជាឲ្យ ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បិទសាលារៀន និងវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងទីរួមខេត្តសៀមរាបបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់កុំឲ្យរាលដាលកាន់តែច្រើនបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com