កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ Sanchez និង Vidal ត្រូវដាក់ចត្តាឡីស័ក ពេលទៅស៊ីលី
11, Mar 2020 , 8:19 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសស៊ីលី នៅថ្ងៃទី១០ មីនា អះអាងថាខ្សែបម្រើ Alexis Sanchez និង Arturo Vidal នឹងត្រូវដាក់ចត្តាឡីស័ក នៅពេលពួកគេចេញពីប្រទេសអ៊ឺរ៉ុបត្រឡប់ទៅស្រុកកំណើតវិញ។ វិធានការនេះ ធ្វើឡើងដើម្បីធានាពីការឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ដែលកំពុងរាលដាលខ្លាំងស្ទើជុំវិញពិភពលោក។


តាមការគ្រោងទុក ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ីលីនឹងត្រូវធ្វើដំណើរទៅជួបអ៊ុយរូហ្គាយសម្រាប់ការប្រកួតវគ្គជម្រុះ World Cup ប្រចាំទ្វីបអាមេរិកឡាទីន នៅថ្ងៃទី២៦ ខែមីនា មុនពេលទទួលភ្ញៀវកូឡុំប៊ីនៅថ្ងៃទី១​​ ខែមេសា។ រាល់កីឡាករស៊ីលីដែលប្រកបអាជីពក្នុងលីគតំបន់អ៊ឺរ៉ុប ក្រសួងសុខាភិបាលស៊ីលីតម្រូវឲ្យពួកគេ ត្រូវដាក់ចត្តាឡីស័កជាមុនសិននៅពេលត្រឡប់ចូលប្រទេសនេះ ដើម្បីធានាករណីឆ្លង COVID-19។
 
Sanchez ដែលលេងឲ្យក្រុម Inter Milan ក្នុងប្រទេសអ៊ីតាលី និង Vidal សមាជិកក្រុម Bacelona របស់អេស្ប៉ាញ រួមទាំងកីឡាករស៊ីលីមួយចំនួនទៀតដែលប្រកបអាជីពនៅអ៊ឺរ៉ុបហើយត្រូវមានភារកិច្ចជួយក្រុមជម្រើសជាតិ សុទ្ធិតែត្រូវដាក់ឲ្យនៅដាច់ដោយឡែកជាមុន។
 
«យើងនឹងធ្វើអ្វីឲ្យស្របតាមវិជ្ជាជីវៈ និងវេជ្ជ​សាស្រ្តទៅលើកីឡាករ ដ្បិតគ្មាននរណាម្នាក់មានភាពស៊ាំនឹងវីរុសដ៏កាចសាហាវនេះទេ ខណៈប្រទេសជាច្រើន ពិសេសអ៊ីតាលីកំពុងអនុវត្តបែបនេះចំពោះមនុស្សគ្រប់គ្នា»។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលស៊ីលីលោក Jaime Manalich។
 
លោក Manalich បន្ថែមថា កីឡាករទាំងនោះអាចធ្វើលំហាត់ប្រាណលើម៉ាស៊ីននៅផ្ទះរបស់ពួកគេ ឬក៏ត្រូវដាក់ចត្តាឡីស័កទាំងអស់គ្នានៅឯពហុកីឡដ្ឋានជាតិ Juan Pinto Duran គឺពួកគេអាចជ្រើសរើសបាន។
 
វិធានការទាំងអស់នេះ ធ្វើឡើងបន្ទាប់ពីប្រទេសជាច្រើននៅតំបន់អ៊ឺរ៉ុប ជាពិសេសអ៊ីតាលីដែលមានអ្នកឆ្លងច្រើនបានប្រកាសពីការដាក់ឲ្យនៅដាច់ដោយឡែកបែបនេះ និងបិទការធ្វើដំណើរទាំងអស់រហូតដល់ថ្ងៃទី៣ ខែមេសា។ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងដ៏កាចសាហាវដែលមានប្រភពពីក្រុងវូហាន ប្រទេសចិននេះ បានកើនដល់៤២៩២នាក់ហើយ ខណៈអ្នកឆ្លងមានចំនួន ១១៩៣១៣នាក់ និងជាសះស្បើយ៦៦៣៣៦ នៅទូទាំងពិភពលោក គិត្រឹមព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។  ដោយឡែកករណីឆ្លងនៅស៊ីលីមានចំនួន១៧នាក់ ប៉ុន្តែគ្មានអ្នកស្លាប់ឡើយ៕
 

Tag:
 World Cup
  COVID-19
  ស៊ីលី
© រក្សាសិទ្ធិដោយ thmeythmey.com