COVID-19
ជាតិ
សំណាកអ្នកនៅលើនាវាជាមួយស្រ្តីអង់គ្លេសមានកូវីដ-១៩ ត្រូវបានយកទៅធ្វើតេស្តអស់ហើយ
11, Mar 2020 , 5:02 pm        
រូបភាព
ដោយ:
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សំណាករបស់អ្នកដំណើរនិងបុគ្គលិកសរុបប្រមាណ៦០នាក់ នៅលើនាវាជាមួយស្រ្តីជនជាតិអង់គ្លេស ដែលមានវីរុសកូវីដ-១៩ ត្រូវបានបញ្ជូនទៅធ្វើតេស្តហើយ នៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។



លោក លី សូវ៉ាន់ អះអាងថា លទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩នេះ នឹងចេញថ្ងៃស្អែក (ថ្ងៃ១២កុម្ភៈ)។ លោក ពុំបានបញ្ជាក់ឡើយថា នៅក្នុងនាវា មានជនជាតិខ្មែរប៉ុន្មាននាក់ ដោយលោក គ្រាន់តែលើកឡើងថា ជនជាតិខ្មែរលើនាវានោះ ភាគច្រើនជាអ្នកបម្រើការងារ។

លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា  អ្នកនៅលើនាវាទាំងនោះ មានសុខភាពធម្មតា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទដែរនោះ លោក បានថ្លែងថា៖«មកដល់ពេលនេះ ដូចអត់ទាន់មានអីទេ»។

បើតាមប្រធានមន្ទីរសុខាភិបាលរូបនេះ ជនជាតិខ្មែរលើនាវានោះ មាន២៤នាក់ និងជនជាតិផ្សេងៗទៀត ដូចជា អាមេរិក អង់គ្លេស វៀតណាម ឥណ្ឌា និង ដាណឺម៉ាក ជាដើម។ លោក បន្ថែមថា បច្ចុប្បន្ន នាវានោះ កំពុងចតនៅមាត់ទន្លេខេត្តកំពង់ចាម។ ចំណែក អ្នកបកប្រែឲ្យស្រ្តីជនជាតិអង់គ្លេសដែលមានកូវីដ-១៩ និង អ្នកបើករម៉កកង់បី ដែលធ្លាប់ដឹកអ្នកបកប្រែនិងស្រ្តីជនជាតិអង់គ្លេសនោះ ក៏ត្រូវបានយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ដែរ នៅមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត។

នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសក្នុងសន្និសីទកាសែតថា កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ម្នាក់ទៀត នៅកំពង់ចាម  គឺស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ។ គាត់ ធ្វើដំណើរតាមជើងហោះហើរ ចេញពីទីក្រុងឡុងដ៍ ចូលមកទីក្រុងហាណូយ បន្ទាប់មកគាត់ ចូលទីក្រុងហូជីមិញ ហើយក៏ឡើងលើនាវាមួយ ចេញពីទីក្រុងហូជីមិញ មកកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ។

នៅថ្ងៃទី៧ ខែកុម្ភៈដដែល កម្ពុជា បានរកឃើញជនជាតិខ្លួនម្នាក់នៅខេត្តសៀមរាប ដែលឆ្លងវីរុសកូវីដ-១៩ ពីបុរសជនជាតិជប៉ុន ជាថៅកែ។ បច្ចុប្បន្ន បុរសខ្មែរ ដែលឆ្លងកូវីដ-១៩នោះ ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ។

កាលពីអំឡុងខែមករា ឆ្នាំ២០២០ កម្ពុជា ក៏បានរកឃើញជនជាតិចិនម្នាក់ដែរ ដែលផ្ទុកវីរុសកូវីដ-១៩ តែគាត់ បានជាសះស្បើយឡើងវិញ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com