ជាតិ
កប៉ាល់១២គ្រឿង នឹងដឹកវត្ថុធាតុដើមពីចិនមកកម្ពុជា នៅត្រឹមថ្ងៃ១៥ ខែមីនា រូបភាព៖ នាវាឈ្មោះ SITC FUJIAN ដឹកវត្ថុធាតុដើមសម្រាប់បម្រើក្នុងវិស័យវាយនភណ្ឌកាត់ដេរ នានាតំបន់នានាបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៩មីនា ឆ្នាំ២០២០។ រូបថត៖ ទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន។
× ភ្នំពេញ៖ កប៉ាល់១២គ្រឿង នឹងដឹកវត្ថុធាតុដើមមកដល់កំពង់ផែខេត្តព្រះសីហនុ នៅត្រឹមថ្ងៃទី១៥ មីនានេះ ដើម្បីជួយសម្រួលនិងកាត់បន្ថយផលប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ចេញថ្ងៃទី១១ មីនា ឆ្នាំ២០២០។
ចិនផ្ដល់វត្ថុធាតុដើមមកម្ពុជានេះ ក្រោមកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលទាំងពីរ។ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ បានដឹកមកដល់កំពង់ផែព្រះសីហនុបណ្ដើរៗហើយ កាលពីថ្ងៃទី៩ មីនានេះ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) មិនទាន់ដឹងថា វត្ថុធាតុដើមទាំងនេះ នឹងផ្ដល់ឬចែកទៅឱ្យរោងចក្រណាខ្លះនោះទេ។
«ចំនួនហ្នឹង(វត្ថុធាតុដើមដែលដឹកមក) មិនអាចបញ្ជាក់បានទេ។ វា(វត្ថុធាតុដើមដែលដឹកមក)អាចជួយដល់រោងចក្រ ហើយយើងមិនអាចដឹងថា ចូលរោងចក្រណា ឬមិនចូលរោងចក្រណាខ្លះទេ។ យើងមិនដឹងថាវត្ថុធាតុដើមហ្នឹងចូលរោងចក្រដែលព្យួរការងារ ឬរោងចក្រមិនព្យួរការនោះទេ»។ នេះជាការលើកឡើងរបស់លោក ខេន លូ ដោយបន្ថែមថា មានរោងចក្រចំនួន៣៣ ដែលបានស្នើសុំព្យួរការងារ។
ពាក់ព័ន្ធនឹងការនាំចូលវត្ថុធាតុពីចិនមកកម្ពុជា និងរោងចក្រព្យួរការងារ សារព័ត៌មានថ្មីៗមិនអាចសុំការអធិប្បាយពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាននោះទេ ដោយលោកមិនទទួលទូរស័ព្ទ។
ចិន បានបញ្ជូនវត្ថុធាតុដើម៧នាវា ដែលបម្រើដល់ការផលិតក្នុងវិស័យវាយភណ្ឌកាត់ដេរនៅកម្ពុជា។ ក្នុងចំណោមវត្ថុធាតុដើមទាំង៧នាវានោះ មាន៥នាវាចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និង២នាវាទៀត ចូលចតនៅកំពង់ផែក្រុងហូជីមិញ។នាវា២គ្រឿង ដែលចូលចតក្នុងក្រុងហូជីមិញ គឺដើម្បីបម្រើដល់ការផលិតរបស់រោងចក្រនានា នៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង។កាលពីយប់ថ្ងៃទី៩ ខែមីនា មាននាវា១គ្រឿងហើយ ដែលដឹកវត្ថុធាតុដើមជាង៦០កុងតឺន័រ មកចូលចតនៅកំពង់ផែព្រះសីហនុ ហើយនឹងមាននាវា ចូលចតជាបន្តបន្ទាប់ទៀត។នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ មីនា៕
© រក្សាសិទ្ធិដោយ thmeythmey.com