COVID-19
ជាតិ
ហៅទូរសព្ទទៅលោក ទៀ សីហា បើនៅសៀមរាប មានដំឡើងថ្លៃម៉ាស់ អាល់កុល និង ទំនិញផ្សេងៗ
12, Mar 2020 , 9:00 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយពីខេត្តសៀមរាបមានអ្នកផ្ទុកកូវីដ-១៩ ទៅលើជនជាតិខ្មែរវ័យ៣៨ឆ្នាំ កាលពីថ្ងៃទី៧ ខែមីនា មក ពលរដ្ឋដែលរស់នៅខេត្តសៀមរាបមានការប្រុងប្រយ័ត្ន និងការពារ ទប់ស្កាត់កូវីដ-១៩ យ៉ាងយកចិត្តទុកដាក់។ ភាពប្រុងប្រយ័ត្ន និងការការពាររបស់ពលរដ្ឋនៅខេត្តសៀមរាបបានជំរុញឲ្យអាជីវករលក់ម៉ាស់ ទឹកអាកុល និងសម្ភារផេ្សងៗកេងចំណេញ និងដំឡើងថ្លៃ។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រាប់ឲ្យពលរដ្ឋណាដែលជួបអាជីវករលក់ទំនិញឡើងថ្លៃ ត្រូវរាយការណ៍មកលោកផ្ទាល់ ឬទាក់ទងទៅលេខរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការតាមច្បាប់។



លោក ទៀ សីហា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ពលរដ្ឋនៅខេត្តសៀមរាប មានការយកចិត្តទុកដាក់លើការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរហើយ តាមការណែនាំពីរដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល។ លោក ថ្លែងថា៖«យើងបានផ្សព្វផ្សាយច្រើនហើយ ហើយប្រជាជនបានជ្រាបដឹងជាងមុន អ៊ីចឹងនៅតាមផ្ទះ ហាង រមណីយដ្ឋាន មួយចំនួន បានត្រៀមទឹកអាកុលលាងដៃសម្រាប់បង្ការ និងទប់ស្កាត់បានល្អហើយ»។

ក្រោយពីបានណែនាំពីវិធីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹង ដល់ឱសថស្ថាន អាជីវករ និងម្ចាស់ហាងទំនិញផ្សេងៗ ដែលលក់ម៉ាស់ អាល់កុលលាងដៃ និងសម្ភារផ្សេងៗ កុំឲ្យដំឡើងថ្លៃហួសហេតុ ស្រេចតែអំពើចិត្តពេក។ លោក ទៀ សីហា បានបញ្ជាក់ថា ក្នុងករណីជួបអាជីវករណាឡើងថ្លៃ ប្រជាពលរដ្ឋអាចរាយការណ៍ទៅលោកផ្ទាល់ តាមលេខទូរសព្ទ ០៧៧ ៥៥២ ៣៥៦ និងតាមគណនីហ្វេសប៊ុករបស់លោក និងតាមលេខទូរសព្ទចំនួន៤ខ្សែរបស់រដ្ឋបាលខេត្ត គឺ០១៧ ២៧៣ ៣៣៣/០១២៥៩៨ ៦៧២/០៧៨ ៨០០ ៩៨៨ និង ០៩២ ២០៨ ៥៥៨។

បើតាមលោក ទៀ សីហា តាំងពីចេញសេចក្តីណែនាំ អំពីចំណាត់ការទៅលើអាជីវករលក់ទំនិញឡើងថ្លៃមក អាជ្ញាធរបានរកឃើញ និងបានណែទៅអាជីវករមួយចំនួនហើយ ដែលបានដំឡើងថ្លៃទំនិញ។ លោក និយាយថា៖«យើងឃើញកន្លែងមួយចំនួនហើយ ដើម្បីឲ្យមានភស្តុតាងគ្រប់គ្រាន់ ក្នុងការអនុវត្ត នីតិវិធីរដ្ឋបាល យើងត្រូវមានការចូលរួមពីប្រជាពលរដ្ឋ។ ជាពិសេសអតិថិជនដែលទៅជាវម៉ាស់នៅកន្លែងគាត់ហ្នឹង។ យើងបានណែនាំពួកគាត់ជាលើកទី២ហើយ បើមានអតិថិជនប្តឹងពីអាជីកម្មពួកគាត់ទៀត យើងនឹងចាត់វិធានការតាមច្បាប់ ដោយឈានដល់ការបិទអាជីវកម្មគាត់ផ្ទាល់តែម្តង»៕

Tag:
 កូវីដ-១៩
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com