ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​អ្វីខ្លះ​អាច​បំផ្លាញ​ស្នាមញញឹម​ដ៏​ស្រស់ស្អាត​របស់​អ្នក​?
12, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រឹមតែ​ការ​ដុស​សម្អាត​ធ្មេញ ២ ដង​ក្នុង​មួយថ្ងៃ​និង​ទៅ​ជួប​ពេទ្យធ្មេញ ២ ដង​ក្នុង​មួយឆ្នាំ គឺ​មិន​គ្រប់គ្រាន់​ឡើយ​ដើម្បី​រក្សាបាន​នូវ​សុខភាព​មាត់​ធ្មេញ​ល្អប្រសើរ​ស្នាម​ញ​ញឹក​ស្រស់ស្អាត​។ នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​អាហារ​គ្រប់​ប្រភេទ​តាមចិត្ត​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​សុខភាព​មាត់​ធ្មេញ​! ថា​តើ​អាហារ​អ្វីខ្លះ​អាច​បំផ្លាញ​ស្នាមញញឹម​របស់​អ្នក​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង ឬ​កុំ​ទទួលទាន​ច្រើនពេក​ដើម្បី​គេចផុត​ពី​ហានិភ័យ​នៃ​បញ្ហា​សុខភាព​មាត់​ធ្មេញ ៖
 
១. ស្ករ​គ្រាប់​រឹង​
 
​មូលហេតុ​នោះ គឺ​ស្ករ​គ្រាប់​ភាគច្រើន​មាន​រសជាតិ​ផ្អែម​ណាស់​ដោយមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដែល​បង្កើន​ការលូតលាស់​នៃ​បាក់តេរី​និង​កំណកកំបោរ​បង្ក​ជា​បញ្ហា​មាត់​ធ្មេញ​គួរឱ្យ​បារម្ភ​ពិសេស​ប្រសិនបើ​អ្នកមាន​អនាម័យ​មាត់​ធ្មេញ​មិនល្អ ហើយ​មិន​ព្រមទៅ​ជួប​ពេទ្យធ្មេញ​ទៀងទាត់​។ លើសពីនេះទៅទៀត​ធ្មេញ​ក៏​ងាយ​នឹងមាន​បញ្ហា​ប្រេះ ឬ​បែក​នៅពេល​ខាំ​អ្វីដែល​រឹង​។​

២. ដុំ​ទឹក​ក​
 
​ការ​ទំពារ​ទឹកកក​ក៏​មិនល្អ​សម្រាប់​សុខភាព​មាត់​ធ្មេញ​ផងដែរ​! នេះ​ក៏​ព្រោះតែ​ដុំ​ទឹកកក​មាន​សភា​ពរឹង​ដែល​មិនល្អ​សម្រាប់​ធ្មេញ​ឡើយ​។ អ្នក​អាច​ជំនួស​ការ​ទំពា​រស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​ជំនួស​ដុំ​ទឹក​ក​ទើប​ប្រសើរ​។​

៣. ផ្លែឈើ​មាន​រសជាតិ​ជូរ​
 
​ទោះបីជា​ផ្លែឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​និង​ល្អ​សម្រាប់​សុខភាព​អញ្ចាញ​ក៏ពិតមែន ប៉ុន្តែ​ការទទួល​ទាន​ច្រើនពេក​អាច​បណ្ដាលឱ្យ​ស្នាមញញឹម​របស់​អ្នក​ត្រូវបាន​បំផ្លាញ​។ ក្រៅពី​ជះឥទ្ធិពល​លើ​កាចា​ធ្មេញ​ហើយ​នោះ​ជាតិ​អាស៊ីត​ដែល​ផ្លែឈើ​រសជាតិ​ជូរ​មាន​ផ្ទុក​អាច​បង្កើតជា​បរិយាកាស​ល្អ​មួយ​សម្រាប់​ពពួក​បាក់តេរី​លូតលាស់​។ នេះ​មិនមែន​មានន័យថា​អ្នក​ត្រូវ​ឈប់​ញ៉ាំ​ផ្លែឈើ​រសជាតិ​ជូរ​ដទៃទៀត​តែម្ដង​ឡើយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ក្នុង​កម្រិត​មធ្យម ហើយ​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ក្រោយពេល​ទទួលទាន​ដើម្បី​កម្ចាត់​ជាតិ​អាស៊ីត​។​
 
៤. ផ្លែឈើ​ក្រៀម​
 
​ផ្លែឈើ​ប្រភេទ​នេះ​អាច​ជាប់​ស្អិត​នឹង​ផ្ទៃ​ធ្មេញ​រយៈពេល​យូរ​។ ហើយ​ការដែល​អ្នក​ធ្វេសប្រហែស​មិនបាន​ដុស​សម្អាត​ធ្មេញ​ក្រោយ​ទទួលទាន​រួច​នោះ​ហានិភ័យ​នៃ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ គឺ​ងាយ​នឹង​កើតឡើង​ណាស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ក្រៅពី​កម្រិត​ការទទួល​ទាន​ហើយ​នោះ អ្នក​ក៏​គួរ​កុំ​ភ្លេច​ដុស​សម្អាត​ធ្មេញ​ចេញ​ផងដែរ​។​
 
៥. អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​

​ជាតិ​ស្ករ​អាច​បង្កើន​ការលូតលាស់​នៃ​បាក់តេរី​និង​កំណកកំបោរ​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​អញ្ចាញធ្មេញ​និង​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​! ហានិភ័យ​នៃ​បញ្ហា​សុខភាព​មាត់​ធ្មេញ​នឹង​កាន់តែ​កើនឡើង​ខ្ពស់​ថែមទៀត​ប្រសិនបើ​អ្នកមាន​អនាម័យ​មាត់​ធ្មេញ​មិនល្អ ហើយ​មិន​ព្រមទៅ​ជួប​ពេទ្យធ្មេញ​ទៀងទាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com