ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អត្ថប្រយោជន៍​អស្ចារ្យ​នៃ “​ទឹកឃ្មុំ​លាយ​ប្រេងដូង​” និង​របៀប​ប្រើប្រាស់​
13, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​និង​សុខភាព​តាមបែប​ធម្មជាតិ​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ប្រេងដូង​លាយ​ទឹកឃ្មុំ​ជាការ​រួមផ្សំ​អស្ចារ្យ​បំផុត​មួយ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍ រួមទាំង​របៀប​នៃ​ការប្រើប្រាស់​ទឹកឃ្មុំ​លាយ​ប្រេងដូង ៖
 
​អត្ថប្រយោជន៍​

•​ ​ទឹកឃ្មុំ​
 
​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​មេរោគ​បាក់តេរី ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols​។ វា​ក៏មាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​ក្អក​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​ទឹកឃ្មុំ​សរីរាង្គ​មកប្រើប្រាស់​។​
 
•​ ​ប្រេងដូង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​អាស៊ីត Lauric ដែល​ជួយ​ប្រយុទ្ធប្រឆាំង​បាក់តេរី​និង​ពពួក​វីរុស ហើយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។ ចូរ​ជ្រើសរើស​ប្រេងដូង​ធម្មជាតិ​សុទ្ធ​យកមកប្រើ​ប្រាស់​។​

​របៀប​ប្រើប្រាស់​ប្រេងដូង​និង​ទឹកឃ្មុំ​

១. សម្រាប់​ផ្ដល់​សំណើម​និង​ជួសជុល​ស្បែក​
 
​លាយ​ប្រេងដូង​និង​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា ហើយ​បន្ថែម​ចូលក្នុង​ទឹក​អាង​របស់​អ្នក​មុននឹង​ចូល​ត្រាំ​។ ការធ្វើ​បែបនេះ​អាចជួយ​ផ្ដល់​ក៏​ដូច​រក្សា​សំណើម​ដល់​ស្បែក​និង​ជួសជុល​កោសិកា​ស្បែក​ដែល​ខូចខាត​ឱ្យ​ប្រសើរ​ឡើងវិញ​ផងដែរ​។​
 
២. សម្រាប់​បំបាត់​អាកា​រៈ​ក្អក​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ទឹក​ក្រូចឆ្មារ​ស្រស់ ៣ ស្លាបព្រា​បាយ​ជាមួយ​ប្រេងដូង ២ ស្លាបព្រា​បាយ​និង​ទឹកឃ្មុំ ៤ ស្លាបព្រាយ​បាយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​លាយ​ទឹកឃ្មុំ​ជាមួយ​ក្រូចឆ្មារ​។ បន្ថែម​មក​កម្ដៅ​ប្រេងដូង​ក្នុង​ឆ្នាំង​ដោយ​ប្រើ​កម្ដៅ​ទាប ឬ​ភ្លើង​តិច​។ បន្ថែម​ល្បាយ​ទឹកឃ្មុំ​និង​ក្រូច​ឆា្ម​រ​ចូល ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ បន្ទាប់​មកចាក់​ស៊ី​រ៉ូ​ក្អក​នេះ​ដាក់​ចូលក្នុង​ក្រឡ​កែវ​មាន​គ្រប​បិត​ជិត​។ នៅពេល​ក្អក​ចូរ​បន្ថែម​ស៊ី​រ៉ូ​នេះ​ចំនួន​ពី ១ ទៅ ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ឬ​តែ រួច​កូរ​ឱ្យ​សព្វ​ហើយ​ទទួលទាន​ជាការ​ស្រេច​។​
 
៣. សម្រាប់​ប្រើ​ជា​ម៉ាស​ផ្ដល់​សំណើម​

​សម្រាប់​ស្បែ​កមុខ​អ្នក​លាយ​ប្រេងដូង​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ចូលគ្នា​ឱ្យ​សព្វ​។ លាង​សម្អាត​មុខ​ឱ្យ​ស្អាត​សិន សឹម​លាប​ល្បាយ​នេះ​លើ​ផ្ទៃមុខ​ដោយ​ប្រើ​ម្រាមដៃ​ម៉ាស្សា​ថ្នម​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ២​ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com