COVID-19
អន្តរជាតិ
តារាភាពយន្ត​អាមេរិក​ដ៏​ល្បី Tom Hanks និង Rita Wilson ឆ្លង COVID-19 នៅ​អូស្ត្រាលី​
12, Mar 2020 , 10:49 am        
រូបភាព
លោក Tom Hanks និងភរិយា Rita Wilson ឆ្លង COVID-19 នៅអូស្ត្រាលី។ រូបថត AFP
លោក Tom Hanks និងភរិយា Rita Wilson ឆ្លង COVID-19 នៅអូស្ត្រាលី។ រូបថត AFP
ដោយ: រួបរួម
​លោក Tom Hanks និង​ភរិយា Rita Wilson បានប្រកាសថា មាន​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ តារាភាពយន្ត​ដ៏​ល្បីល្បាញ​របស់​អាមេរិក ដែលមាន​វ័យ​៦៣​ឆ្នាំ​ទាំងពីរ​នាក់​នេះ បាន​ឆ្លង​មេរោគ​រាតត្បាត​នេះ នៅ​អូស្ត្រាលី​។​

 
«​សួស្តី​អ្នក​ទាំងអស់គ្នា​។ Rita និង​ខ្ញុំ ស្ថិតនៅ​អូស្ត្រាលី​។ យើង​មាន​អារម្មណ៍​អស់កម្លាំង រងារ និង​ឈឺ​រាងកាយ […] ដើម្បី​ឲ្យ​ច្បាស់ ដូច​តម្រូវការ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ ពួកយើង​បានធ្វើ​តេស្តរ​កកូ​រ៉ូ​ណាវី​រុស ហើយ​លទ្ធផល​បង្ហាញថា វិជ្ជមាន​»​។ នេះ​ជាការ​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក Tom Hanks កាលពី​ថ្ងៃ​ពុធ ទី​១១ ខែមីនា​។​
 
​លោក Tom Hanks ជាតា​រា និង​ជា​ផលិតករ​ភាពយន្ត​អាមេរិក តាំងពី​ឆ្នាំ​១៩៧៧​មក ហើយ​បាន​រៀបការ​ជាមួយ​អ្នកស្រី Rita Wilson ដែលជា​តារា​សំដែង និង​ជា​អ្នកចម្រៀង តាំងពី​ឆ្នាំ​១៩៨៨​។ ស្វាមីភរិយា​នេះ បាន​ទៅ​អូស្ត្រាលី ពាក់​នឹង​ការងារ​ថត​ភាពយន្ត​មួយ​ពី​ជីវិត Elvis Presley ដោយ​លោក Hanks ដើរតួ​ជា​មេបញ្ជាការ Tom Parker​។​
 
​លោក Hanks ដែលជា​ម្ចាស់​ពាន​អូ​ស្ការ ផងដែរ​នោះ បាន​អះអាងថា លោក​និង​ភរិយា បន្ត​ស្ថិតក្រោម​ការតាមដាន និង​នៅ​ដាច់ដោយឡែក ទៅតាម​គោលការណ៍​សុខាភិបាល​។ ក្រោយ​ករណីនេះ ភាពយន្ត​ដែល​លោក Hanks ត្រូវ​ថត ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។​
 
​នៅ​អូស្ត្រាលី ក្រៅពី​តារាភាពយន្ត​ដ៏​ល្បីល្បាញ​របស់​អាមេរិក​មួ​យ​គូ​នេះ សិល្បករ​ដែល​លេចធ្លោរ​មួយរូប​ទៀត​ដែល​បាន​ឆ្លង COVID-19 នោះ គឺ​លោក Brett Dean តន្ត្រីករ​វី​យ៉ូ​ឡុង​។ លោក Dean សិល្បករ​សហ​សម័យ ដែល​ទទួលបាន​ពានរង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះ បាន​ឆ្លង COVID-19 កាលពី​ថ្ងៃទី​៥ ខែមីនា ហើយ​បច្ចុប្បន្ន​ស្នាក់​មន្ទីរពេទ្យក្រុង Adelaide​។​
 
​អូស្ត្រាលី ទើប​តេស្ត​ឃើញ​វិជ្ជមាន COVID-19 ចំនួន​២៣​ករណី​បន្ថែមទៀត​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៣៩ ក្នុងនោះ ស្លាប់​៣​នាក់ និង​សះស្បើយ​ចំនួន​២៤​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com