COVID-19
អន្តរជាតិ
ប្រមុខ WHO ប្រកាស​ចាត់ទុក COVID-19 ជា​«​ជំងឺ​រាតត្បាត​សាកល​» (Pandemic)
12, Mar 2020 , 10:11 am        
រូបភាព
(ស្តាំ) ប្រមុខអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus និង លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់អង្គការ WHO (AFP)
(ស្តាំ) ប្រមុខអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus និង លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់អង្គការ WHO (AFP)
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​ចាត់ថ្នាក់ជំងឺរលាកសួតបង្កដោយ​កូ​រ៉ូ​ណា​វីរុស​ថ្មី ដែលមាន​ឈ្មោះ​ផ្លូវការ​ថា «COVID-19» ជា «​ជំងឺ​រាតត្បាត​សាកល (Pandemic)» នៅ​ថ្ងៃ​ពុធ ទី១១ ខែមីនា​។ នេះ​ជា​លើកដំបូង​ដែល​អង្គការ​អន្តរជាតិ​មួយ​សម្រេចចិត្ត​ធ្វើបែបនេះ ចាប់តាំងពី​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ​បាន​ផ្ទុះឡើង​ក្នុងប្រទេស​ចិន​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​មក​។ ម្យ៉ាងទៀត WHO ក៏បាន​ព្រមាន​ទៀតថា ប្រទេស​អ៊ីតាលី និង​អ៊ីរ៉ង់ កំពុង​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​នេះ ហើយ​បណ្ដា​ប្រទេស​ផ្សេងទៀត ឆាប់ៗ​ខាងមុខ នឹងចូលរួម​ជាមួយ​ពួកគេ ប្រសិនបើ​គ្មាន​ការត្រៀម​លក្ខណៈ​បង្ការ​ជំងឺ​ត្រឹមត្រូវ​ទេនោះ​។

 
​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយនា​ក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា​៖«​យើង​មាន​កង្វល់​យ៉ាង​ធំធេង​ចំពោះ​កម្រិត​ប្រកាសអាសន្ន​នៃ​ការរីក​រាលដាល និង​ភាព​ធ្ងន់ធ្ងរ (​របស់​ជំងឺ COVID-19) ព្រមទាំង​កម្រិត​ប្រកាសអាសន្ន​នៃ​ភាព​អសកម្ម (​របស់​អាជ្ញាធរ​)»​។ ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា ដូច្នេះហើយ អង្គការ WHO បាន​វាយតម្លៃថា ជំងឺ COVID-19 អាច​ត្រូវ​ចាត់ថ្នាក់​ជា «​ជំងឺ​រាតត្បាត​សាកល (Pandemic)»​។ 
 
«​ជំងឺ​រាតត្បាត​សាកល (Pandemic) ពុំមែន​ជា​ពាក្យ​មួយ​ដែល​ប្រើ​ដោយ​ងាយៗ ឬ​ធ្វេសប្រហែស​ឡើយ​»​។ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក លើកឡើង​បែបនេះ ដោយ​បន្ថែមថា ប្រសិនបើ​ប្រើពាក្យ​នេះ​ខុស​គោលដៅ​នោះ វា​អាច​បង្ក​ហានិភ័យ​ធំធេង​ដល់​ពិភពលោក ដូចជា ការភ័យខ្លាច និង​ករណី​ស្លាប់​កាន់តែច្រើន​ជាដើម​។ 
 
​ទោះបីជា​ចាត់ទុក​ស្ថានការណ៍ COVID-19 ជា​ជំងឺ​រាតត្បាត​សាកល​មែនពិត លោក Tedros អះអាងថា វា​ពុំ​ផ្លាស់ប្តូរ​ការវាយតម្លៃរ​បស់ WHO លើ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​វីរុស​នេះឡើយ​។ ទន្ទឹមនេះ លោក បន្ថែមទៀតថា ការប្រកាស​ចាត់ទុក​បែ​ប​នេះ ក៏​មិន​ផ្លាស់ប្តូរ​អ្វីដែល WHO កំពុង​ធ្វើ ហើយក៏​មិន​ផ្លាស់ប្តូរ​អ្វីដែល​ប្រទេស​នានា​គប្បី​ធ្វើ​ផងដែរ​។ 
 
​ទាក់ទិន​នឹង​ចំណុច​នេះ លោក​អគ្គនាយក Tedros បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើន​កិច្ចប្រឹងប្រែង​ទ្វេដង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ COVID-19​។ លោក​សង្កត់ធ្ងន់ថា​៖«​ចំណាត់ការ​ដែលមាន​ល​ក្ខ​ណៈ​ចាប់បង្ខំ​នានា អាច​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ប្រឆាំង​ជំងឺ​នេះ​»​។
 
«​នេះ​គឺជា​ជំងឺ​រាតត្បាត​ជា​សាកល​លើកដំបូង​បង្អស់​ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​»​។  លោក Tedros អះអាង​បែបនេះ ដោយ​បន្ថែមថា ទោះជា​បែបនេះ​ក្តី ប្រទេស​ទាំងអស់ នៅតែ​អាច​ផ្លាស់ប្តូរ​វា​បាន​។ ត្រង់នេះ លោក​សង្កត់ធ្ងន់ថា​៖ «​នេះ​គឺជា​ជំងឺ​រាតត្បាត​សាកល​ទីមួយ​ដែល​អាច​គ្រប់គ្រង​បាន​»​។ 
 
​ប្រមុខ​ដឹកនាំ​អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​កត់សម្គាល់​ពី​បញ្ហា​ប្រឈម​ដែល​ប្រទេស​មួយចំនួន​ជួបប្រទះ​ផងដែរ ខណៈ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 ។ លោក គូសបញ្ជាក់​បែបនេះ​៖«​ប្រទេស​ខ្លះ កំពុងមាន​ការលំបាក​ជាមួយនឹង​ការខ្វះ​សមត្ថភាព​, ហើយ​ប្រទេស​ខ្លះ គឺ​ខ្វះខាត​ធនធាន ហើយ​ខ្លះទៀត ខ្វះ​វិធានការ​ដោះស្រាយ​»​។ 
 
​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល​នេះ លោក Mike Ryan ប្រធាន​កម្មវិធី​អាសន្ន​របស់​អង្គការ WHO បាន​លើកឡើងថា ស្ថានភាព​នៃ COVID-19 ក្នុងប្រទេស អ៊ីរ៉ង់ គឺមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ទីភ្នាក់ងារ​លោក​ចង់​មើលឃើញ​ការតាមដាន​បន្ថែមទៀត ព្រមទាំង​ការថែទាំ​ដិតដល់​បន្ថែម​សម្រាប់​អ្នកជំងឺ​ផងដែរ​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង​ត្រូវការ​ចាត់វិធានការ​ចាំបាច់​ឥឡូវនេះ​។ អ៊ីតាលី និង​អ៊ីរ៉ង់ កំពុង​រងគ្រោះ​ខ្លាំង​បំផុត ក៏ប៉ុន្តែ​ខ្ញុំ​ធានាថា ប្រទេស​ផ្សេងទៀត នឹង​ធ្លាក់ចូល​ក្នុងស្ថានភាព​បែ​ប​នេះ​ឆាប់ៗ​ខាងមុខនេះ បើ​គ្មាន​ចំណាត់​ការបង្ការ​ត្រឹមត្រូវ​ទេនោះ​»​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ពុធ ទី​១១ ខែមីនា វា​មាន​ករណី​ឆ្លង COVID-19 ចំនួន ១១៨ ០០០​ករណី​ហើយ ក្នុងប្រទេស​ចំនួន ១១៤ ហើយ មនុស្ស ៤២៩១​នាក់​បាន​បាត់​បង់ជីវិត​។ មនុស្ស​រាប់ម៉ឺន​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ បើតាម​ការកត់សម្គាល់​របស់​ប្រមុខ WHO តួលេខ​ឆ្លង COVID-19 នៅក្រៅ​ប្រទេស​ចិន​ជាប្រចាំ​ថ្ងៃ បាន​ឡើង​ហួស​ប្រទេស​ដែលជា​ចំណុច​ផ្ដើម​នៃ​ជំំ​ងឺ​នេះ​ទៅទៀត​៕

Tag:
 ស្វី​ស​
  WHO
  អង្គការ​សុខភាព​ពិភពលោក​
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com