និស្សិត​៖ រវាង​ការងារ​រដ្ឋ ឯកជន និង​អង្គការ​, តើ​សម្រេច​ជ្រើស​មួយណា​កុំ​ឲ្យ​ខកចិត្ត​?
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
និស្សិត​៖ រវាង​ការងារ​រដ្ឋ ឯកជន និង​អង្គការ​, តើ​សម្រេច​ជ្រើស​មួយណា​កុំ​ឲ្យ​ខកចិត្ត​?
20, Sep 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ពេល​ចប់​ពី​មហាវិទ្យាល័យ​ភ្លាម និស្សិត​ភាគច្រើន​ពិបាក​សម្រេចចិត្តថា តើ​ពួកគេ​ត្រូវ​ចូលរួម​ប្រឡង​ដើម្បី​ក្លាយខ្លួន​ទៅជា​មន្ត្រីរាជការ​របស់​រដ្ឋ  ឬក៏​ត្រូវ​សម្រេចចិត្ត​ធ្វើ​ការអោយ​វិស័យ​ឯកជន ឬក៏​ត្រូវ​ជ្រើសរើស​ការងារ​នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល​? តើ​អ្វី​ទៅជា​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វិស័យ​នីមួយៗ​?


 
​ក្នុង​មួយឆ្នាំៗ និស្សិត​ច្រើន​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​បានបញ្ចប់​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ និស្សិត​មួយចំនួន​គ្មាន​ការងារ​ធ្វើ​(​ដើរ​ទាត់​ខ្យល់​)​។ និស្សិត​មួយចំនួន​ប្រឡង​ចូលក្នុង​ស្ថាប័នរដ្ឋ រីឯ​និស្សិត​មួយចំនួន​ផ្សេងទៀត ទទួលបាន​ការងារ​ធ្វើ​នៅក្នុង​វិស័យ​ឯកជន ឬ​នៅតាម​អង្គការក្រៅរដ្ឋាភិបាល​នានា​។ 
 
​តើ​មូល​ហេតុអ្វី​បាន​ជាមាន​និស្សិត​ចង់​ប្រឡង​យក​ប៉ុស្តិ៍​នៅក្នុង​ស្ថាប័នរដ្ឋ​? ហើយ​ថា តើ​មូល​ហេតុអ្វី​បាន​ជាមាន​និស្សិត​ខ្លះទៀត ចង់​ធ្វើការ​នៅក្នុង​ស្ថាប័នឯកជន ឬក៏​នៅតាម​អង្គការ​នានា​?  
 
​មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​ទីមួយ គេ​គួរ​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​បន្តិច​ជាមុនសិន​។ កាលពី​សង្គមចាស់ (​ក្នុង​ទសវត្សរ៍​ឆ្នាំ​៥០ ឬ​៦០) អ្នកធ្វើការងារ​ជា​រាជការ​ម្នាក់ អាច​ចិញ្ចឹម​មនុស្ស​បាន​ស្ទើរ​មួយ​គ្រួសារ ពីព្រោះ​ប្រាក់ខែ​កាលណោះ មាន​ចំនួន​ច្រើន​គួរសម​ដែល​អាច​ទ្រទ្រង់​ជីវិត គ្រួសារ បាន​ដោយ​គ្មាន​បញ្ហា បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។​
 
​ម្យ៉ាងវិញទៀត នៅពេលនោះ ការងារ​ជា​រាជការ​រដ្ឋ​អនុញ្ញាតអោយ​ពួកគេ មានមុខ​មាន​មាត់ នៅក្នុង​សង្គម​។ អ្នកផង​ទាំងពួង​អោយ​តម្លៃ​លើ​មន្ត្រីរាជការ​។ បើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង មន្ត្រីរាជការ កាលពី​សង្គមចាស់ និង​ពេល​បច្ចុប្បន្ននេះ មាន​លក្ខណៈ​ខុសគ្នា​។ ខុសគ្នា​នៅត្រង់ថា កាលណោះ មន្ត្រីរាជការ​រដ្ឋ​ទទួលបាន​ប្រាក់ខែ​ច្រើន រីឯ​នាពេល​បច្ចុប្បន្ននេះ មន្ត្រីរាជការ​មិន​ទទួលបាន​ប្រាក់ខែ​ច្រើន​ដូច​កាលពី​សង្គមចាស់​ឡើយ បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។ ចុះ​ហេតុអ្វី​បានជា​អ្នកស្វែងរក​ការងារ​ធ្វើ​នៅតែ​ចង់​ក្លាយខ្លួន​ទៅជា​មន្ត្រីរាជការ​ដដែល​នោះ​?
 
​មាន​ហេតុផល​ជាច្រើន​ដែល​ជំ​រុញអោយ​បុគ្គល​មួយចំនួន​នៅតែ​ចង់​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅ​សម័យ​បច្ចុប្បន្ននេះ បើទោះបីជា​ប្រាក់បៀវត្សរ៍​ទំនងជា​នៅមានកម្រិត​ទាប​ក៏ដោយ​ក្តី​។​
 
​មូលហេតុ​ទី​១ គឺ​ដោយសារ​រូប​ភាពល្អ​បន្សល់ទុក​ពី​សង្គមចាស់​ដែល​បាន​បន្ត​ដក់​ជាប់​នៅក្នុង​បេះដូង​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ជាពិសេស ទាក់ទង​ទៅនឹង​ចំណុច​ប្រាក់ខែ​ខ្ពស់​នេះឯង​។ មូលហេតុ​ទី​២ គឺ​ដោយសារ​ការងារ​នៅក្នុង​វិស័យ​ឯកជន​ជាការ​ងារ​ដែល​គេ​យល់ថា មាន​សម្ពាធ​ខ្លាំង​។ ទី​៣ គឺ​ដោយសារ​ការងារ​ជា​មន្ត្រីរាជការ​អាច​អនុញ្ញាតអោយ​ពួកគេ​ក្លាយខ្លួនជា អ្នកមាន​បុណ្យស័ក្តិ មាន​កិត្តិយស​នៅក្នុង​សង្គម និង​ចំណុច​ទី​៤ គឺ​ដោយសារ​ការងារ​រដ្ឋ​អាច​ការពារ​ពួកគេ​ពី​ការរំលោភបំពាន​នានា​។ នៅក្នុង​ផ្នត់គំនិត​បុគ្គល​មួយចំនួន ការងារ​រដ្ឋ​ជា​ការងារ​មានអំណាច ហើយ​ពេលខ្លះ វា​អាច​«​ការពារ​»​អាជីវកម្ម​របស់​ពួកគេ​បាន​។ អ៊ីចឹង​ហើយ​បានជា​មន្ត្រី​មួយចំនួន យកតែ​ឈ្មោះ​ធ្វើជា​មន្ត្រីរាជការ ប៉ុន្តែ​ពេលវេលា​មួយចំនួន​ណាមួយ​នោះ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​បម្រើការ​ផលប្រយោជន៍​ឯកជន​ទៅវិញ​។ មន្ត្រី​ខ្លះ​គ្រាន់តែ​ទៅ​ផ្តិតមេដៃ​រួចហើយ​ក៏​ចេញពី​ការិយាល័យ​វិញ​ក៏មានដែរ​(​មិនមែន​ទាំងអស់​ទេ​)​។​
 
​ចំណុច​មួយទៀត​ដែល​គួរអោយកត់សម្គាល់​ដែរនោះ គឺ​យុវជន​ដែលជា​កូនចៅ​របស់​មន្ត្រី និង​អ្នកជំនួញ​មួយចំនួន​បាននាំគ្នា​សម្រុកចូល​ធ្វើការ​នៅក្នុង​ស្ថាប័នរដ្ឋ​ដែរ បើទោះបីជា​ពួកគេ​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​ក៏ដោយ​។ មូលហេតុ ព្រោះ ពួកគេ​មាន​ទំនាក់ទំនង និង​មានទ្រព្យ​សម្បត្តិ​រួចស្រេច​ទៅហើយ ដូច្នេះ ពួកគេ​មិន​ខ្វល់ខ្វាយ​នឹង​ប្រាក់ចំណូល​ពី​រដ្ឋ​ទេ​។ ពួកគេ​សន្សំ​ក្រេ​ឌី​ដ នៅក្នុង​ការងារ​រដ្ឋ​ដើម្បី​ឈានទៅ​ឈោង​«​ចាប់យក​អំណាច​»​នៅពេល​ណាមួយ​ដែល​ឱកាស​អំណោយផល​ដល់​ពួកគេ​។ គុណសម្បត្តិ​មាន​ច្រើន​សម្រាប់​ការងារ​ជា​មន្ត្រី​រដ្ឋ​។ រីឯ គុណវិបត្តិ​នៃ​ការងារ​រដ្ឋ​វិញ គឺ​ប្រាក់ខែ​ទាប​បើ​ប្រៀបធៀប​ទៅនឹង​វិស័យ​ឯកជន ឬ​ការងារ​នៅក្នុង​ស្ថាប័ន​អង្គការ​។ 
 
​ងាក​មក​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​សួរថា តើ​ហេតុអ្វី​បានជា​បុគ្គល​(​និស្សិត​)​មួយចំនួន​ចង់​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន​?
 
​ចំពោះ​សំណួរ​នេះ វា​មិន​ពិបាក​ឆ្លើយ​ទេ​។ មូលហេតុ​ដែល​ពួកគេ​ចង់​ប្រឡូក​ក្នុង​វិស័យ​ឯកជន​នោះ គឺ​៖ ទី​១ ពួកគេ​ចង់​ទទួលបាន​ប្រាក់ខែ​សមរម្យ​ដែល​អាចរ​ស់បាន​ប្រសើរ​ជាង ប្រាក់ខែ​រដ្ឋ​។ ទី​២ គឺ​ដោយសារ​អ្នកខ្លះ​ចង់​មានកម្ម​សិទ្ធិ​ខ្លួនឯង​ទុកជា​កេរដំណែល​ត​ពូ​ជត​ពង្ស និង ទី​៣ អ្នកខ្លះ​ចង់​ក្លាយខ្លួន​ទៅជា​ពាណិជ្ជករ​ធំ​នៅក្នុង​សង្គម​ដែល​គេ​ទទួលស្គាល់​ជា​សាធារណៈ​។ តែ​នៅពេលដែល​ពួកគេ ចំណាយពេល​ច្រើន​នៅក្នុង​វិស័យ​ឯកជន​ហើយ ដូច្នេះ ឱកាស​នៃ​ការ​ក្លាយខ្លួន​ទៅជា​មន្ត្រីជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​ក៏​រឹតតែ​រួម​តូច​ទៅៗ​។ គុណវិបត្តិ​នៃ​ការងារ​នៅក្នុង​វិស័យ​ឯកជន ត្រូវបាន​អ្នកខ្លះ​ពិពណ៌នា​ថា គឺជា​ការងារ​រង​សម្ពាធ និង​គ្មាន​សិ្ថ​រ​ភាព​យូរអង្វែង​។ 

​ចុះ​តើ​ហេតុអ្វី​បានជា​គេ​ចង់​ចាប់យក​ការងារ​ក្នុង​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​? 
 
​ការងារ​នៅក្នុង​អង្គការ មិន​ថា អង្គរការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ ឬ​ជាតិ​ទេ ច្រើនតែ​ជាការ​ងារ​បម្រើ​សង្គម​។ អ្នក​ស្រឡាញ់​សកម្មភាព​មនុស្សធម៌​ទើប​អាចធ្វើ​កិច្ចការ​នេះ​បានយូរ​។ ម្យ៉ាងទៀត ការងារ​នៅក្នុង​អង្គការ គឺជា​ការងារ​មួយ​ដែល​មិនសូវមាន​សម្ពាធ​ក្នុង​ផ្នែក​ប្រតិបត្តិការ​រកប្រាក់​ចំណូល​ដូចជា​ការងារ​នៅក្នុង​វិស័យ​ឯកជន​។ ការងារ​នៅក្នុង​ស្ថាប័ន​អង្គការ គឺ ជា​ការងារ​មិនសូវ​ប្រជែង​គ្នា​ខ្លាំង​(​ភាគី​ខាងក្រៅ​) ចង្វាក់​ការងារ​មិនសូវ​មមាញឹក​ខ្លាំង ដូច​ការងារ​នៅតាម​ក្រុមហ៊ុន​ទេ​។ វា​ជា​ការងារ​ធ្វើតាម​គម្រោង តាម​ថវិកា​ដែល​ម្ចាស់​គម្រោង​ផ្តល់​ឲ្យ​។

គុណវិបត្តិ​នៃ​ការងារ​អង្គការ គឺថា ក្រោយ​គម្រោង​ត្រូវបាន​បញ្ចប់ បុគ្គលិក​អង្គការ​ពិបាក​ចាប់ផ្តើម​អាជីព​ក្នុង​វិស័យ​ឯកជន ឬ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ណាស់ ព្រោះ របៀប​ធ្វើការ​នៅក្នុង​អង្គការ​ខុសពី​វិស័យ​ឯកជន​ដាច់ស្រឡះ​។ វិស័យ​ឯកជន គឺជា​សកម្មភាព​រកប្រាក់​ចំណេញ រីឯ​អង្គការ គឺជា​ស្ថាប័ន​មិន​រកប្រាក់​ចំណេញ​ទេ​។ ស្ថាប័នរដ្ឋ និង​អង្គការ​មាន​សកម្មភាព​ប្រហាក់ប្រហែល​គ្នាច្រើន តែ​ផ្ទុយ​គ្នាច្រើន​ពី​វិស័យ​ឯកជន​។ បើ​និយាយ​ជារួម ប្រាក់ចំណូល​ពី​ស្ថាប័ន​អង្គការ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ច្រើនជាង​ប្រាក់ខែ​របស់​រដ្ឋ​។ 
 
 សរុបសេចក្តី​មកវិញ ការងារ​នៅក្នុង​វិស័យ​រដ្ឋ ឬ​វិស័យ​ឯកជន ឬ​អង្គការ​សុទ្ធតែ​ផ្តល់​គុណសម្បត្តិ និង​គុណវិបត្តិ​ខ្លះ​សម្រាប់​បុគ្គល​ម្នាក់ៗ​មែន​។ ប៉ុន្តែ​ប្រសិនបើ​គេ​និយាយ​ពី​ផលប្រយោជន៍​សម្រាប់​ជាតិ​វិញ ការងារ​ទាំងបី​ប្រភេទ​នេះ​សុទ្ធតែ​រួមចំណែក​រុញច្រាន​កំណើនសេដ្ឋកិច្ច​ជាតិ​ដូច​តែ​គ្នា​។ តែ​អ្វីដែល​និស្សិត​ត្រូវ​ចងចាំ​នៅក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា គឺថា ប្រសិនបើ​លោកអ្នក​ចង់​ក្លាយខ្លួន​ទៅជា​«​អ្នកមាន​»​លឿន ចូរ​កុំ​ចាប់យក​ការងារ​រដ្ឋ ឬ​ការងារ​អង្គការ​ឲ្យ​សោះ ព្រោះ​វា​ជាការ​ងារ​បម្រើ​រាស្ត្រ វា​ជា​ការងារ​ជួយ​សហគមន៍​។ បើ​ចង់​មាន​លឿន ចូរ​អ្នក​ទៅធ្វើ​ជំនួញ​ទៅ​!៕  

Tag:
 ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com