កម្ពុជា​តេស្តឃើញជនជាតិអង់គ្លេស​ប្តី-ប្រពន្ធពីរនាក់ទៀត​ឆ្លង COVID-19 លើ​នាវា​ Viking Cruise
COVID-19
ជាតិ
កម្ពុជា​តេស្តឃើញជនជាតិអង់គ្លេស​ប្តី-ប្រពន្ធពីរនាក់ទៀត​ឆ្លង COVID-19 លើ​នាវា​ Viking Cruise
12, Mar 2020 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា នេះ ក្រសួង​សុខាភិបាលកម្ពុជា បាន​ប្រកាសពីការ​រកឃើញ​អ្នកជន​ជាតិអង់គ្លេស​ពីរនាក់ទៀត ដែលឆ្លង COVID-19 លើនាវាទេសចរណ៍ Viking Cruise Journey ពីហូជីមិញ ប្រទេសវៀតណាម ដែល​សំចតនៅ​កំពង់ចាម។ អ្នកជំងឺទាំងពីរនាក់នោះ ជាប្តីប្រពន្ធ ដែលមានអាយុ​៧៣ឆ្នាំ និង​៦៩​ឆ្នាំ។



អ្នកជំងឺទាំងពីរ​ស្ថិត​ក្នុង​ចំណោមអ្នក​ដំណើរ​ដែលនៅ​សេសសល់​លើ​នាវា Viking Cruise Journey ចំនួន​៥៩នាក់ ហើយ​សំណាក​ត្រូវបាន​វិភាគ​ដោយ​វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា នៅយប់​ថ្ងៃទី​១១ ខែ​មីនា។

ជារួម អ្នកដំណើរ​អង់គ្លេស នៅលើនាវា មាន​៣នាក់ហើយ បន្ទាប់ពី​ការពិនិត្យឃើញ​ស្ត្រីអង់គ្លេស​ដំបូងអាយុ​៦៥​ឆ្នាំ ដែលបច្ចុប្បន្ន​ត្រូវបានបញ្ជូន​មក​ភ្នំពេញ។ អ្នក​ដំណើរ និង​អ្នក​បម្រើ​លើនាវាទាំងអស់​មាន​៦៤នាក់។

បើ​តាមក្រសួងសុខាភិបាល មន្ទីរខេត្តកំពង់ចាម បាន​រៀបចំដាក់ប្តីប្រពន្ធអង់គ្លេសពីរនាក់នោះ នៅ​បន្ទប់ដាច់ដោយឡែក​ក្នុងមន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។ មនុស្ស​៦១នាក់​ផ្សេងទៀត មានលទ្ធផលអវិជ្ជមាន​ ត្រូវយក​ដាក់ដោយឡែក​នៅកន្លែងសមរម្យលើគោក ដើម្បី​តាមដាន​សុខភាពបន្ត។

បច្ចុប្បន្ន កម្ពុជាមានអ្នក​ឆ្លង COVID-19 ​៥ករណីហើយ​ ដោយករណីដំបូង កើតលើជន​ជាតិចិនអាយុ​៦០ឆ្នាំដែល​រកឃើញ​នៅខេត្តព្រះសីហនុ ករណីទីពីរជាបុរសជនជាតិ​ខ្មែរអាយុ៣៨​ឆ្នាំនៅ​ខេត្ត​សៀមរាប ករណីទី៣ជាស្ត្រីអង់គ្លេស​អាយុ​៦៥ឆ្នាំនៅ​លើនាវា Viking Cruise Journey ជាមួយពីរករណី​ចុងក្រោយ៕




© រក្សាសិទ្ធិដោយ thmeythmey.com