COVID-19
ជាតិ
កម្ពុជាតេស្តឃើញជនជាតិអង់គ្លេសប្តី-ប្រពន្ធពីរនាក់ទៀតឆ្លង COVID-19 លើនាវា Viking Cruise
× នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកជនជាតិអង់គ្លេសពីរនាក់ទៀត ដែលឆ្លង COVID-19 លើនាវាទេសចរណ៍ Viking Cruise Journey ពីហូជីមិញ ប្រទេសវៀតណាម ដែលសំចតនៅកំពង់ចាម។ អ្នកជំងឺទាំងពីរនាក់នោះ ជាប្តីប្រពន្ធ ដែលមានអាយុ៧៣ឆ្នាំ និង៦៩ឆ្នាំ។
អ្នកជំងឺទាំងពីរស្ថិតក្នុងចំណោមអ្នកដំណើរដែលនៅសេសសល់លើនាវា Viking Cruise Journey ចំនួន៥៩នាក់ ហើយសំណាកត្រូវបានវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី១១ ខែមីនា។
ជារួម អ្នកដំណើរអង់គ្លេស នៅលើនាវា មាន៣នាក់ហើយ បន្ទាប់ពីការពិនិត្យឃើញស្ត្រីអង់គ្លេសដំបូងអាយុ៦៥ឆ្នាំ ដែលបច្ចុប្បន្នត្រូវបានបញ្ជូនមកភ្នំពេញ។ អ្នកដំណើរ និងអ្នកបម្រើលើនាវាទាំងអស់មាន៦៤នាក់។
បើតាមក្រសួងសុខាភិបាល មន្ទីរខេត្តកំពង់ចាម បានរៀបចំដាក់ប្តីប្រពន្ធអង់គ្លេសពីរនាក់នោះ នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ មនុស្ស៦១នាក់ផ្សេងទៀត មានលទ្ធផលអវិជ្ជមាន ត្រូវយកដាក់ដោយឡែកនៅកន្លែងសមរម្យលើគោក ដើម្បីតាមដានសុខភាពបន្ត។
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លង COVID-19 ៥ករណីហើយ ដោយករណីដំបូង កើតលើជនជាតិចិនអាយុ៦០ឆ្នាំដែលរកឃើញនៅខេត្តព្រះសីហនុ ករណីទីពីរជាបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប ករណីទី៣ជាស្ត្រីអង់គ្លេសអាយុ៦៥ឆ្នាំនៅលើនាវា Viking Cruise Journey ជាមួយពីរករណីចុងក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com