COVID-19
អន្តរជាតិ
COVID-19៖ លោក ត្រាំ ប្រកាស​ផ្អាក​ការធ្វើដំណើរ​ពី​អឺរ៉ុប​ទៅ​អាមេរិក​ចំនួន​៣០​ថ្ងៃ​
12, Mar 2020 , 2:45 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែមីនា (​ម៉ោង​អាមេរិក​) បានប្រកាស​ផ្អាក​រាល​ការធ្វើដំណើរ​ទាំងអស់រ​វាង​អាមេរិក និង​តំបន់​អឺរ៉ុប​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន​៣០​ថ្ងៃ​។ អង់គ្លេស ដែល​នៅ​ទ្វីបអឺរ៉ុប ជា​ករណី​លើកលែង​។ លោក ត្រាំ បាន​បន្ទោស​ប្រទេស​តំបន់​អឺរ៉ុប ដែល​មិន​ព្រម​រឹតបន្តឹង​ការធ្វើដំណើរ​ពី​ចិន​ដែល​ធ្វើ​ឲ្យ​ការឆ្លង​នៅ​តំបន់​មួយ​នេះ​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​

 
​ទាំង​អាមេរិក ទាំង​អឺរ៉ុប សុទ្ធតែ​បាន​រាយការណ៍​ការកើនឡើង​យ៉ាងគំហុក​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ដែល​ផ្ទុះ​ដំបូង​នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​របស់​ចិន​។ ករណី​ឆ្លង​នៅ​អាមេរិក កើន​លើស​មួយ​ពាន់ ស្រប​ពេលដែល​អ៊ីតាលី ជា​ប្រទេស​រងគ្រោះ​ធ្ងន់​ជាងគេ​នៅ​តំបន់​អឺរ៉ុប​។ អេ​ស្ប៉ា​ញ និង​អាល្លឺម៉ង់ ក៏មាន​ករណី​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ច្រើន​ដែរ​។ ដើម្បី​ទប់ស្កាត់​ការនាំ​វីរុស​ថ្មី​បន្ថែមទៀត អាមេរិក សម្រេច​លុបចោល​ការធ្វើ​ដំណើរ​ទាំងអស់​ជាមួយ​អឺរ៉ុប​។​
 
«​ដើម្បី​កុំ​ឲ្យ​វីរុស​ចូល​ទឹកដី​យើង​បាន យើង​នឹង​ផ្អាក​រាល់​ការធ្វើដំណើរ​ពី​អឺរ៉ុប​ទៅកាន់​អាមេរិក​រយៈពេល​៣០​ថ្ងៃ​បន្ទាប់​។ បញ្ញត្តិ​ថ្មី នឹង​ចាប់​អនុវត្ត​ពី​ពាក់​កណ្ដាលយប់​ថ្ងៃទី​១៣ ខែមីនា​តទៅ​។​» ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍​នៅ​យប់​ថ្ងៃទី​១១ ខែមីនា​។ លោក​បន្តថា ចក្រភព​អង់គ្លេស នឹងមិន​រាប់បញ្ចូល​ក្នុងការ​វិធានការ​ថ្មី​នេះឡើយ​។​
 
​លោក ត្រាំ បាន​អះអាងថា អឺរ៉ុប​មាន​ករណី​ឆ្លង​កើនឡើង​ខ្លាំង​ព្រោះ​រដ្ឋាភិបាល​មិនបាន​បញ្ឈប់​ការធ្វើដំណើរ​ពី​ចិន ដែលជា​កន្លែង​វីរុស​ផ្ទុះឡើង​ដំបូង​។ នៅ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក ត្រាំ បញ្ជាក់ថា លោក​ត្រៀម​ជាស្រេច​ដើម្បី​ប្រើប្រាស់​អំណាច​ពេញលេញ​ដែលមាន​ក្នុង​ដៃ​របស់លោក​ដើម្បី​ដោះស្រាយ​កូ​រ៉ូ​ណាវី​រុស​ដែលជា​បញ្ហា​ប្រឈម​បច្ចុប្បន្ន​។ ក្រោម​វិធានការ​ថ្មី សូម្បីតែ​ការដឹកជញ្ជូន​ទំនិញ ក៏ត្រូវ​រង​ផលប៉ះពាល់​ដែរ​។​
 
​ការ​រាលដាល​របស់ COVID-19 ក្នុងប្រទេស និង​តំបន់​ច្រើនជាង​១១០​ជុំវិញ​ពិភពលោក ធ្វើ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ជំងឺ​នេះ ជា​ជំងឺឆ្លង​ជា​សាកល​។ បច្ចុប្បន្ន ចិន​នៅតែ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​ដដែល ប៉ុន្តែ​ការឆ្លង​ថ្មីៗ​បាន​ថយចុះ​ជា​បន្តបន្ទាប់ ហើយ​ស្ថានការណ៍​គ្រប់គ្រង​វីរុស​នៅ​ចិន ក៏មាន​សញ្ញា​វិជ្ជមាន​ផងដែរ​។ ដូចគ្នានេះ នៅ​កូរ៉េខាងត្បូង ទោះជា​មាន​ករណី​ឆ្លង​ច្រើ​ក្ដី តួលេខ​ឆ្លង​ថ្មី ក៏មាន​និន្នាការ​ថយចុះ​ដែរ​។ 
 
​អឺរ៉ុប ជា​តំបន់​ដែល​ករណី​ឆ្លង​បន្ត​កើនឡើង​ឥតឈប់ឈរ​។ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ សុទ្ធតែ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ទាំងអស់​។ ក្រៅពីនោះ តំបន់​ផ្សេងទៀត​ក៏មាន​ករណី​ឆ្លង​ដែរ ប៉ុន្តែ​ស្ថិតក្នុង​អត្រា​តិចតួច​បើ​ប្រៀបធៀប​នឹង​ចិន ឬ​កូរ៉េខាងត្បូង​។ ជា​សរុប អ្នក​ឆ្លង COVID-19 ទូទាំង​ពិភពលោក​មាន​ជិត​១២​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ប្រមាណ​៤៣០០​នាក់ និង​សះស្បើយ​ជាង​៦៦ ០០០​នាក់​ផងដែរ​៕

Tag:
 COVID-19
  អាមេរិក​
  អឺរ៉ុប​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com