COVID-19
ជាតិ
មនុស្សទាំងអស់លើនាវា Viking Cruise Journey ត្រូវយកទុកនៅសណ្ឋាគារជាប់មាត់ទន្លេ
12, Mar 2020 , 2:54 pm        
រូបភាព
ប្រភពរូបថត ទទក
ប្រភពរូបថត ទទក
លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម អះអាងថា មនុស្សទាំងអស់ជិត៦០នាក់ លើនាវាទេសចរណ៍ Viking Cruise Journey  ត្រូវបានអាជ្ញាធរ បញ្ជូនទៅឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងខេត្តកំពង់ចាម។ ប៉ុន្តែលោក ពុំបានបញ្ជាក់ឈ្មោះសណ្ឋាគារនោះឡើយ។



លោក គឹម សួរភិរុណ លើកឡើងថា ពួកគេ នឹងត្រូវរក្សាទុកក្នុងសណ្ឋាគារនោះរយៈពេល១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព។ លោក បន្តថា បច្ចុប្បន្ន ពួកគេមានសុខភាពធម្មតា។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា៖«ខ្ញុំ កំពុងតាមដានមើល»។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គ្រាន់តែប្រាប់ថា សណ្ឋាគារនោះ គឺនៅជាប់មាត់ទន្លេ ដោយលោក មិនបញ្ចេញឈ្មោះឡើយ។ លោក បញ្ជាក់ថា ពួកគេ ត្រូវស្ថិតក្នុងបន្ទប់ម្នាក់មួយៗផ្សេងពីគ្នា ទោះជាប្តីប្រពន្ធឬសាច់ញាតិក៏ដោយ ក៏មិនដាក់ក្នុងបន្ទប់ជាមួយគ្នាដែរ។ លោក ថ្លែងថា៖«តាមក្បួនវេជ្ជសាស្រ្ត គេ មិនឲ្យពួកគាត់ ចេញពីសណ្ឋាគារទេ»។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មានជនជាតិអង់គ្លេស២នាក់ទៀតជាប្តីប្រពន្ធ បានឆ្លងកូវីដ-១៩។ ចំណែក មនុស្សជិត៦០នាក់ផ្សេងទៀតលើនាវានោះ ទាំងអ្នកដំណើរនិងអ្នកបម្រើការងារ ក៏បានឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ដែរ ដោយលទ្ធផលអវិជ្ជមាន ទើបអាជ្ញាធរ សម្រេចបញ្ជូនពួកគេ យកទៅទុកនៅសណ្ឋាគារ។

ចំពោះស្រ្តីអង់គ្លេសដំបូងដែលឆ្លងកូវីដ-១៩ ត្រូវបានអាជ្ញាធរ បញ្ជូនចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ការផ្ទេរនេះ គឺជាសំណើរបស់អ្នកជំងឺ។ លោក គឹម សួរភិរុណ និយាយថា ជនជាតិអង់គ្លេស២នាក់ក្រោយ ដែលឆ្លងកូវីដ-១៩ កំពុងស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ លោក មិនបានដឹងឡើយថា អ្នកទាំង២ជាប្តីប្រពន្ធនេះ នឹងត្រូវបញ្ជូនទៅភ្នំពេញដែរឬយ៉ាងណានោះទេ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com