អន្តរជាតិ
អ្នកស្រី ស៊ូ​ជី នៅតែ​មិនអាច​ធ្វើ​ប្រធានាធិបតី ដោយសារ​ខ្វះ​ការគាំទ្រ​ពី​ក្រុម​យោធា​
12, Mar 2020 , 8:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​នៅតែ​មិន​អាចធ្វើ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​បាន បន្ទាប់ពី​សេចក្ដីព្រាង​កែ​រដ្ឋធម្មនុញ្ញ​ដែល​ស្នើ​ដោយ​បក្ស​អ្នកស្រី​ដើម្បី​លុបចោល​មាត្រា​ចែង​ពី​ការ​រឹតត្បិត​អ្នកស្រី មិនអាច​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ក្នុងការ​បោះឆ្នោត​ក្នុង​សភា​សហព័ន្ធ​នៅ​ថ្ងៃទី​១១ ខែមីនា​។ សេចក្ដីព្រាង​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​កែ​រដ្ឋធម្មនុញ្ញ​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​

 
​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​១១ ខែមីនា សេចក្ដីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៥៩ ដែល​ចែង​ពី​លក្ខខណ្ឌ​ធ្វើជា​ប្រធានាធិបតី ទទួល​សំឡេងគាំទ្រ​ពី​សមាជិកសភា​ចំនួន​៣៩៣​នាក់ និង​ប្រឆាំង​២៤២​នាក់​។ ដោយ​មិនអាច​រក​សំឡេងគាំទ្រ​លើស​៧៥​ភាគរយ (​ច្រើនជាង​៤៩១​នាក់​) សំណើ​មួយ​នេះ មិនត្រូវ​បានអនុម័ត​ឡើយ​។ 
 
​មាត្រា​៥៩ ហាមឃាត់​បុគ្គល​ណា​ម្នាក់​ពី​ការ​ក្លាយជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ប្រសិនបើ​ប្ដី​ឬ​ប្រពន្ធ​, ឪពុក​ឬ​ម្ដាយ​, កូនៗ ជា​ពលរដ្ឋ​បរទេស​។ មាត្រា​នេះ ត្រូវគេ​មើលឃើញថា តាក់តែងឡើង​ដើម្បី​រារាំង​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​តែម្ដង ព្រោះ​ស្វាមី​អ្នកស្រី និង​កូនប្រុស​ពីរ​នាក់​ទៀត មាន​សញ្ជាតិ​អង់គ្លេស​។ បច្ចុប្បន្ន អ្នកស្រី ស៊ូ​ជី កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ ដ្បិត​មិនអាច​ធ្វើ​ប្រធានាធិបតី​បាន ទោះ​បក្ស NLD របស់​អ្នកស្រី ដឹកនាំ​រដ្ឋាភិបាល​ក្ដី​។​
 
​ការកែ​មាត្រា​នេះ ស្ថិតក្នុង​សេចក្ដីព្រាង​ចំនួន​១១៧​ដែល​ស្នើ​ដោយ​បក្ស NLD ។ ការបោះឆ្នោត​ដើម្បី​អនុម័ត​សេចក្ដីព្រាង​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១០ មីនា​មក ហើយ​រំពឹងថា អាច​បញ្ចប់​នៅ​ខែមេសា​ខាងមុខ​។ ចំណុច​ផ្សេង​ដែល​បក្ស​កាន់អំណាច​ចង់​កែប្រែ​រួមមាន ការកាត់បន្ថយ​អាយុ​អប្បរ​មា​ប្រធានាធិបតី​មក​ត្រឹម​៤៥​ឆ្នាំ​, ការកាត់បន្ថយ​ចំនួន​សមាជិកសភា​តែងតាំង​ដោយ​យោធា និង​ការកាត់បន្ថយ​អំណាច​អគ្គមេបញ្ជាការ​កងទ័ព​ជាដើម​។​
 
​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​តាក់តែង​ដោយ​យោធា​ដ៏​មាន​ឥទ្ធិពល បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ការកែ​រដ្ឋធម្មនុញ្ញ ជា​គោលនយោបាយ​ចម្បង​មួយ​របស់​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​។ យ៉ាងណាមិញ បំណង​កែ​រដ្ឋធម្មនុញ្ញ​នេះ ជួប​បញ្ហា​យ៉ាងខ្លាំង ព្រោះ​ក្រុម​យោធា​កាន់កាប់​សំឡេង​២៥​ភាគរយ​ក្នុង​សភា​មី​យ៉ាន់​ម៉ា ដែល​នេះ​គឺ​គ្រប់គ្រាន់​ដើម្បី​រាំងខ្ទប់​ការកែប្រែ​ណាមួយ​។​
 
​យោធា​ដែល​គ្រប់គ្រង​ប្រទេស​ជាង​៦០​ឆ្នាំ មុន​ការផ្ទេរអំណាច​ទៅកាន់​រដ្ឋាភិបាល​ពាក់កណ្ដាល​ស៊ីវិល​នៅ​ឆ្នាំ​២០០៨ នៅតែមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ឆាកនយោបាយ​មី​យ៉ាន់​ម៉ា​តាមរយៈ​រដ្ឋធម្មនុញ្ញ​ដែល​ខ្លួន​សរសេរ​ខ្លួនឯង​។ ក្រៅពី​សំឡេង​២៥​ភាគរយ​ក្នុង​សភា​គ្រប់​កម្រិត យោធា​មី​យ៉ាន់​ម៉ា នៅ​កាន់កាប់​ក្រសួង​សំខាន់​បី​មាន ការពារជាតិ មហាផ្ទៃ និង​កិច្ចការ​ព្រំដែន ហើយ​អគ្គមេបញ្ជាការ​កងទ័ព មាន​សិទ្ធិ​ដឹកនាំ​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ទៀតផង​៕  

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com