កីឡាអន្តរជាតិ
អន្តរជាតិ
មិន​បន្ទោស​ទេ តែ Klopp ថា អ្នកចាំទី​មាន​កំហុស​ធ្ងន់​ទើប Liverpool ធ្លាក់​ពី UCL
12, Mar 2020 , 9:39 pm        
រូបភាព
​លោក Jurgen Klopp មិន​ស្តីបន្ទោស​អ្នកចាំទី​ដៃ​ទី​ពីរ Adrian ឡើយ​ក្នុង​ការប្រកួត​ដែល Liverpool ចាញ់ Atletico Madrid ៣-២​។ ប៉ុន្តែ លោក​សារភាពថា​កំហុស​របស់​អ្នកចាំទី​រូបនេះ​ពិតជា​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​ក្រុម​ការពារ​ជើងឯក​ធ្លាក់​ចេញពី​ពានរង្វាន់ UEFA Champions League​។​


 
«​គាត់​ជា​បុរស​ពិត គាត់​ដឹង​ច្បាស់​ហើយ​។ យើង​មិន​បន្ទោស​គាត់​ទេ បើ​ទោះ​អ្វីៗ​បញ្ចប់ទៅ​ព្រោះតែ​គាត់ តែ​គាត់​ក៏​មិន​ចង់​ឲ្យ​មាន​លទ្ធផល​បែបនេះ​ដែ គាត់​បាន​សង្គ្រោះ​ការប្រកួត​ជាច្រើន​មកហើយ​។ ចាប់តាំងពី​គាត់​ផ្លាស់​មក​ទីនេះ​គាត់​ធ្វើ​បានល្អ​»​។ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្រោយ​ប្រកួត​។ 
 
​បើទោះបី​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​កំហុស​របស់ Adrian ក៏ដោយ លោក Klopp មិន​ចង់​ស្តីបន្ទោស​នោះទេ ប៉ុន្តែ​លោក​គ្រាន់តែ​និយាយថា​អ្នកចាំទី​វ័យ​៣៣​ឆ្នាំ​រូបនេះ បានដឹង​ពី​កំហុស​របស់ខ្លួន​ហើយ​។​


 
​នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី​១១ ខែមីនា ក្នុង​កីឡដ្ឋាន Anfield ក្រុម​ម្ចាស់ផ្ទះ Liverpool បាន​បើក​ការ​វាយ​សម្រុក​តាំងពី​ដើមតង់ រហូត​ធ្វើបាន​សម្រេច​នៅ​ចុង​ម៉ោង​នាទី​៤៣ ដែល​ធ្វើបាន​ដោយ​ការ​តែ​តរបស់​ខ្សែបម្រើ Georginio Wijnaldum​។​
 
​ឈានចូល​ដល់​វគ្គ​ទី​២ ម្ចាស់​ការពារ​ជើង​ឯង​នៅតែ​បន្ត​ការគ្រប់គ្រង​បាល់ និង​ឱកាស​រក​គ្រាប់​បាល់​យ៉ាងច្រើន​ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ឡើយ​។ ចប់​ការប្រកួត​ម៉ោង​ផ្លូវការ​៩០​នាទី Liverpool ឈ្នះ At-Madrid ១-០​។ ដោយសារ​ជើង​ទី​១ ក្រុម​ពី​អេ​ស្ប៉ា​ញ​បាន​យកឈ្នះ ក្រុម​អង់គ្លេស​១-០ រួចមកហើយ​ទើប​តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ប្រកួត​ក្នុង​ម៉ោង​បន្ថែម ១៥​នាទី​ពីរដង​។​
 
​ខ្សែបម្រើ​ប្រយុទ្ធ Roberto Firmino បង្កើត​ភាពសប្បាយ​រីករាយ​ជូន​លោក Klopp និង​ក្រុម​អ្នកគាំទ្រ Liverpool បន្ទាប់ពី​រូបគេ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​៤​ក្នុង​ម៉ោង​បន្ថែម​លើក​ទី​១​។ យ៉ាងណាក៏ដោយ ត្រឹម​៣​នាទី​បន្ទាប់ពី​ការនាំ​មុខ​នេះ ក្រុម​ភ្ញៀវ​បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែបម្រើ Marcos Llorente ដែល​មើលទៅ​ជាការ​ធ្វេសប្រហែស​របស់​អ្នកចាំទី Adrian​។​
 
​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដដែល​នេះ បា​នប​ង្តើ​ត​ភាព​ភ្ញាក់ផ្អើល​ស្រាប់​ក្រុម​លោក Diego Simeone បន្ទាប់ពី​បន្ថែម​គ្រាប់​ទី​២ នៅ​នាទី​១០៥ មុនពេល​ខ្សែប្រយុទ្ធ Alvaro Morata សម្រេច​គ្រាប់​ទី​៣ នានា​ទី​១២០​។ បញ្ចប់​ការប្រកួត At-Madrid ឈ្នះ Liverpool ៣-២ និង​សរុប​លទ្ធផល​ទាំងពីរ​ជើង ៤-២​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ៣​គ្រាប់​ក្នុង​ម៉ោង​បន្ថែម​របស់ At-Madrid គឺជា​ការ​ស៊ុត​បាល់​ចំ​គោលដៅ​ចំនួន​៣​ជើង​ចូល​ទាំង​៣​គ្រាប់​តែម្តង ដោយ​អ្នកចាំទី​ដៃ​ទី​២ Adrian របស់ Liverpool មិនអាច​ជួយ​បាន​នោះឡើយ​។​
 
Liverpool ជា​ក្រុម​អង់គ្លេស​ទី​ពីរ បន្ទាប់ពី Tottenham Hotspur ដែឡ​ធ្លាក់​ចេញពី​ក្របខណ្ឌ​អឺរ៉ុប​ត្រឹម​វគ្គ ១/៨​ផ្តាច់ព្រ័ត្រ ក្រោយ​ចាញ់ RasenBallsport Leipzig ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៤-០​។ ក្រុម​ដែល​បន្តទៅ​វគ្គ​៨​ក្រុម មាន Atalanta ដែល​ទម្លាក់ Valencia និង Paris Saint-Germain ទម្លាក់ Borussia Dortmund និង Atletico Madrid នេះ​៕





Tag:
 UEFA Champions League. Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com