COVID-19
កីឡាជាតិ
ជាតិ
CNCC ជំរុញ​ឲ្យ​ក្លិប​នៅ​លី​គ​កំពូល​ពង្រឹង​ការពិនិត្យ​រក COVID-19 លើ​កីឡាករ និង​អ្នកគាំទ្រ​
13, Mar 2020 , 7:59 am        
រូបភាព
សកម្មភាពមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាវាស់កម្តៅ និងផ្តល់ទឹកលាងដៃដល់កីឡាករមុនជំនួបរវាងស្វាយរៀងជាមួយ Thang Quang Ninh
សកម្មភាពមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាវាស់កម្តៅ និងផ្តល់ទឹកលាងដៃដល់កីឡាករមុនជំនួបរវាងស្វាយរៀងជាមួយ Thang Quang Ninh
ដោយ:
​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​ជំរុញ​ឲ្យ​ក្លិប​សមាជិក​លី​គ​កំពូល​ទាំងអស់​រឹតបណ្តឹង​ការត្រួតពិនិត្យ​រក​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ពេល​មានការ​ប្រកួត​ម្តងៗ​។ ការជំរុញ​នេះ គឺ​ដើម្បី​រួមចំណែក​ប្រយុទ្ធប្រឆាំង​និង​បង្កា​រការរីក​រាល​ដាលមេរោគ COVID-19 ដែល​កំពុង​រីក​រាលដាល​ក្នុង​បណ្តា​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក​។

 
​ស្របពេល​កម្ពុជា ក៏ដូចជា​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​លើ​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១២ មីនា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដែលមាន​ខ្លឹមសារ​ចូលរួម​ប្រយុទ្ធប្រឆាំង​និង​បង្កា​រការរីក​រាលដាល​មេរោគ​ប្រភេទ​ថ្មី​នេះ​នៅ​កម្ពុជា​។​
 
​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក ឈី កុល​បុត្រា លេខាធិការ​ប្រតិបត្តិ CNCC ដោយ​ជំរុញ​ឲ្យ​ក្លិប​ទាំងអស់​រឹតបណ្តឹង​ការត្រួតពិនិត្យ​ស្វែងរក​មេរោគ COVID-19 ពេល​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ម្តងៗ​។ ក្នុងនោះ CNCC ស្នើ​ឲ្យ​ក្លិប​ទាំងអស់​រៀម​ចំ​ឲ្យ​មានទឹក​លាងដៃ​ដូចជា​អាល់​អុល ឬ​ជែ​ល​នៅតាម​បន្ទប់ទឹក និង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​កីឡាករ និង​តាម​ច្រកចេញចូល​កីឡដ្ឋាន​ជាដើម​។ 
 
​លើស​ពិ​ណេះ ក្លិប​ទាំងនោះ ត្រូវមាន​ឧបករណ៍​វាស់​កម្តៅ​អ្នកគាំទ្រ ដែល​មក​ទស្សនា​ការប្រកួត​ផ្ទាល់​នៅ​កីឡដ្ឋាន​។ ក្នុងករណី​រកឃើញ​អ្នកគាំទ្រ​ណា​មាន​កម្តៅ​ខ្ពស់ គឺ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ប្រកួត​នោះទេ ហើយ​បើ​មាន​ករណី​សង្ស័យ​ណាមួយ​ក្លិប​ត្រូវ​ទាក់ទង​នៅ CNCC ឬ​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល​លេខ​១១៥​។ CNCC ក៏​តម្រូវ​ឲ្យ​ក្លិប​បិទ​លិខិត​បណ្ណ​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការបង្ការ​និង​ការពារ​វីរុស COVID-19 តាម​ច្រកចេញចូល​កីឡដ្ឋាន​ផងដែរ​។ 
 
CNCC នឹង​ផ្តល់​ឧបករណ៍​វាស់​កម្តៅ​ដល់​ស្នងការ​ប្រកួត​នីមួយៗ ដើម្បី​ត្រួតពិនិត្យ​កីឡាករ​គ្រប់រូប​ទាំង​ក្រុម​ម្ចាស់ផ្ទះ និង​ភ្ញៀវ​រៀងរាល់​ការប្រកួត​។ ការជំរុញ​ទាំងនេះ​របស់ CNCC គឺ​ដើម្បី​រួមចំណែក​បង្ការ​ហានិភ័យ​នៃ​ការរីក​រាលដាល​នៃ​មេរោគ COVID-19 នៅ​ជុំវិញ​កីឡដ្ឋាន និង​រក្សា​សុវត្ថិភាព​ជូន​កីឡាករ​និង​អ្នកគាំទ្រ ក៏ដូចជា​មន្ត្រី និង​បុគ្គលិក​នានា​៕ 

Tag:
 បាល់ទាត់​
  CNCC
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com