COVID-19
អន្តរជាតិ
Twitter ឲ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ ដើម្បី​បន្ថយ​ការ​រាលដាល COVID-19
13, Mar 2020 , 8:29 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន​បណ្ដាញ​សង្គម Twitter បានដាក់​បញ្ជា​ឲ្យ​បុគ្គលិក​នៅ​ទូទាំង​សាកលលោក​បម្រើ​ការងារ​ពី​ផ្ទះ​របស់​ពួកគេ​។ ចំណាត់ការ​នេះ គឺជា​កិច្ចប្រឹងប្រែង​មួយ​ក្នុង​គោលដៅ​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ។

 
COVID-19 បាន​ឆ្លង​រាលដាល​នៅ​ជុំវិញ​ពិភពលោក ចាប់តាំងពី​បាន​ផ្ទុះឡើង​ដំបូង​ក្នុង​ក្រុង វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​មក​។ បច្ចុប្បន្ន ជំងឺ​នេះ បានសម្លាប់​មនុស្ស​ជាង​៤៦០០​នាក់ និង​ឆ្លង​ជាង​១២៦ ០០០​នាក់ ដែល​បង្ក​ឲ្យ​ប្រទេស​ជាច្រើន​ដាក់​បម្រាម​ធ្វើដំណើរ​។ 
 
​ក្រុមហ៊ុន​បណ្ដាញ​សង្គម Twitter បានប្រកាស​ពី​គោលនយោបាយ​ធ្វើការ​ពី​ផ្ទះ​សម្រាប់​បុគ្គលិក​ខ្លួន​ក្នុងប្រទេស​កូរ៉េខាងត្បូង , ក្រុង​ហុងកុង និង​ជប៉ុន កាលពីដើម​ខែមីនា​នេះ ហើយ​ថែមទាំង​ផ្អាក​ការធ្វើ​ទស្សនកិច្ច​ធុរកិច្ច និង​ព្រឹត្តិការណ៍​ដែល​ពុំ​សូវ​សំខាន់​ខ្លាំង​ក្នុង​ខែកុម្ភៈ​ទៀតផង​។​
 
«​យើង​កំពុង​អនុវត្ត​ចំណាត់ការ​ហួស​ពី​សេចក្តីណែនាំ ដែល​បាន​ដាកចេញ​កាលពី​ថ្មីៗ​នេះ​របស់​យើង […] ឥឡូវនេះ យើង​បាន​ជូនដំណឹង​ថា​បុគ្គលិក​ទាំងអស់​នៅ​ទូទាំង​សាកលលោក​ថា ពួកគេ​ត្រូវ​ធ្វើការ​ពី​ផ្ទះ​»​។ ប្រធាន​ធនធានមនុស្ស​របស់​ក្រុមហ៊ុន Twitter អ្នកស្រី Jennifer Christie អះអាង​បែបនេះ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែមីនា ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ក្រៅពី​ក្រុមហ៊ុន Twitter ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណែ​តយ​ក្ស​ផ្សេងទៀត ក៏បាន​ដាក់ចេញ​គោលនយោបាយ ដើម្បី​ការពារ​បុគ្គលិក​ពួកគេ​ពី​ការឆ្លង COVID-19 ។ តួយ៉ាង ក្រុមហ៊ុន Google បានចាប់ផ្ដើម​រឹតត្បិត​អ្នក​ចូល​ទស្សនា​ការិយាល័យ​ខ្លួន​ក្នុង​តំបន់ Silicon Valley, ទីក្រុង San Francisco និង​ទីក្រុង ញូវយ៉ក់ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ខណៈ​ក្រុមហ៊ុន Apple ក៏បាន​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​ផងដែរ​។​
 
​ដោយឡែក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​បិទ​ការិយាល័យ​របស់ខ្លួន​ក្នុងប្រទេស​សិង្ហ​បុរី និង​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស សម្រាប់​បោះ​សម្អាត​សម្លាប់​មេរោគ កាលពី​ចុង​សប្តាហ៍​មុន ក្រោយពី​បុគ្គលិក​ម្នាក់​ដែល​បាន​ចំណាយពេល​នៅ​ទីតាំង​ទាំងពីរ​នេះ ឆ្លង COVID-19 ៕

Tag:
 សហរដ្ឋអាមេរិក​
  Twitter
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com