ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ រៀបចំក្បួនហែធាតុសម្ដេច សុខ អាន ដោយថ្មើរជើង, ផ្លូវមួយចំនួន ត្រូវបិទ
× ភ្នំពេញ៖ រដ្ឋបាលរាធានីភ្នំពេញ បានសហការជាមួយគណៈកម្មាធិការរៀបចំពិធីបុណ្យជាតិ អន្តរជាតិ នឹងរៀបចំពិធីហែក្បួនអដ្ឋិធាតុរបស់សម្តេច សុខ អាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយហែចេញពីភូមិគ្រឹះរបស់សម្តេច ទៅតម្កល់នៅវត្តសារាវ័នតេជោ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជាធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃប្រារព្ធពិធីដង្ហែនេះ នឹងមានការបិទផ្លូវបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ នៅចំណុចចាប់ពីភូមិគ្រឹះសម្តេច សុខ អាន តាមបណ្តោយវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម ពេលទៅដល់មហាវិថីព្រះនរោត្តមបត់ឆ្វេង ដល់វិថីលីយ៉តឡាយ(ផ្លូវលេខ១៧២) បត់ស្ដាំស្របខាងជើងរបងវត្តសារាវ័នតេជោ ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) បត់ស្ដាំដល់ខ្លោងទ្វារវត្តសារាវ័នតេជោ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ចប់កម្មវិធី។
រដ្ឋបាលរាជាធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មានការយោគយល់។ រដ្ឋបាលរាជធានីភ្នំពេញ បន្តថា នៅថ្ងៃប្រារព្ធពិធីដង្ហែនេះ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។ ក្រោយចប់ពិធីនេះ ផ្លូវ នឹងត្រូវបើកឲ្យឆ្លងកាត់ដូចធម្មតាវិញ។
សម្តេច សុខ អាន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។ សម្តេច ទទួលបានគោរមងារជា «សម្តេចវិបុលបញ្ញា សុខ អាន» ពីព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧៕
Tag:
សុខ អាន
ដង្ហែអដ្ឋិធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com