COVID-19
អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន នឹងទៅធ្វើតេស្តរក COVID-19 លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Twitter-SunStar Cebu)
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នឹងត្រូវទៅធ្វើតេស្តរកមើលជំងឺ COVID-19 ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោក នៅថ្ងៃព្រហស្បតិ៍ ១២ ខែមីនា ខណៈអគាររដ្ឋាភិបាលសំខាន់ចំនួនពីរ ក៏ត្រូវបានលាងសម្អាតផងដែរ។
ករណីឆ្លង COVID-19 នៅប្រទេសហ្វីលីពីន បានកើនឡើងជាង២ដងក្នុងសប្តាហ៍នេះ ដែលរួមមាន មនុស្សដែលកាលពីថ្មីៗនេះបានចូលរួមព្រឹត្តិការណ៍មួយចំនួនជាមួយសមាជិកព្រឹទ្ធសភា និងមន្ត្រីរដ្ឋាភិបាលហ្វីលីពីន។ វាជាលទ្ធភាពមួយដែលវីរុសអាចឆ្លងដល់ពួកគេ។
អគារព្រឹទ្ធសភា និងធនាគារកណ្ដាលហ្វីលីពីន ត្រូវបានលាងសម្អាតសម្លាប់មេរោគ ហើយមន្ត្រីរដ្ឋាភិបាលមួយចំនួន បានប្រកាសថា ពួកគេនឹងដាក់ខ្លួនឯងនៅដាច់ដោយឡែកមួយរយៈ ដើម្បីជាបង្ការទុកជាមុន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីន Sonny Dominguez និងប្រធានធនាគារកណ្ដាល Benjamin Diokno ក៏ស្ថិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាលដែលបានដាក់ឲ្យខ្លួនឯងនៅដាច់ដោយឡែកផងដែរ។
លោកប្រធានាធិបតី ឌូទើតេ ដែលមានអាយុ ៧៤ឆ្នាំ គឺស្ថិតក្នុងក្រុមអាយុដែលងាយរងគ្រោះពីជំងឺ COVID-19 នេះ។ ហើយលោក នឹងត្រូវធ្វើតេស្តដើម្បីរកមើលវីរុសនេះ ព្រោះថាជាទៀងទាត់លោកប្រាស្រ័យទាក់ទងជាមួយមន្ត្រីទាំងនោះ។
«វាគឺជារឿងចាំបាច់បំផុតសម្រាប់យើងក្នុងការចាត់ចំណាត់ការបង្ការទុកជាមុន ដោយអនុលោមតាមយោបល់របស់មន្ត្រីសុខាភិបាលយើង»។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Salvador Panelo អះអាងបែបនេះ ដោយបន្ថែមថា លោកក៏នឹងត្រូវធ្វើតេស្តផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
មែនទែនទៅ សុខភាពរបស់លោក ឌូទើតេ ស្ថិតក្នុងភាពមន្ទិលសង្ស័យ ចាប់តាំងពីលោកបានចូលកាន់អំណាចក្នុងឆ្នាំ២០១៦ ខណៈលោកជាមនុស្សដែលមានវ័យចំណាស់បំផុតដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតី។
សូមបញ្ជាក់ថា ហ្វីលីពីន បានរកឃើញករណីឆ្លងជំងឺ COVID-19 តិចតួចបំផុត ប្រសិនបើធៀបនឹងតំបន់រងគ្រោះខ្លាំង ដូចជា ចិន និងអ៊ីតាលី ក៏ប៉ុន្តែតួលេខឆ្លងក្នុងប្រទេសនេះ បានហក់ឡើងពី២៤ ទៅ ៤៩ ករណី ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក។ អាជ្ញាធរសុខាភិបាលហ្វីលីពីន ក៏បានប្រកាសករណីស្លាប់ទី២ របស់ប្រទេសនេះ គិតចាប់ពីករណីស្លាប់ទី១ដែលជាបុរសជនជាតិចិន កាលពីខែមុន៕
Tag:
ហ្វីលីពីន
រ៉ូឌ្រីហ្គោ ឌូទើតេ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com