COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ៖ ព័ត៌មានក្លែងក្លាយ កាចសាហាវជាងCOVID-19 ទៀត
× ភ្នំពេញ៖ ពីបន្ទប់ប្រជុំសភាពេញអង្គ នៅថ្ងៃទី១៣ មីនានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា សម្ដេចគ្មានវីរុសCOVID-19ឡើយ។ ការអះអាងរបស់សម្ដេច ហ៊ុន សែន នេះ គឺឆ្លើយតបទៅនឹងការចុះផ្សាយព័ត៌មានទាក់ទងនឹងសុខភាពសម្ដច។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលព័ត៌មាន ដែលផ្សាយថា សម្ដេចផ្ទុកវីរុសCOVID-19។ សម្ដេចចាត់ទុកការចុះផ្សាយនេះថា ជាព័ត៌មានក្លែងក្លាយ ដែលកាចសាហាវជាងCOVID-19 ទៀត។
«មានទូរទស្សន៍បរទេសមួយ បានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥ មីនា ២០២០។កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជំងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏គ្រោះថ្នាក់នេះ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ មីនានេះ កម្ពុជា មានអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ចំនួន៥នាក់ហើយ។ ក្នុងនោះ មានជនជាតិអង់គ្លេស៣នាក់ ដែលជាអ្នកដំណើរនៅលើនាវា Viking Cruise ស្ថិតនៅខេត្តកំពង់ចាម និងជនជាតិខ្មែរ កំពុងសម្រាកព្យាបាលនៅខេត្តសៀមរាប។ ដោយឡែកជនជាតិចិនម្នាក់ វ័យ៦០ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ បានជាសះស្បើយពីវីរុស COVID-19 កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមក។
បច្ចុប្បន្នមនុស្សជិត៥០នាក់នៅខេត្តសៀមរាប ដែលបានប៉ះពាល់ផ្ទាល់ និងប៉ះពាល់ដោយប្រយោល ជាមួយបុរសជនជាតិជប៉ុនម្នាក់ មានផ្ទុកវីរុសCOVID-19នេះ កំពុងស្ថិតនៅក្រោមការដានតាម និងត្រួតពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកអ្នកដំណើរលើនាវា Viking Cruise ជិត៦០នាក់ ក៏ស្ថិតនៅក្រោមការតាមដានដែរ។
ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ តាមរយៈវិធានការអនាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ និងគ្រួសារនីមួយៗនៅតាមមូលដ្ឋាន ដើម្បីធានាថា កម្ពុជាគ្មានជំងឺឆ្លងបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com