ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​អ្នកទោស​រវាង​កម្ពុជា​-​វៀតណាម ត្រូវបាន​អនុម័ត​
13, Mar 2020 , 11:06 am        
រូបភាព
សម្តេច ហ៊ុន សែន ស្ថិតក្នុងអង្គប្រជុំវិសាមញ្ញនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០
សម្តេច ហ៊ុន សែន ស្ថិតក្នុងអង្គប្រជុំវិសាមញ្ញនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០
ដោយ: ថ្មីៗ
​រដ្ឋសភា​កម្ពុជា បានអនុម័ត​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ក​ម្ពុ​ជា​និង​វៀតណាម ក្នុង​កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ នា​ព្រឹក​ថ្ងៃ​ទិ​១៣ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 



​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត អាច​ឲ្យ​កម្ពុជា ស្នើសុំ​យក​ទណ្ឌិត​ជា​ជនជាតិខ្មែរ ដែល​ជាប់ពន្ធនាគារ​នៅ​វៀតណាម មក​ឃុំ​ក្នុង​ពន្ធនាគារ​កម្ពុជា ហើយ​វៀតណាម ក៏​អាច​ស្នើសុំ​ដូច្នេះ​វិញ​ដែរ​។ មន្ត្រី បកស្រាយ​កន្លងមក​ថា ការបង្កើត​សន្ធិសញ្ញា​នេះ គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាជន​ប្រទេស​ទាំងពីរ ជាពិសេស​សម្រាប់​អ្នក​ជាប់ពន្ធនាគារ​។​
 
​ក្រៅពី​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត នៅមាន​របៀបវារៈ​៥​ផ្សេងទៀត ក៏​ត្រូ​បាន​រដ្ឋសភា​កម្ពុជា អនុម័ត​ផងដែរ រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​, សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ ស្តីពី​វិសោធនកម្ម កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​, សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​បី ស្តីពី​វិសោធនកម្ម កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​, សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១ ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​, និង សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​កម្ពុជា​និង​វៀតណាម​។
 
​សេចក្តីព្រាងច្បាប់​និង​សន្ធិសញ្ញា​ទាំងនេះ នឹងត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​និង​អនុម័ត​បន្ត មុននឹង​ថ្វាយទៅ​អង្គ​ព្រះមហាក្សត្រ ឡាយព្រះហស្ត​ប្រកាស​ដាក់ចូល​ជា​ធរមាន​៕ 
 

Tag:
 កម្ពុជា​-​វៀតណាម​
  សន្ធិសញ្ញា​ផ្ទេរ​អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com