COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​២​នាក់ និង​សមាជិកសភា​ផ្សេងទៀត តេស្ត​វិជ្ជមាន COVID-19
13, Mar 2020 , 11:43 am        
រូបភាព
លោកស្រី Irene Montero (ឆ្វេង) និងលោកស្រី Carolina Darias រដ្ឋមន្ត្រីពីរនាក់ដំបូងនៅអេស្ប៉ាញដែលមានកូវីដ១៩
លោកស្រី Irene Montero (ឆ្វេង) និងលោកស្រី Carolina Darias រដ្ឋមន្ត្រីពីរនាក់ដំបូងនៅអេស្ប៉ាញដែលមានកូវីដ១៩
ដោយ: រួបរួម
​អេ​ស្ប៉ា​ញ​ជា​ប្រទេស​ទី​៥​ដែលមាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ និង​ជា​ប្រទេស​លំដាប់​ទី​៤​លើ​ចំនួន​អ្នកស្លាប់​ផងដែរ​។ គិត​មកដល់​ពេល អេ​ស្ប៉ា​ញ មាន​អ្នក​ឆ្លង​ជាង​៣១០០​ករណី ដែល​ក្នុងនោះ​ស្លាប់​៨៦​នាក់ និង​សះស្បើយ​១៨៩​នាក់​។ អ្នកនយោបាយ​យ៉ាងហោចណាស់​៨​នាក់ ស្ថិតក្នុង​ចំណោម​អ្នក​ឆ្លង​នៅ​អេ​ស្ប៉ា​ញ ដែល​ក្នុងនោះ​មាន​រដ្ឋមន្ត្រី​២​រូប​ផងដែរ​។​

 
​លោកស្រី Carolina Darias រដ្ឋមន្ត្រីក្រសួង​គោលនយោបាយ​ដែនដី និង​សេវាកម្ម​ស៊ីវិល បាន​ក្លាយជា​មនុស្ស​ទី​ពីរ​ក្នុង​គណៈរដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 កាលពី​ថ្ងៃទី​១២ ខែមីនា បន្ទាប់ពី​លោកស្រី Irene Montero រដ្ឋមន្ត្រីក្រសួង​សមភាព​យេនឌ័រ ដែល​បាន​រកឃើញ​នៅ​ថ្ងៃ​ជាមួយគ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Nacional​។​
 
​ក្រៅពី​រដ្ឋមន្ត្រី​ទាំងពីរ មាន​សមាជិកសភា​ជាន់​ទាប Congress of Deputies មួយចំនួនទៀត ក​៨​ឆ្លង COVID-19 ផងដែរ ក្នុងនោះ មាន​លោកស្រី Ana Pastor Julian អនុប្រធាន​ទី​ពីរ លោក Santiago Abascal ប្រធាន​គណបក្ស VOX លោក Javier Ortega Smith ដែលមាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ម៉ា​ឌ្រី​ដ លោកស្រី Marcarena Olona Choclan និង​លោក Carlos Jose Zambrano Garcia Raez​។​
 
​លោកស្រី Carmen Leyte គឺជា​សមាជិក​ព្រឹទ្ធសភា ដំបូង​នៅ​អេ​ស្ប៉ា​ញ ដែល​តេស្ត​ឃើញ​វិជ្ជមាន COVID-19 ខណៈ​អ្នកនយោបាយ ជាច្រើន​នាក់​ទៀត ក៏ដូចជា​ក្រុមគ្រួសារ និង​អ្នក​ជិតស្និទ្ធ​របស់​ពួកគេ​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​។​
 
​ក្នុងចំណោម​អ្នក​ឆ្លង អេ​ស្ប៉ា​ញ​ស្ថិតនៅ​លំដាប់​ទី​៥ បន្ទាប់ពី​ចិន អ៊ីតាលី អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង ប៉ុន្តែ​ឈរ​ពីលើ​កូរ៉េខាងត្បូង​វិញ បើ​គិត​លើ​ចំនួន​អ្នកស្លាប់​។ ប្រទេស​ដែលមាន​ករណី​ឆ្លង​បន្ទាប់ពី​អេ​ស្ប៉ា​ញ មានបារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក ស្វី​ស ន័​រវេ​ស និង​ជប៉ុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com