COVID-19
អន្តរជាតិ
លោក ឌូ​ទើ​តេ ប្រកាស​បិទក្រុង​ម៉ានីល ហើយត្រៀមហៅចិនឲ្យជួយ បើ COVID-19 រាលដាលខ្លាំង
13, Mar 2020 , 12:07 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព Manila Bulletin
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព Manila Bulletin
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​១២ ខែមីនា បានប្រកាស​វិធាន​ការបិទ​ការធ្វើដំណើរ​ចេញចូល​រដ្ឋធានី​ម៉ានីល​ទាំងស្រុង ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ។ ចរាច​រាណ៍​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​ចេញចូល​ទីក្រុង​មាន​ប្រជាជន​១២​លាន​នាក់​នេះ នឹង​បិទ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា​តទៅ​។ បើ​ស្ថានការណ៍​ធ្ងន់ធ្ងរ លោក ឌូ​ទើ​តេ បង្ហើប​ថា នឹង​រក​ចិន​ឲ្យ​ជួយ​។​



​ចំនួន​ករណី​ឆ្លង COVID-19 នៅ​ហ្វីលីពីន បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​សប្ដាហ៍​នេះ ដោយ​ចាប់ពី​ថ្ងៃទី​៩ ខែមីនា​មក ការឆ្លង​បាន​កើនឡើង​ពី​២៤​ករណី​ដល់​៥២​ករណី​ឯណោះ ខណៈ​ចំនួន​អ្នកស្លាប់​មាន​ចំនួន​៥​នាក់​។ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​ក្នុងប្រទេស ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក៏​ប្រកាស​បិទ​រដ្ឋធានី​ម៉ានីល​ដើម្បី​បង្ការ​ការឆ្លង​ក្នុង​ទីក្រុង​ដ៏​សំខាន់​របស់​ប្រទេស​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​១២ ខែមីនា លោក ឌូ​ទើ​តេ អះអាងថា ការធ្វើដំណើរ​ចេញចូល​ទីក្រុង​ម៉ានីល នឹងត្រូវ​ហាមឃាត់ សាលារៀន​ទាំងអស់ នឹងត្រូវ​បិទ​មួយខែ ឯ​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​ក៏ត្រូវ​ផ្អាក​ទាំងអស់​ដែរ​។ លើសពីនោះ ជនបរទេស​ដែល​មកពី​ប្រទេស​មាន​ហានិភ័យ​ខ្ពស់ និង​ការឆ្លង​ខ្លាំងក្លា ក៏ត្រូវ​ហាមឃាត់​ផងដែរ​។

«​នេះ​ជាការ​បិទ​ទីក្រុង​។ នេះ​ជា​បញ្ហា​លើ​ការការពារ​អ្នក​ពី COVID-19 ។​» លោក ឌូ​ទើ​តេ ប្រកាស​បែបនេះ​ក្នុង​សារ​ទៅកាន់​ប្រជាជន​។ យ៉ាងណាមិញ លោក មិនទាន់​បញ្ជាក់​ភ្លាម​ទេ​ថា វិធានការ​ទាំងនោះ នឹងមាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ពេលណា ប៉ុន្តែ​បម្រាម​ធ្វើដំណើរ​ចេញចូល​ទីក្រុង​ម៉ានីល​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស នឹង​ចាប់ផ្ដើម​ពី​ចុង​សប្ដាហ៍​នេះ​។

​វិធានការ​របស់​ហ្វីលីពីន បានប្រកាស​ក្រោយ​អង្គការ​សុខភាព​ពិភពលោក ចាត់ទុក COVID-19 ជា​ជំងឺ​រាតត្បាត​សាកល ប៉ុន្តែ​ស្ថិតក្នុង​ស្ថានភាព​គ្រប់គ្រង​បាន​។ នៅ​ថ្ងៃទី​១២ មីនា លោក ឌូ​ទើ​តេ ដែលមាន​វ័យ​៧៤​ឆ្នាំ ក៏បាន​ធ្វើតេស្ត​រក​វីរុស​នេះ ព្រោះ​លោក​ស្ថិតក្នុង​ចង្កោម​មនុស្ស​វ័យ​ចំណាស់​ដែល​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នឹង​ការឆ្លង COVID-19 នេះ ហើយ​ម្យ៉ាង លោក​ជួប​ជាមួយ​មន្ត្រី​សាធារណៈ​ជាច្រើន​ដែល​ជួប​ផ្ទាល់​ជាមួយ​មនុស្សម្នា​ផងដែរ​។​

​ក្នុងករណី COVID-19 នៅ​ហ្វីលីពីន មិន​ធូរស្រាល​នោះ លោក ឌូ​ទើ​តេ ក៏​និយាយ​ពី​លទ្ធភាព​ដែល​ហ្វីលីពីន​ស្នើសុំ​ជំនួយ​ពី​ចិន​។ លោក​បញ្ជាក់​បែបនេះ​ថា​៖ «​ប្រហែល​ជាមាន​ពេល ក្នុងករណី​បញ្ហា​មិនល្អ ដែល​ខ្ញុំ​ស្នើសុំ​ឲ្យ​ចិន​ជួយ​។ ខ្ញុំ​សង្ឃឹមថា ស្ថានភាព នឹងមិន​ដើរ​ដល់​ដំណាក់កាល​នោះទេ ប៉ុន្តែ​យើង​ប្រហែល​ត្រូវការ​ជំនួយ​»៕


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com