COVID-19
ជាតិ
កម្ពុជា ហាមគ្រប់នាវាទេសចរណ៍ ចូលចតមួយរយៈ ដោយខ្លាចការរាលដាលនៃកូវីដ-១៩ រូបពីទទក
× កម្ពុជា សម្រេចឈប់ឲ្យគ្រប់នាវាដឹកអ្នកដំណើរនិងអ្នកទេសចរ ចូលចតតាមកំពង់ផែកម្ពុជាជាបណ្តោះអាសន្ន។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ ដែលចេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។
លោក ម៉ក់ ស៊ីដេត លើកមូលហេតុក្នុងសេចក្តីជូនដំណឹងថា ការផ្អាកនាវាមិនឲ្យចូលចតមួយរយៈនេះ គឺដោយសារតែមានភាពចាំបាច់ ក្នុងការបង្ការការរាលដាលនៃវីរុសកូវីដ-១៩។
នៅដើមខែមីនា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជា បានរកឃើញមនុស្ស៣នាក់បន្ថែមទៀត នៅខេត្តកំពង់ចាម ដែលឆ្លងកូវីដ-១៩។ ក្នុងចំណោមអ្នកទាំង៣នោះ ស្រ្តីម្នាក់ មានវ័យ៦៥ឆ្នាំ និង ២នាក់ទៀត ជាប្តី-ប្រពន្ធ ដោយប្តីមានវ័យ៧៣ឆ្នាំ និង ប្រពន្ធ មានវ័យ៦៩ឆ្នាំ។
ពួកគេទាំង៣ ជាអ្នកដំណើរតាមនាវាទេសចរណ៍ Viking Cruise Journey ដែលចេញពីហូជីមិញ មកភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ហើយបន្ទាប់មក ធ្វើដំណើរទៅខេត្តកំពង់ចាម។ បច្ចុប្បន្ន នាវានេះ កំពុងចតនៅមាត់ទន្លេខេត្តកំពង់ចាម។
អ្នកដំណើរនិងអ្នកបម្រើការងារសរុបប្រមាណ៦០នាក់ លើនាវានេះ ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយលទ្ធផលអវិជ្ជមាន។ អាជ្ញាធរ បានសម្រេចបញ្ជូនពួកគេទាំងអស់នោះ ទៅទុកក្នុងសណ្ឋាគារមួយ នៅជាប់មាត់ទន្លេរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
បច្ចុប្បន្ន កម្ពុជា រកឃើញ៥ករណីហើយ នៃការឆ្លងវីរុសកូវីដ-១៩។ ករណី២ទៀត គឺបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំ នៅសៀមរាប និង បុរសជនជាតិចិនវ័យ៦០ឆ្នាំ នៅខេត្តព្រះសីហនុ។ ចំពោះបុរសជនជាតិចិន បានជាសះស្បើយ និងបានត្រឡប់ទៅចិនវិញហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com