COVID-19
ជាតិ
សង្គមជាតិ
ក្រសួងកែប្រែ៖ កម្ពុជា ហាមតែនាវា ដែលចូលមកតាមច្រកក្អមសំណប៉ុណ្ណោះ ច្រកព្រំដែនក្អមសំណ ស្ថិតក្នុងបរិវេណផ្ទៃទន្លេនេះ
× កម្ពុជា សម្រេចឡើងវិញថា ផ្អាកនាវាទេសចរណ៍ ចូលមកកម្ពុជា តែតាមច្រកផ្លូវទឹកអន្តរជាតិក្អមសំណមួយប៉ុណ្ណោះ ដែលជាច្រកព្រំដែនទឹករវាងកម្ពុជា-វៀតណាម ចំណែក នាវាទេសចរណ៍ ដែលចូលមកកម្ពុជា តាមច្រកផ្លូវទឹកផ្សេងទៀត មិនត្រូវបានផ្អាកឡើយ។ នេះបើតាមសេចក្តីជូនដំណឹងលើកទី២របស់លោក ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ នៃក្រសួងសាធារណការ។
តាមរយៈសេចក្តីជូនដំណឹងលើកទី២ ដែលចេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ដដែល លោក ម៉ក់ ស៊ីដេត ប្រកាសថា សេចក្តីជូនដំណឹងលើក១របស់លោក ត្រូវនិរាករណ៍ចោល (ទុកជាអត់បានការ)។ សេចក្តីជូនដំណឹងលើកទី១ ដែលចេញនៅមុននេះបន្តិច លោក ម៉ក់ ស៊ីដេត សរសេរថា កម្ពុជា សម្រេចផ្អាកនាវា ចូលមកកម្ពុជាជាបណ្តោះអាសន្ន ដែលធ្វើឲ្យសាធារណជន យល់ថា កម្ពុជា ផ្អាកនាវា មិនឲ្យចូលមកកម្ពុជា តាមច្រកទាំងអស់។
ការផ្អាកនាវាមិនឲ្យចូលចតមួយរយៈនេះ គឺដើម្បីការពារកុំឲ្យមានការរាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា។ វិធានការផ្អាកនាវានេះ ធ្វើឡើងក្រោយពីកម្ពុជា រកឃើញអ្នកដំណើរជាជនជាតិអង់គ្លេស៣នាក់ លើនាវាទេសចរណ៍ Viking Cruise Journey ដែលចេញពីហូជីមិញចូលមកភ្នំពេញ មានកូវីដ-១៩។ ចំណែកអ្នកដំណើរនិងអ្នកបម្រើសរុបប្រមាណ៦០នាក់ លើនាវានោះ ក៏ត្រូវបានធ្វើតេស្តដែរ តែមិនមានវីរុសកូវីដ-១៩ឡើយ។
បច្ចុប្បន្ន នាវានោះ កំពុងចតនៅមាត់ទន្លេខេត្តកំពង់ចាម ហើយអ្នកដំណើរនិងអ្នកបម្រើទាំងអស់ ត្រូវយកទៅទុកនៅសណ្ឋាគារមួយ រយៈពេល១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព។
កាលពីដើមខែកម្ភៈ ឆ្នាំ២០២០ មាននាវាទេសចរណ៍ខ្នាតធំមួយរបស់អាមេរិក ឈ្មោះ Westerdam បានចូលចតនៅកំពង់ផែព្រះសីហនុ។ អ្នកដំណើរនិងអ្នកបម្រើលើនាវានោះ ត្រូវបានរាយការណ៍ថា មិនបានឆ្លងវីរុសកូវីដ-១៩ឡើយ។
យ៉ាងណា មានស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ត្រូវបានមាឡេស៊ី អះអាងថា មានកូវីដ-១៩ ក្រោយពីគាត់និងស្វាមីចេញពីកម្ពុជាទៅដល់ម៉ាឡេស៊ី។ តែប្រហែល១សប្តាហ៍ក្រោយមក ម៉ាឡេស៊ី ក៏ប្រកាសថា គាត់បានជាសះស្បើយវិញ។
មកដល់ពេលនេះ កម្ពុជា រកឃើញ៥ករណីហើយ នៃការឆ្លងវីរុសកូវីដ-១៩។ មនុស្ស២នាក់ទៀត ដែលឆ្លងកូវីដ-១៩ គឺមានបុរសជនជាតិខ្មែរម្នាក់ និង បុរសជនជាតិចិនម្នាក់។
បុរសជនជាតិចិននោះ បានជាសះស្បើយនិងត្រឡប់ទៅចិនវិញហើយ។ រីឯបុរសខ្មែរ និង ជនជាតិអង់គ្លេសទាំង៣នាក់ (ស្រី២នាក់) កំពុងស្ថិងក្នុងការព្យាបាល៕
Tag:
កម្ពុជា
ផ្អាកនាវា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com