COVID-19
អន្តរជាតិ
លោក ត្រាំ និយាយការពារចំណាត់ការបិទការធ្វើដំណើរ ក្រោយអឺរ៉ុបប្រតិកម្ម
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយការពារចំណាត់ការហាមប្រាមការធ្វើដំណើរទាំងអស់ពីប្រទេសអឺរ៉ុបចូលទឹកដីអាមេរិករយៈពេល៣០ថ្ងៃដើម្បីទប់ស្កាត់ការនាំចូលជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុសថ្មី (COVID-19) ។ វិធានការនោះ រងប្រតិកម្មខ្លាំងពីអឺរ៉ុបដែលចាត់ទុកជាចំណាត់ការឯកតោភាគី និងមិនបានឆ្លងការកាត់ពិភាក្សាគ្នាជាមុនឡើយ។ លោក ត្រាំ និយាយថា អាមេរិកមានការចាំបាច់ដើម្បីចាត់វិធានការលឿនបែបនេះ។
គ្រប់ប្រទេសទាំងអស់មកពីសហភាពអឺរ៉ុប លើកលែងអង់គ្លេសទើបចាកចេញថ្មីៗ សុទ្ធតែស្ថិតក្រោមវិធានការថ្មីដែលប្រកាសដោយប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែមីនា។ លោក ត្រាំ អះអាងថា ចំណាត់ការ មានគោលដៅទប់ស្កាត់វីរុសមិនឲ្យចូលទឹកដីអាមេរិកថែមទៀត។ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប មិនសប្បាយចិត្តឡើយនឹងចំណាត់ការរបស់សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន ដែលហាមពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅអាមេរិក៣០ថ្ងៃបែបនេះ។
យ៉ាងណាមិញ មេដឹកនាំអឺរ៉ុបបញ្ជាក់ថា ការរឹតត្បិតការធ្វើដំណើរបែបនេះ គ្មានប្រសិទ្ធភាពឡើយ ហើយវាត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រទៀតផង ព្រោះវីរុសបានរាត្បាតសឹងមួយពិភពលោកទៅហើយដែរ។ ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន ដឺ លេអេន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល បានរិះគន់អាមេរិកថា មិនបានជជែកជាមួយអឺរ៉ុបសូម្បីបន្តិចមុននឹងប្រកាសវិធានការជាឯកតោភាគីរបស់ខ្លួន។
«កូរ៉ូណាវីរុស ជាវិបត្តិសាកល មិនមែនកើតមានត្រឹមទ្វីបណាមួយឡើយ ហើយវាត្រូវការកិច្ចសហប្រតិបត្តិការជាជាងសកម្មភាពឯកតោភាគី។» នេះជាការលើកឡើងរបស់មេដឹកនាំសំខាន់ទាំងពីររបស់សហភាពអឺរ៉ុប។ មន្ត្រីទាំងពីរបន្តថា សហភាពអឺរ៉ុប មិនឯកភាពតាមការពិតដែលការសម្រេចចិត្តរបស់អាមេរិកក្នុងការដាក់ចេញបម្រាមធ្វើដំណើរ គឺធ្វើឡើងដោយគ្មានការពិភាក្សាគ្នាអ្វីឡើយ ហើយអឺរ៉ុប ពិតជាបានចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ទល់ COVID-19 ។
យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បាននិយាយការពារការសម្រេចចិត្តនេះថា អាមេរិកគ្មានពេលពិភាក្សាជាមួយអឺរ៉ុបឡើយ។ ប្រាប់អ្នកសារព័ត៌មានក្នុងការស្វាគមន៍នាយករដ្ឋមន្ត្រីអៀរឡង់នៅសេតវិមាន លោក ត្រាំ និយាយថា៖ «ខ្ញុំមិនចង់ចំណាយពេលឡើយ។ វាត្រូវការពេលច្រើន តែអាមេរិកត្រូវការសម្រេចចិត្តឲ្យបានលឿន។» ប្រធានាធិបតីអាមេរិក ក៏ឆ្លៀតនិយាយផ្លែផ្កាដាក់អឺរ៉ុបទៀតថា ពេលដំឡើងពន្ធលើលើអាមេរិក អឺរ៉ុប ក៏អត់និយាយជាមួយអាមេរិកមួយម៉ាត់ដែរ។
សូមបញ្ជាក់ថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ សុទ្ធតែមានករណីឆ្លង COVID-19 ទាំងអស់ សូម្បីតែទីស្នាក់ការអឺរ៉ុបនៅព្រុចសែល ក៏មានការឆ្លងដែរ។ ដើម្បីដោះស្រាយវិបត្តចំពោះមុខនេះ ប្រទេសទាំងនោះ ចាត់វិធានការផ្សេងៗគ្នា ធូរស្រាលទៅតាមស្ថានភាពជាក់ស្ដែង។ អ៊ីតាលី ដែលរងគ្រោះខ្លាំងជាងគេ បានប្រកាសបិទប្រទេសទាំងមូល ដោយនាយករដ្ឋមន្ត្រីប្រទេសនេះប្រាប់ឲ្យប្រជាជនសម្រាកនៅផ្ទះ៕
Tag:
អាមេរិក
អឺរ៉ុប
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com