COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ជប៉ុន ថា​អូឡាំពិក​តូ​ក្យូ​នៅតែ​បន្តធ្វើ ទោះ ត្រាំ ស្នើ​ឲ្យ​ពន្យារពេល​មួយឆ្នាំ​
13, Mar 2020 , 9:39 pm        
រូបភាព
​លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​សុក្រ​ទី​១៣ មីនា​នេះ អះអាងថា​ជប៉ុន​នៅតែ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅរក​ការរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​តូ​ក្យូ​ឆ្នាំ ២០២០ តាម​ការគ្រោងទុក​ដដែល​។ នេះ​ជាការ​ឆ្លើយតប​របស់​អ្នកនាំពាក្យ​កំពូល​រដ្ឋាភិបាល បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ស្នើ​ឲ្យ​មានការ​ពន្យា​ពេល​ប្រកួត​រយៈ​មួយឆ្នាំ ជុំវិញ​បញ្ហា​ឆ្លង COVID-19​។​


 
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ​អា​បេ និង​លោក ត្រាំ បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ​ប្រហែល ៥០ នាទី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ និង​បាន​ព្រមព្រៀង​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ជុំវិញ​ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​រាតត្បាត​សាកល​មួយ​នេះ ប៉ុន្តែ​ទំនងជា​មិនបាន​ពិភាក្សា​អំពី​ការពន្យារពេល​ការប្រកួត​កីឡា​អូឡាំពិក ឬ​ដំណើរការ​ដោយ​គ្មាន​អ្នកទស្សនា​នោះឡើយ​។ នេះ​ជាស​ម្តី​របស់​មន្ត្រី​ជប៉ុន​ដែលជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​។​
 
​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃទី​១៣ លោក ត្រាំ ខែមីនា​នេះ លោក ត្រាំ បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ ថា​៖« កន្លែង​ប្រកួត​អូឡាំពិក​ដែល​ទើបនឹង​បញ្ចប់​គឺ​ពិតជា​អស្ចារ្យ​ណាស់​។ លោក​បាន​បំពេញការងារ​ដ៏​មិនគួរ​ឲ្យ​ជឿ ដែល​នឹងធ្វើ​ឲ្យ​លោក​មាន​មោទកភាព​។ រឿង​ល្អៗ នឹង​កើតឡើង​សម្រាប់​ប្រទេស​ជប៉ុន និង​នាយករដ្ឋមន្ត្រី​ដ៏​អស្ចារ្យ​របស់​ពួកគេ​»​។​
 
 
​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១២ មីនា លោក​ត្រាំ  ធ្លាប់បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា លោក​មិន​ចង់​ឃើញថា​គ្មាន​មនុស្ស​នៅ​ទីនោះ​ទេ (​ដោយ​សំដៅលើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០)​។​
 
«​ប្រហែលជា​ពួកគេ​ពន្យារពេល​មួយឆ្នាំ​…​ប្រសិនបើ​អាច​»​។ អ្វីៗ​ប្រសើរ​ជាង​ការដែល​កីឡដ្ឋាន​គ្មាន​អ្នកគាំទ្រ​នៅ​គ្រប់​ទីកន្លែង​។ ខ្ញុំ​គិតថា​ប្រសិនបើ​អ្នក​លុបចោល ដោយ​រង់ចាំ​ធ្វើ​នៅ​ឆ្នាំក្រោយ​វា​ជា​ជម្រើស​ល្អ ប្រសើរ​ជាង​ការធ្វើ​វា​ដោយ​គ្មាន​មនុស្ស​ចូលរួម​»​។ ប្រធានាធិបតី​អាមេរិក​បន្ថែម​។​
 
Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជាន់ខ្ពស់​គ្រោង​នឹងធ្វើ​បទ​បង្ហាញ​ខ្លី​ស្តីពី​កិច្ចពិភាក្សា​ជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ក្នុងពេល​ឆាប់ៗ​នេះ​៕

Tag:
 COVID-19
  កីឡា​អូឡាំពិក​
© រក្សាសិទ្ធិដោយ thmeythmey.com