កីឡាជាតិ
ជាតិ
លីគកំពូល៖ អាស៊ីអឺរ៉ុបប៉ះយុវជនបាទី មុនព្រះខ័នរាជស្វាយរៀងទទួលអគ្គិសនីកម្ពុជា រូបភាពពី CNCC
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់ការប្រកួតសប្តាហ៍ទី៥ ដោយនៅថ្ងៃសៅរ៍ ទី១៣ មីនា នេះ មានការប្រកួតចំនួនពីរគូ។ ក្នុងនោះអាស៊ីអឺរ៉ុបបើកទ្វារកីឡដ្ឋានស្វាគមន៍យុវជនអាយុក្រោម១៨ឆ្នាំបាទី មុនព្រះខ័នរាជស្វាយរៀងទទួលភ្ញៀវអគ្គិសនីកម្ពុជា។
ក្រុមអាស៊ីអឺរ៉ុបដែលបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយអគ្គិសនីកម្ពុជានៅសប្តាហ៍មុន ត្រូវប្រជែងជាមួយក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទី នាជំនួបសប្តាហ៍ទី៥នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ការប្រកួតដែលរៀបចំនៅកីឡដ្ឋាន A.E.U Sport Park ធ្វើឡើងវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ នេះជាជំនួបលើកទី៤សម្រាប់យុវជន U18 បាទី។
បច្ចុប្បន្នអាស៊ីអឺរ៉ុបស្ថិតនៅលេខរៀងទី៩មាន៤ពិន្ទុ ក្រោយបួនប្រកួតឈ្នះ១ស្មើ១និងចាញ់២ ក្នុងនោះពួកគេយកឈ្នះគីរីវង់សុខសែនជ័យ ១-១ ស្មើអគ្គិសនី ១-១ ចាញ់ក្រសួងការពារជាតិ ២-០ និងភ្នំពេញក្រោន ៦-០។ ចំណែកក្រុម U18 បាទីស្ថិតនៅលេខ១០មាន១ពិន្ទុ ក្រោយបញ្ចប់លទ្ធផលដោយគ្មានការស៊ុតបញ្ចូលទីជាមួយក្រសួងការពារជាតិ ហើយចាញ់ភ្នំពេញក្រោន ៧-០ និងអគ្គិសនីកម្ពុជា ២-០។
នៅម៉ោង៦ល្ងាចថ្ងៃសៅរ៍នេះដែរ ក្រុមព្រះខ័នរាជស្វាយរៀងដែលបញ្ចប់លទ្ធផលដោយគ្មានការស៊ុតបញ្ចូលទីជាមួយភ្នំពេញក្រោននៅសប្តាហ៍មុន ត្រូវបើកទ្វារកីឡដ្ឋានទទួលភ្ញៀវអគ្គិសនីកម្ពុជា។ ស្វាយរៀងត្រូវការឈ្នះនៅថ្ងៃនេះ ដើម្បីឡើងទៅឈរកំពូលបណ្តោះអាសន្នក្នុងសប្តាហ៍ទី៥ ដោយមាន១៣ពិន្ទុ។
ព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់បរាជ័យនោះទេ សម្រាប់ការប្រកួតបួនលើកកន្លងមកនេះ ដោយឈ្នះ៣និងស្មើ១ប្រកួត។ ក្នុងនោះឈ្នះសូលទីឡូអង្គរ ៥-១, គីរីវង់សុខសែនជ័យ ៤-២, ក្រសួងការពារជាតិ ២-០ និងស្មើ ០-០ ជាមួយភ្នំពេញក្រោន។ រីឯអគ្គិសនីកម្ពុជាឈ្នះ U18 បាទី ២-០ ស្មើ ១-១ ជាមួយអាស៊ីអឺរ៉ុប និងចាញ់ភ្នំពេញក្រោន ៣-០។ បច្ចុប្បន្នព្រះខ័នរាជស្វាយរៀងឈរលេខរៀងទីពីរមាន១០ពិន្ទុ ខណៈអគ្គិសនីកម្ពុជាឈរលេខរៀងទី៨មាន៤ពិន្ទុ៕
Tag:
បាល់ទាត់
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com