COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី​ផ្អាក​ប្រកួត​លី​គ​ក្នុងស្រុក​ព្រោះ COVID-19 រាលដាល​ខ្លាំង
13, Mar 2020 , 4:42 pm        
រូបភាព
ការប្រកួតរវាងក្រុម Perak FA ដែលយកឈ្នះ PJ City 2-0 ក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ីកន្លងទៅ
ការប្រកួតរវាងក្រុម Perak FA ដែលយកឈ្នះ PJ City 2-0 ក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ីកន្លងទៅ
​លី​គ​កីឡាបាល់ទាត់​ម៉ាឡេស៊ី​គ្រប់​កម្រិត នឹងត្រូវ​ផ្អាក​ការប្រកួត​ចាប់ពី​សប្តាហ៍​ក្រោយ​តទៅ​ដើម្បី​ចៀសវាង​ការឆ្លង COVID-19​។ ក្រុមមន្ត្រី​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) ប្រកាស​ដូច្នេះ​នៅ​ថ្ងៃ​សុក្រ​ទី​១៣ ខែមីនា​នេះ​។ ម៉ាឡេស៊ី ជា​ប្រទេស​តំបន់​អាស៊ាន​ទី​ពីរ​បន្ទាប់ពី​ថៃ ដែល​ប្រកាស​ផ្អាក​ការប្រកួត​លី​គ​កីឡាបាល់ទាត់​។​


 
​បន្ទាប់ពី​កិច្ចពិភាក្សា​បន្ទាន់​មួយ​ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់ FAM សម្រេច​ថា​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ តម្រូវ​ឲ្យ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន មុន​ផ្អាក​ចាប់ពី​សប្តាហ៍​បន្ទាប់​តទៅ​។​
 
​លោក Stuart Ramalingam អគ្គលេខាធិការ FAM បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ចាប់ពី​ថ្ងៃ​ច័ន្ទ​ក្រោយនេះ​ទៅ រាល់​ការប្រកួត​ក្នុង​លី​គ និង​ការប្រកួត​នានា​ក្រោម​ការគ្រប់គ្រង​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី នឹងត្រូវ​ពន្យារពេល​រហូតដល់​មាន​សេចក្តីជូនដំណឹង​បន្ថែម​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមីនា​នេះ ម៉ាឡេស៊ី​មាន​ត្រា​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ចំនួន ១៥៨ ករណី និង​ជាសះស្បើយ​ចំនួន​៣២​ករណី​។ ម៉​ឡេ​ស៊ី​ជា​ប្រទេស​នៅ​តំបន់​អាស៊ាន​ដែលមាន​ករណី​ឆ្លង COVID-19 ច្រើន​បំផុត​លំដាប់​ទី បន្ទាប់ពី​សិង្ហ​បុរី​ដែលមាន​អ្នក​ឆ្លង​១៨៧​នាក់ និង​សះស្បើយ​៩៦​ករណី​។​
 
​ដោយសារតែ COVID-19 ដែល​ក្លាយជា​ជំងឺ​រាតត្បាត​សាកល បានធ្វើ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ធំៗ​ដូចជា អ៊ីតាលី អេ​ស្ប៉ា​ញ ជប៉ុន កូរ៉េខាងត្បូង និង​ចិន​ដែលជា​ចំនុច​ផ្តើម​នៃ​ជំងឺ​នេះ​៕

Tag:
 COVID-19
  FAM
© រក្សាសិទ្ធិដោយ thmeythmey.com