COVID-19
ជាតិ
សង្គមជាតិ
ស្ថានទូតម៉ាឡេស៊ី ប្រាប់ពលរដ្ឋខ្លួន កុំឲ្យដើរផ្តេសផ្តាស ក្រោយកម្ពុជា មានកូវីដ-១៩ ៥ករណី រូបពីស្ថានទូតម៉ាឡេស៊ី
× ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដោយបានក្រើនរម្លឹកប្រជាពលរដ្ឋខ្លួន ដែលកំពុងមានវត្តមាននៅកម្ពុជា ឲ្យចៀសវាងការធ្វើដំណើរទៅកន្លែងណាដែលមិនចាំបាច់ និងកន្លែងដែលប្រមូលផ្តុំមនុស្សច្រើន ហើយត្រូវចេះការពារខ្លួន តាមការណែនាំរបស់អង្គការសុខភាពពិភពលោក។
ការចេញសារក្រើនរម្លឹករបស់ស្ថានទូតម៉ាឡេស៊ី ទៅដល់ប្រជាពលរដ្ឋខ្លួននាពេលនេះ គឺធ្វើឡើងក្រោយពីកម្ពុជា រកឃើញ៥ករណីនៃការផ្ទុកវីរុសកូវីដ-១៩។ ស្ថានទូតម៉ាឡេស៊ី អះអាងថា កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃបញ្ហាវីរុសកូវីដ-១៩ នៅកម្ពុជា។ នៅយប់ថ្ងៃទី១៣ ខែមីនា ក្រសួងសុខាភិបាល ប្រកាសថា រកឃើញការឆ្លងកូវីដ-១៩ ២ករណីទៀត ដែលធ្វើឲ្យកម្ពុជា ឡើងដល់៧ករណី។
ទន្ទឹមនឹងនេះ ស្ថានទូតម៉ាឡេស៊ី បានណែនាំប្រជាពលរដ្ឋខ្លួននៅកម្ពុជា ឲ្យធ្វើបច្ចុប្បន្នភាពអំពីព័ត៌មានរបស់ពួកគេ ជាមួយនឹងស្ថានទូត ដើម្បីមានភាពងាយស្រួលក្នុងការទាក់ទងគ្នា។
ករណីទី១ កម្ពុជា រកឃើញបុរសជនជាតិចិនវ័យ៦០ឆ្នាំម្នាក់នៅខេត្តព្រះសីហនុ មានវីរុសកូវីដ-១៩ កាលពីចុងខែមករា ឆ្នាំ២០២០ តែបានជាសះស្បើយវិញ។ នៅដើមខែមីនានេះ បុរសខ្មែរវ័យ៣៨ឆ្នាំម្នាក់ ជាអ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុនមួយនៅខេត្តសៀមរាប ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ-១៩ ពីបុរសជនជាតិជនជាតិជប៉ុនជាថៅកែ។
២-៣ថ្ងៃក្រោយមក អាជ្ញាធរកម្ពុជា បានរកឃើញមនុស្ស៣នាក់បន្ថែមទៀតនៅខេត្តកំពង់ចាម ដែលឆ្លងកូវីដ-១៩។ ក្នុងចំណោមអ្នកទាំង៣នោះ ស្ត្រីម្នាក់ មានវ័យ៦៥ឆ្នាំ និង ២នាក់ទៀត ជាប្តី-ប្រពន្ធ ដោយប្តីមានវ័យ៧៣ឆ្នាំ និង ប្រពន្ធ មានវ័យ៦៩ឆ្នាំ។
ពួកគេទាំងបី ជាអ្នកដំណើរតាមនាវាទេសចរណ៍ Viking Cruise Journey ដែលចេញពីហូជីមិញ មកភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ហើយបន្ទាប់មក ធ្វើដំណើរទៅខេត្តកំពង់ចាម។ បច្ចុប្បន្ន នាវានេះ កំពុងចតនៅមាត់ទន្លេខេត្តកំពង់ចាម។
អ្នកដំណើរនិងអ្នកបម្រើការងារសរុបប្រមាណ៦០នាក់ទៀតលើនាវា ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយលទ្ធផលអវិជ្ជមាន។ អាជ្ញាធរ បានសម្រេចយកពួកគេទាំងអស់នោះ ទៅទុកក្នុងសណ្ឋាគារមួយ នៅជាប់មាត់ទន្លេរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
ចំពោះស្ត្រីអង់គ្លេសវ័យ៦៥ឆ្នាំ ដែលមានកូវីដ-១៩ ត្រូវបានផ្ទេរពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅព្យបាលនៅមន្ទីរពេទ្យមួយនៅភ្នំពេញ។ ចំណែកជនជាតិអង់គ្លេសជាប្តីប្រពន្ធ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
២ករណីចុងក្រោយ គឺកើតលើបុរសជនជាតិកាណាអាយុ៤៩ និង បុរសជនជាតិប៊ែលហ្សិកអាយុ៣៣ឆ្នាំ។ បុរសទាំង២នេះ ដែលទើបនឹងរកឃើញថាមានកូវីដ-១៩នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
Tag:
កម្ពុជា
ម៉ាឡេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com