COVID-19
ជាតិ
សង្គមជាតិ
ប្តីប្រពន្ធជនជាតិអង់គ្លេស ដែលមានកូវីដ-១៩ ត្រូវបញ្ជូនពីកំពង់ចាម ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
13, Mar 2020 , 9:16 pm        
រូបភាព
ដោយ: ថ្មីៗ
ប្តីប្រពន្ធជនជាតិអង់គ្លេស ដែលឆ្លងវីរុសកូវីដ-១៩ ត្រូវបានផ្ទេរចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ នេះតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែមីនា។



ក្រសួងសុខាភិបាល លើកហេតុផលថា ការផ្ទេរនេះ គឺធ្វើឡើងតាមសំណើរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ហើយម្យ៉ាងទៀតប្តីប្រពន្ធ២នាក់នោះ មានវ័យចាស់ជរា និងមានបញ្ហាសុខភាពផ្សេងៗទៀត។ ប្តី មានអាយុ៧៣ឆ្នាំ ហើយប្រពន្ធ មានអាយុ៦៩ឆ្នាំ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្រុមគ្រូពេទ្យនិងអ្នកឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កំពុងតាមដាននិងព្យាបាលទៅតាមស្ថានភាពនៃសុខភាពរបស់ពួកគាត់។ ក្រសួងសុខាភិបាល បន្ថែមថា រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែមីនា ពួកគាត់ មិនបានចេញរោគសញ្ញាអ្វីឡើយ ដោយមានស្ថានភាពធម្មតា។

ស្រ្តីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំម្នាក់ទៀត ដែលមានវីរុសកូវីដ-១៩ដែរនោះ ក៏ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅព្យាបាលនៅភ្នំពេញដែរ តែក្រសួងសុខាភិបាល មិនបានបញ្ជាក់ថា មន្ទីរពេទ្យណានោះទេ។

អត្ថបទទាក់ទង


ជនជាតិអង់គ្លេសទាំង៣នាក់នោះ គឺជាអ្នកដំណើរលើនាវាទេសចរណ៍ Viking Cruise Journey។ អ្នកដំណើរនិងបុគ្គលិកបម្រើការងារសរុប៦១នាក់ទៀត លើនាវានោះ ក៏ត្រូវបានធ្វើតេស្តដែរ តែមិនបានឆ្លងវីរុសកូវីដ-១៩ឡើយ។ ក្រោយមក អាជ្ញាធរ បានយកពួកគេទាំងនោះ ទៅទុកនៅសណ្ឋាគារមួយជាប់មាត់ទន្លេ ដើម្បីតាមដានសុខភាពរយៈពេល១៤ថ្ងៃ។

ចំណែក នាវានោះ ត្រូវចតចោលនៅមាត់ទន្លេខេត្តកំពង់ចាម ដោយអាជ្ញាធរ បានសម្អាតតាមស្តង់ដារណែនាំរបស់អង្គការសុខភាពពិភពលោក។ នាវានោះ បានចេញពីហូជីមិញ ចូលមកដល់ភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ហើយបន្ទាប់មក ក៏នាំអ្នកដំណើរខ្លួនទៅកម្សាន្តតាមទន្លេខេត្តកំពង់ចាម។

បច្ចុប្បន្ន កម្ពុជា រកឃើញការឆ្លងវីរុសកូវីដ-១៩ ៧ករណីហើយ។ ជនជាតិអង់គ្លេស២នាក់ជាប្តីប្រពន្ធ ដែលរកឃើញថាមានវីរុសកូវីដ-១៩ ពេលនាវាទៅដល់ខេត្តកំពង់ចាម ត្រូវផ្ទេរទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។

បុរសជនជាតិកាណាអាយុ៤៩ឆ្នាំ និង បុរសជនជាតិប៊ែលហ្សិកអាយុ៣៣ឆ្នាំ ដែលក្រសួងសុខាភិបាល ទើបតែតេស្តរកឃើញវីរុសកូវីដ-១៩ នៅល្ងាចថ្ងៃទី១៣ ខែមីនានេះ ក៏ស្ថិតក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ។

រីឯ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលរកឃើញថាមានវីរុសកូវីដ-១៩ នៅខេត្តកំពង់ចាមដែរនោះ ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅភ្នំពេញដែរ តែក្រសួងសុខាភិបាល ពុំបានបញ្ជាក់ឈ្មោះមន្ទីរពេទ្យឡើយ។

ចំពោះបុរសខ្មែរអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប ដែលឆ្លងវីរុសកូវីដ-១៩ ពីបុរសជនជាតិជប៉ុនជាថៅកែ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ដោយឡែក បុរសជនជាតិចិនអាយុ៦០ឆ្នាំ ដែលរកឃើញវីរុសកូវីដ-១៩ កាលពីចុងខែមករា នៅខេត្តព្រះសីហនុ បានជាសះស្បើយនិងបានត្រឡប់ទៅចិនវិញហើយ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com