COVID-19
អន្តរជាតិ
អាមេរិក និង​អេ​ស្ប៉ា​ញ ប្រកាសអាសន្ន ជុំវិញ COVID-19
14, Mar 2020 , 11:34 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ AFP
​នា​ថ្ងៃទី​១៣ ខែមីនា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​អាសន្ន​ថ្នាក់ជាតិ ស្របពេល​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​វុ​ស (COVID-19) កំពុងតែ​អុកឡុក​នៅក្នុង​ប្រទេស​។ ក្រៅពី​អាមេរិក នៅ​អេ​ស្ប៉ា​ញ​ឯណោះ​វិញ ក៏​ត្រៀម​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នៅ​ថ្ងៃទី​១៤ ខែមីនា​នេះដែរ​។



​ស្ថានការណ៍​រីកសាយ​ភាយ​COVID-19 កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​នៅក្រៅ​ប្រទេស​ចិន​។ ក្នុងចំណោម​ប្រទេស​ទាំងនោះ អេ​ស្ប៉ា​ញ និង​អាមេរិក បាន​រកឃើញ​COVID-19 ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ថ្ងៃទី​១៣ ខែមីនា អាមេរិក​មាន​COVID-19 ប្រមាណ ២​ពាន់​ករណី ស្របពេល​អេ​ស្ប៉ា​ញ​មាន​ជាង ៥​ពាន់​ករណី​។

​បន្ទាប់ពី​តួលេខ​COVID-19 ឡើង​យ៉ាងគំហុក​បែបនេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នា​ថ្ងៃទី​១៣ ខែមីនា បានប្រកាស​ដាក់​អាមេរិក​ស្ថិតក្នុង​ភាពអាសន្ន តាមរយៈ​ស​ន្និសិទ​មួយ​នៅ​សេត​វិមាន​។ បើតាម​ការបញ្ជា​ក់រប​ស់លោក​ត្រាំ រដ្ឋាភិបាល​អាមេរិក នឹង​ផ្តល់​អំណាច​ពេញលេញ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​ទាំងអស់​ប្រឆាំង​COVID-19​។ ជាពិសេស​អាមេរិក ត្រៀម​លុយ​រហូតដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ សម្រាប់​ជា​មូលនិធិ​ដល់​រដ្ឋ​សហព័ន្ធ​ទាំងអស់​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​ចំណែក​នៅ​អេ​ស្ប៉ា​ញ​វិញ រដ្ឋាភិបាល ក៏​ត្រៀម​ដាក់​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​រយៈពេល ១៥​ថ្ងៃ​ដែរ​។ ការប្រកាសអាសន្ន​នេះ អេ​ស្ប៉ា​ញ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ខែមីនា​នេះ​។ បើតាម​ការបញ្ជា​ក់រប​ស់​នាយករដ្ឋមន្ត្រី លោក Pedro Sanchez អេ​ស្ប៉ា​ញ នឹង​ប្រកាសអាសន្ន​កម្រិត​១ ក្នុងចំណោម​បី​កម្រិត​។ ការប្រកាសអាសន្ន ដែលមាន​រយៈពេល​យ៉ាងហោចណាស់​១៥​ថ្ងៃ នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​កាន់តែ​ទូលាយ​ជាង​មុន ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស និង​ការការពារ​សុវត្ថិភាព​របស់​ប្រជាជន​។

​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ ករណី​ឆ្លង​នៅ​អឺរ៉ុប និង​អាមេរិក បាន​កើនឡើង​យ៉ាងគំហុក​។ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19 រដ្ឋាភិបាល​ជាច្រើន បានចេញ​វិធានការ​ជា​បន្ទាប់​បន្ទាប់​។ ចំណាត់ការ​ទាំងនោះ​មានដូចជា បិទ​សាលារៀន ហាមឃាត់​ការជួបជុំ​គ្នាច្រើន​នាក់ ការផ្អាក​ព្រឹត្តិការណ៍​កីឡា និង​រឹតត្បិត​ការធ្វើដំណើរ​ជាដើម​៕


Tag:
 ​អាមេរិក​
  អេ​ស្ប៉ា​ញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com