អន្តរជាតិ
លោក Bill Gate ចេញពី​ក្រុមប្រឹក្សាភិបាល Microsoft ដើម្បី​មាន​ពេល​បំពេញការងារ​មនុស្សធម៌​
14, Mar 2020 , 7:29 pm        
រូបភាព
មហាសេដ្ឋីប្រាក់ពាន់លាន Bill Gates។ រូបភាព៖ Deadline
មហាសេដ្ឋីប្រាក់ពាន់លាន Bill Gates។ រូបភាព៖ Deadline
​សហ​ស្ថា​និក​ក្រុមហ៊ុន Microsoft លោក Bill Gate នា​ថ្ងៃទី​១៣ ខែមីនា បាន​ចុះ​ចេញពី​តំណែង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Microsoft ដើម្បី​ទៅ​ជួយ​ការងារ​សង្គម និង​មនុស្សធម៌​។



Bill Gate ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា មហាសេដ្ឋី​ប្រាក់​ពាន់​លាន​របស់​អាមេរិក បានសម្រេច​លាឈប់​ពី​តំណែង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Berkshire Hathaway​។ បន្ទាប់ពី​លាឈប់​ពី​តំណែង​ដ៏​ខ្ពស់​បែបនេះ លោក​Bill Gates នឹង​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​សុខភាព​សកល ការអភិវឌ្ឍ អប់រំ និង​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​មួយ​នេះ ក៏មាន​មូលនិធិ​សប្បុរសធម៌​របស់ខ្លួន​ដែរ គឺ Gates Foundation ដែល​ផ្តោត​សំខាន់​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង ភាព​ក្រី​ក្រី និង​បញ្ហា​ផ្សេងទៀត​។
​ចាប់តាំងពី​ឆ្នាំ​២០០៨​មក លោក​Bill Gates បាន​ចុះ​ចេញពី​តំណែង​ជា​បន្តបន្ទាប់​។ ក្នុង​ឆ្នាំ ២០០៨ លោក Gates បាន​ចុះ​ចេញពី​តំណែង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft​។ នៅក្នុង​ឆ្នាំ ២០១៤ លោក Gates បាន​ឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Microsoft ហើយ​នៅក្នុង​ឆ្នាំ ២០២០​នេះ  លោក បាន​លាឈប់​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Microsoft និង​ក្រុម Berkshire Hathaway ថែមទៀត​។

​បើតាម​ការបញ្ជា​ក់រប​ស់លោក Bill Gates បើទោះបីជា​លោក​លាឈប់​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល​ក៏ដោយ ក៏​លោក​នៅតែ​បន្ត​ភ្ជាប់​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​ដែរ​។
​សូមបញ្ជាក់ថា Bill Gates ដែលមាន​វ័យ ៦៥​ឆ្នាំ គឺជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន លំដាប់​ទី​ពីរ​របស់​ពិភពលោក ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៩៦​ពាន់​លាន​ដុល្លារ​៕


Tag:
 Bill Gate
  Microsoft
© រក្សាសិទ្ធិដោយ thmeythmey.com