ជាតិ
ក្រសួង​ព័ត៌មាន បង្កើត​គណៈកម្មការ​តាមដាន​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ត្រៀម​ចាត់វិធានការ​ច្បាប់​
14, Mar 2020 , 7:59 pm        
រូបភាព
លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានតែងតាំងជាប្រធានគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយ (រូបពីក្រសួងព័ត៌មាន)
លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានតែងតាំងជាប្រធានគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយ (រូបពីក្រសួងព័ត៌មាន)
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន សម្រេច​បង្កើត​គណៈកម្មកា​រ​មួយ សម្រាប់​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​នៅ​កម្ពុជា​។ ក្រសួង​ព័ត៌មាន លើក​មូល​ហេតុថា ការសម្រេច​បង្កើត​គណៈ​កម្ម​ការ​នេះ​ឡើង គឺ​ដោយសារតែ​មានការ​ផ្សព្វផ្សាយ​ព័​ត៌​ក្លែងក្លាយ​ច្រើន ដែល​ជាការ​បំផុសបំផុល នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ និង​ធ្វើ​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម​។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គណៈកម្មការ​នេះ មាន​ភារកិច្ច​ក្នុងការ​តាមដាន​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ តាម​បណ្ដាញ​សង្គម ឬ​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​ទៀត​។ គណៈកម្មការ​នេះ នឹង​ឆ្លើយតប​ទៅ​សាធារណជន​ឲ្យ​ទាន់ពេល និង​គ្រប់​មធ្យោបាយ​រាល់​ការផ្សាយ​ព័ត៌មាន​មិន​ពិត រួមទាំង​សហការ​ជាមួយ​ស្ថាប័ន​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

​ក្នុងការ​សហការ​រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្រុមហ៊ុន និង អង្គការ​នានា គឺ​ដើម្បី​រាំងខ្ទប់​(block) គេហទំព័រ គណនី​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​កណា ដែល​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ គណៈកម្មការ​នឹងធ្វើ​របាយការណ៍​ជូនទៅ​ថ្នាក់ដឹកនាំ​ក្រសួង​ពី​ស្ថានភាព​នៃ​ការផ្សាយ ដើម្បី​អនុវត្តតាម​និ​តី​វិធី​ច្បាប់​។

​គណៈកម្មការ មាន​លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជា​ប្រធាន អមដោយ​អនុប្រធាន​៣​រូប និង សមាជិក​មួយចំនួនទៀត​។ ប្រធាន​មន្ទីរ​ព័ត៌មាន​នៅ​គ្រប់​រាជធានី​-​ខេត្ត ក៏​ជា​សមាជិក​នៃ​គណៈកម្មការ​នេះដែរ​៕


Tag:
 ក្រសួង​ព័ត៌មាន​
  ព័ត៌មាន​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com