ជាតិ
​ទូត​អាមេរិក​លើកឡើង​ពី​សមិទ្ធផល​ផ្លែផ្កា​លើ​ការងារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​
14, Mar 2020 , 3:21 pm        
រូបភាព
លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ប្រគល់អនុស្សាវរីយ៍ ជូនលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយបញ្ចប់កិច្ចពិភាក្សាស្តីអំពី«ស្ត្រីក្នុងការការពារវប្បធម៌» ដែលធ្វើឡើងនៅសារមន្ទីរជាតិ កាលពីថ្ងៃទី១៣មីនា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ប្រគល់អនុស្សាវរីយ៍ ជូនលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយបញ្ចប់កិច្ចពិភាក្សាស្តីអំពី«ស្ត្រីក្នុងការការពារវប្បធម៌» ដែលធ្វើឡើងនៅសារមន្ទីរជាតិ កាលពីថ្ងៃទី១៣មីនា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
​ភ្នំពេញ​៖​ការអភិរក្ស​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ដែល​បានមក​តំបន់​បេតិកភណ្ឌ គឺមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ការជំរុញ​សេដ្ឋកិច្ច​នៃ​តំបន់​ជុំវិញ​។ នេះ​ជា​លើកឡើង​របស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​លោក​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​ប្តេជ្ញាចិត្ត​បន្តធ្វើ​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ នៅ​កម្ពុជា ។​



​ក្នុង​កិច្ចពិភាក្សា​ដែល​ស្តីអំពី «​ស្ត្រី​ក្នុងការ​ការពារ​វប្បធម៌​» ដែល​ធ្វើឡើង​នៅ​សារមន្ទីរ​ជាតិ កាលពី​ថ្ងៃទី​១៣​មីនា  លោក W. Patrick Murphy បាន​បញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក​ចូលរួម​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​ក្នុង​ភាពជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ដែលជា​ប្រទេស​ម្ចាស់ផ្ទះ ក្នុងការ​ជំរុញ​គោលដៅ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​អភិបាលកិច្ច​ល្អ ផងដែរ​។​

​ឆ្នាំ​២០២០ គឺជា​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក​
​និង​កម្ពុជា ដោយ  លោក​ឯកអគ្គ​បាន​និយាយ​ដូ​ច្នេ​៖«​នេះ​ជា ឧទាហរណ៍​ដ៏​ច្បាស់​មួយ​នៃ​កិច្ចសហការ​របស់​យើង​គឺ​ការប្តេជ្ញា​ចិត្តជា​បន្ត​រប​ស់​យើង​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​។ ប្រទេស​យើង​ទាំងពីរ គួរតែមាន​មោទកភាព​ចំពោះ​ការងារ​ដែល​យើង​សម្រេចបាន​រួមគ្នា​នៅក្នុង​វិស័យនេះ​» ។​


​លោក​W. Patrick Murphy កំពុងមាន​ប្រសាសន៍ ក្នុង​កិច្ចពិភាក្សា​ស្តីអំពី​«​ស្ត្រី​ក្នុងការ​ការពារ​វប្បធម៌​» ដែល​ធ្វើឡើង​នៅ​សារមន្ទីរ​ជាតិ កាលពី​ថ្ងៃទី​១៣​មីនា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/ThmeyThmey

​លោក W. Patrick Murphy បាន​រម្លឹកថា​ចាប់តាំងពី​ឆ្នាំ​២០០៣​មក កម្ពុជា​និង​អាមេរិក បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រៀងរាល់​៥​ឆ្នាំ​ម្តង​ក្នុង​គោលបំណង​ការពារ​វត្ថុ​បុរាណ និង​គាំទ្រ​ដល់ កម្ពុជា​នៃ​ច្ច ប្រឹងប្រែង​របស់ខ្លួន​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​វត្ថុ​បុរាណ​ដែល​គេ​យកទៅ​មិនអាច​កាត់ថ្លៃ​បាន​។ លោក បាន​បញ្ជាក់ថា ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​នៅតែ បន្ត​គាំទ្រ​ស្មារតី​នៃ​អនុស្សារណៈ​យោគយល់​និង​ដើម្បី​ធានា​ឱ្យបាន​នូវ​លទ្ធផល​នៃ​ផែនការ​សកម្មភាព​រប​ស់​ប្រទេស​ទាំងពីរ​នេះ​។​

​ចាប់តាំងពី​ឆ្នាំ​២០០១​រហូតដល់​បច្ចុប្បន្ន អាមេរិក​បាន​ដល់​ជំនួយ​ដល់​ក្នុង​កម្ពុជ ក្នុង​ផ្នែក​វប្បធម៌ មាន​ចំនួន​៤,៥​លាន​ដុល្លារ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​អ្នកស្រី​បាន​បញ្ជាក់ថា​ជំនួយ​ទាំងនោះ ភាគច្រើន​គឺ​ជួយ​ទៅដល់​ការជួសជុល​ប្រាសាទ​នៅលើ​ភ្នំ​បាក់​ខែង ប្រាសាទបន្ទាយស្រី ប្រាសាទព្រះវិហារ​ជាដើម​។

លោក​W. Patrick Murphy កំពុង​ថតរូប​ជាមួយ លោកស្រី ភឿង ស​កុ​ណា និង​ជាមួយ​ស្ត្រី​វ័យក្មេង​៣​រូប​ទៀត ដែល​កំពុង​ធ្វើ​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ខ្មែរ​។ រូបថត​៖ អ៊ូ សុខ​មាន​/ThmeyThmey

​បើតាម​អ្នកស្រី ថវិកា​ជំនួយ​ខាងលើនេះ ក្រៅពី​ការងារ​ជួសជុល​ប្រាសាទ​នានា អាមេរិក​ក៏បាន​បង្កើត​សារមន្ទីរ​អង្គរ​បូរី​នៅ​ភ្នំ​ដា​ក្នុង​ខេត្តតាកែវ​។ ការរក្សា​នូវ​សម្លៀកបំពាក់​ជនរងគ្រោះ នា​សម័យ​ខ្មែរក្រហម នៅក្នុង​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ដ៏​ដូច​ជាការ​ចងក្រង​អត្ថបទ និង​ឯកសារ​ឆ្លងឆ្លើយ​គ្នា ដែល​ទាក់ទង​នឹង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ដែរ​។

​អ្នកស្រី ភឿង ស​កុ​ណា បញ្ជាក់ថា ផ្នែក​វប្បធម៌​ដែល​កម្ពុជា​ទទួល​បានកា​រ​គាំទ្រ​ពី​អាមេរិក​តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កន្លងមកនេះ  គឺ​បាន​អនុញ្ញាតឱ្យ​កម្ពុជា​ទាមទារ​នូវ​វត្ថុ​បុរាណ​សំខាន់​ពី​បរទេស​មកវិញ​ដែល​បាន​បាត់បង់​ពី​សម័យ​សង្គ្រាម ចំនួន​៤២​សំណាក់ ហើយ​កម្ពុជា​កំពុង​ស្វែងរក​បុរាណ​របស់​ខ្មែរ​ពី​បណ្តា​ប្រទេស​ផ្សេងៗ តាមរយៈ​ការ​គាំពារ​ផ្នែក​ច្បាប់​ពី​សហរដ្ឋអាមេរិក​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​រូបនេះ បាន​អះអាង​ដូច្នេះ​៖«​ការចូលរួម​របស់​អា​មេ​រិ​ក​ក្នុងការ​ថែរក្សា​បេតិកភណ្ឌ​ជាតិ និង​រក្សា​ឯកសារ​នានា​ដែល​ទាក់ទង​នឹង​ប្រវត្តិ​កម្ពុជា​យើង គឺ​ផ្នែក​មួយ​នៃ​ការជួយ​និង​ចិត្ត​ទុកដាក់​យើង ធ្វើឱ្យ​ចំណងមិត្តភាព​កាន់តែ​រឹងមាំ ដោយសារ​យើង​ស្គាល់គ្នា​ទៅវិញទៅមក​យ៉ាងច្បាស់ ក្នុង​ការជួយ​ថែរក្សា​នូវ​អ្វី​ដែលជា​របស់​ខ្មែរ​»៕


Tag:
 ប្រវត្តិសាស្ត្រ​
  បេតិកភណ្ឌ​
  សារមន្ទីរ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com