ជាតិ
ក្រសួង បង្កើតកម្មវិធីបង្រៀនសិស្សនៅក្រុងសៀមរាប តាមអនឡញ រូបភាពពីក្រសួងអប់រំ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច (E-Learning) ដោយឥតគិតថ្លៃសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងក្រុងសៀមរាប។ ការបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចនេះ គឺដើម្បីជាជំនួយដល់សិស្សានុសិស្ស ខកខានការសិក្សា ដោយសារតែគ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានឯកជន ក្នុងក្រុងសៀមរាប ត្រូវបិទទ្វារមួយរយៈ បន្ទាប់ពីមានបុរសខ្មែរម្នាក់ ឆ្លងវីរុសកូវីដ-១៩។
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំចុះថ្ងៃទី១៣ ខែមីនា បានឲ្យដឹងថា សិស្សានុសិស្សទាំងអស់ អាចរៀនតាមប្រព័ន្ធអេឡិចត្រូនិច តាមរយៈទូរស័ព្ទដៃ ឬកំព្យូទ័រជាដើម។ មិនមែនតែសិស្សានុសិស្សនៅក្រុងសៀមរាប សិស្សតាមបណ្តាខេត្តដទៃ ក៏អាចសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចនេះបានដូចគ្នា ដើម្បីទទួលបានចំណេះដឹងបន្ថែមលើមុខវិជ្ជាឯកទេសចំនួន៦ រួមមាន គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ភាសាខ្មែរ។
កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចនេះ បង្កើតឡើង ដើម្បីជំនួយដល់ការសិក្សារបស់សិស្សានុសិស្ស ឲ្យបានបន្តការសិក្សាដោយខ្លួនឯង នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ក្នុងនោះវាក៏ជាកត្តាជំនួយស្មារតី សម្រាប់សិស្សត្រៀមប្រឡងក្នុងពេលខាងមុខផងដែរ។
កម្មវិធីបង្រៀននេះនឹងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ តទៅ ហើយសិស្សានុសិស្សទាំងអស់ អាចសិក្សាបានតាមរយៈ YouTube របស់ក្រសួង www.youtube.com/moeys ដែលក្នុងនោះ មានបង្រៀនជាវីដេអូផងដែរ និង តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ www.facebook.com/moeys.gov.kh ដែលនឹងមានការផ្សាយសម្រាប់ថ្នាក់ទី៩ នៅពេលព្រឹក និងពេលរសៀលសម្រាប់ថ្នាក់ទី១២។
មួយវិញទៀត សិស្សានុសិស្ស ក៏អាចសិក្សាតាមរយៈមជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិចរបស់ក្រសួងអប់រំ elearning.moeys.gov.kh ផងដែរ៕
Tag:
ក្រសួងអប់រំ
ជំងឺ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com