COVID-19
អន្តរជាតិ
រៀបការ៦០ឆ្នាំ ប្តីប្រពន្ធអ៊ីតាលីស្លាប់ដោយសារ COVID-19 ខុសគ្នា២ម៉ោង និងឆ្ងាយពីកូនៗ
× លោក Luigi Carrara អាយុ៨៦ឆ្នាំ និងភរិយា Severa Belotti អាយុ៨២ឆ្នាំ មានចំណងអាពាហ៍ពិពាហ៍៦០ឆ្នាំ ហើយបានរស់នៅជាមួយគ្នារៀងរហូតមកនៅក្រុង Albino ខេត្ត Bergamo រដ្ឋ Lombardy ប្រទេសអ៊ីតាលី។ ពួកគាត់បានទទួលមរណភាពដោយសារ COVID-19 ដែលមានរយៈពេលខុសគ្នាតែពីរម៉ោងប៉ុណ្ណោះ។
ខណៈដែលរដ្ឋាភិបាលអ៊ីតាលី បានប្រកាសបិទប្រទេសទាំងមូល ក្រោយការរាលដាល COVID-19 ដែលមានសម្លាប់មនុស្សជាង៨០០នាក់ ក្នុងចំណោមអ្នកជំងឺជាង១២០០០នាក់ លោកតា Luigi និងភរិយា Severa បានរស់នៅក្នុងផ្ទះរយៈពេល៨ថ្ងៃ ជាមួយកំដៅក្នុងខ្លួនដល់ទៅ៣៩អង្សារសេ។
ក្រោយមកពួកគាត់ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត Bergamo។ លោក Luca ដែលជាកូនប្រុសបានរៀបរាប់ទាំងសោកសៅនៅលើបណ្តាញសង្គមទាក់ទងនឹងស្ថានភាពឪពុកម្តាយរបស់ខ្លួន។ លោកបានបញ្ជាក់បន្ថែមប្រាប់កាសែត Corriere della Sera ថា៖ «គ្មានពេទ្យណាដែលទំនេរ ក្រុមសង្គ្រោះក៏មិនមានវត្តមាន។ ខ្ញុំមិនខឹងនឹងពួកគេឡើយ ប៉ុន្តែខ្ញុំមានតែអរគុណពួកគេដែលព្យាយាមសង្គ្រោះឪពុកម្តាយរបស់ខ្ញុំ»។
ឪពុករបស់លោក Luca ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី៧ ខែមីនា ហើយម្តាយ ត្រូវបានសង្គ្រោះនារយៈពេល២៤ម៉ោងបន្ទាប់។ លោករៀបរាប់ថា កាលៈទេសៈជ្រួលច្របល់ ឪពុកម្តាយរបស់លោកមិនទទួលបានការព្យាបាលជាពិសេសនោះឡើយ។
ទីបំផុត លោក Luca Carrara និងប្អូនស្រី Monica បានត្រឹមតែយំសោកស្តាយដែលមិនបានមើលឃើញឪពុកម្តាយរបស់ខ្លួនលាជាលើកចុងក្រោយ។ ពួកគាត់បានទទួលមរណភាពជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយដោយមានរយៈពេលខុសគ្នាប្រមាណ២ម៉ោង។
សម្រាប់លោក Luca វាជារឿងដ៏គួរឲ្យសោកស្តាយខ្លាំងណាស់ ដែលលោកមិនអាចជួបអ្នកមានគុណជាទីស្រឡាញ់ នៅដង្ហើមចុងក្រោយ ខណៈដែលលោក និងក្រុមគ្រួសារ កំពុងរស់នៅដាច់ដោយឡែក (ចត្តាឡីស័ក) ដើម្បីតាមដានស្ថានភាពសុខភាព។
អ៊ីតាលី ជាប្រទេសទីពីរ បន្ទាប់ពីចិន ដែលមានករណីឆ្លងខ្ពស់ ពោលគឺដល់ទៅជាង១៧០០០ករណី និងស្លាប់ជិត១៣០០នាក់ ហើយជាង១៤០០នាក់ បានសះស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com