COVID-19
ជាតិ
ក្រសួងទេសចរណ៍ណែនាំពីការបង្ការ COVID-19 ដល់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកងបី រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំស្ដីពីការបង្ការជំងឺឆ្លង COVID-19 សម្រាប់អ្នកបើកបរតាក់ស៊ី ឬរ៉ឺម៉កកង់បី ដើម្បីបញ្ចៀសពីការចម្លងជំងឺ និងក៏ជាវិធានការបង្ការជំងឺរលាកសួតកូរ៉ូណាវីរុស COVID-19។
ក្នុងអំឡុងពេលមានបញ្ហានៃការរីករាលដាលជំងឺរលាកសួត COVID-19 ក្រសួងទេសចរណ៍បានស្នើពីការផ្សព្វផ្សាយការណែនាំពីវិធានការដើម្បីបង្ការការចម្លងជំងឺកូរ៉ូណាវីរុស ដល់អ្នកបើកតាក់ស៊ី ឬរ៉ឺម៉កកង់បី ដើម្បីជាការអភិវឌ្ឍទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងបានផ្ដល់ជាវិធានការបង្ការជំងឺផងដែរ។ ក្នុងសេចក្តីណែនាំនោះ ក៏ភ្ជាប់ជាមួយលេខទូរសព្ទ ១១៥ របស់ក្រសួងសុខាភិបាល និងជាផ្នែកមួយផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលកម្សាន្តនៅកម្ពុជាផងដែរ។
គិតត្រឹមថ្ងៃទី១៤ ខែមីនា កម្ពុជាមានអ្នកឆ្លងជំងឺ COVID-19 ចំនួន៧ករណីហើយ ដោយករណីដំបូងជាជនជាតិចិន អាយុ៦០ឆ្នាំនៅក្រុងព្រះសីហនុ ដែលបានជាសះស្បើយ។ ករណីទី២ជាបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ដោយបានឆ្លងពីជនជាតិជប៉ុនម្នាក់។
ករណីទី៣ ជាជនជាតិ មានស្ត្រី១នាក់ និងប្ដីប្រពន្ធ១គូ ជាជនជាតិអង់គ្លេស ដែលរកឃើញលើនាវាទេសចរណ៍ Viking Cruise Journey មកពីក្រុងហូជីមិញហើយចតនៅខេត្តកំពង់ចាម។ ហើយករណីចុងក្រោយ បានរកឃើញថាកើតលើបុរសជនជាតិកាណាដា និងបែលហ្សិក នៅរាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com