COVID-19
អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្តេជ្ញា​ជួយ​កូរ៉េខាងត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ ក្នុងការ​តទល់ COVID-19
14, Mar 2020 , 5:44 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​ផ្ញើ​សារ​ទៅកាន់​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ ដោយ​បង្ហាញ​ពី​ការអាណិតអាសូរ និង​ការសន្យា​ជួយ​ជាពិសេស​ដល់​ប្រទេស​ទាំងនោះ ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។​



​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ស៊ី ជិន​ភីង បាន​បញ្ជាក់ថា ចិន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការជួយ​ដល់​កូរ៉េខាងត្បូង ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19​ដើម្បី​អាយុជីវិត និង​សុខុមាលភាព​នៃ​ប្រជាជន​ទាំងពីរ​ប្រទេស ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

​មេដឹកនាំ​ចិន ក៏បាន​ផ្ញើរ​សារ​ក្នុងន័យ​ដូចគ្នានេះ ទៅកាន់​សម​ភាគី​អ៊ីតាលី និង​អ៊ីរ៉ង់​។ ក្រៅពី​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ ទៅកាន់​អ៊ីតាលី​កន្លងមក ចិន​នឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស​ផ្សេងៗ​ដល់​ប្រទេស​ទាំងនោះ​ក្នុងការ​តទល់​ជាមួយ COVID-19​។​

​បន្ទាប់ពី​ចិន គឺ​ប្រទេស​ទាំងបី អ៊ីតាលី អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង នោះ​ហើយ​ដែលមាន​ករណី​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​។ ចិន​មាន​ជាង​៨​ម៉ឺន​ករណី (​ស្លាប់​ជាង​៣១០០​នាក់​) អ៊ីតាលី​មាន​ជាង​១៧០០០​ករណី (​ស្លាប់​ជាង​១២០០​នាក់​) អ៊ីរ៉ង់​មាន​ជាង​១១០០០​ករណី (​ស្លាប់​ជាង​៦០០​នាក់​) និង​កូរ៉េខាងត្បូង ជាង​៨០០០​ករណី (​ស្លាប់​ជាង​៧០​នាក់​)៕



© រក្សាសិទ្ធិដោយ thmeythmey.com