COVID-19
អន្តរជាតិ
សម្តេច ហ៊ុន សែន ពិចារណា​ផ្អាក​បរទេស​ពី​អ៊ីរ៉ង់​មួយទៀត ហើយ​ហួសចិត្ត​អ្នក​ចំអក​ករណី​មិន​បិទ​ចិន​
14, Mar 2020 , 7:15 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​កំពុង​ពិនិត្យ​លើ​ការផ្អាក​បរទេស​ពី​អ៊ីរ៉ង់​មួយទៀត បន្ថែម​លើ​ការសម្រេច​ករណី​ពី​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​សហរដ្ឋអាមេរិក ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រាលដាល COVID-19​។​



​ថ្លែង​នា​ពិធីបុណ្យ​ទន្លេ​ពី​ខេត្តបាត់ដំបង នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមីនា នេះ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា ចំណុចកណ្តាល​នៃ​ការផ្ទុះ COVID-19 គឺ​ស្ថិតនៅ​តំបន់​អឺរ៉ុប មិនមែន​ចិន​ទៀត​នោះឡើយ ខណៈ​បច្ចុប្បន្ន ចិន​កំពុង​ព្យាយាម​ជួយ​ដល់​ប្រទេស​ដទៃ ជាពិសេស​អ៊ីតាលី ក្នុងការ​ទប់ស្កាត់​ការ​រាល​នេះ​។​

​ទាក់ទង​នឹង​ការសម្រេច​ផ្អាក​ទិដ្ឋាការ និង​បរទេស​ដែល​មកពី​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក រយៈពេល​៣០​ថ្ងៃ ត្រូវបាន​សម្តេច​លើកឡើងថា វា​ជា​រឿង​សម​ហេតុផល ដោយសារ​អ៊ីតាលី បានប្រកាស​បិទ​ប្រទេស អាមេរិក និង​អេ​ស្ប៉ា​ញ ដាក់​ជិត​ក្នុង​គ្រោះអាសន្ន អាល្លឺម៉ង់ បារាំង បាន​រឹតត្បិត​ការជួបជុំ​។​

​សម្តេច ហ៊ុន សែន បាន​សំដែង​ការហួសចិត្ត ចំពោះ​ការ​សើចចំអក​លើ​ករណី​កម្ពុជា​ដែល​មិនបាន​បិទ​បរទេស​ពី​ប្រទេស​ចិន​។ ជាមួយគ្នានេះ សម្តេច​បាន​អបអរ​ចិន​ចំពោះ​វឌ្ឍនភាព​នៃ​ការទប់ស្កាត់ COVID-19 ដែលមាន​អត្រា​ឆ្លង​តិច ខណៈ​បណ្តា​ប្រទេស​អឺរ៉ុប​បែរជា​ផ្ទុះឡើង​យ៉ាងធ្ងន់ធ្ងរ​។​

​សម្តេច​បាន​លើកឡើងថា ការ​រឹតត្បិត​ការចេញចូល​បរទេស មិនមែនជា​រឿង​ថ្មី​នោះឡើយ ខណៈ​សិង្ហ​បុរី និង​បណ្តាល​ប្រទេស​ជាច្រើន មាន​វិធានការណ៍​ខ្លាំង​ជាងនេះទៅទៀត​។​

​បច្ចុប្បន្ន កម្ពុជា​កំពុង​ពិចារណា​លើ​ករណី​ប្រទេស​អ៊ីរ៉ង់ ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​កំពុង​រាលដាល​ខ្លាំង រួមទាំង​ចំណាត់ការ​បន្ទាន់​ផ្សេងៗ​ផងដែរ​៕





© រក្សាសិទ្ធិដោយ thmeythmey.com