ជាតិ
សម្ដេច ហ៊ុន សែន​៖ គ្មាន​ហេតុផល​ដែល​កម្ពុជា​ត្រូវ​លាក់​ទិន្នន័យ​ករណី COVID-19 ឡើយ​
15, Mar 2020 , 1:59 pm        
រូបភាព
​ថ្លែង​នា​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១៤ ខែ មីនា សម្ដេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជា មិនមាន​ហេតុផល​ដែល​ត្រូវ​លាក់លៀម​ទិន្នន័យ​អ្នកជំងឺ COVID-19 នោះទេ​។ ការបញ្ជាក់​បែបនេះ ដោយមាន​ក្រុម​ប្រទេស​មួយចំនួន ថា​កម្ពុជា​បាន​លាក់​ទិន្នន័យ​អ្នកជំងឺ COVID-19​។​



​សម្ដេច ហ៊ុន សែន បាន​លើក​ឡើយ​ថា កម្ពុជា​កំពុង​យកចិត្តទុកដាក់ និង​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​COVID-19​។ ហើយ​បើ​រដ្ឋាភិបាល​កម្ពុជា ចង់​លាក់​អ្នកជំងឺ ក៏​មិនអាច​បិទបាំង​បាន​នោះដែរ ដោយ​អ្នកជំងឺ​ខ្លួនឯង ជា​អ្នកដឹង​ច្បាស់​។



​ជាមួយគ្នានេះ សម្ដេច ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា ខ្លួន​ឆ្លង​ជំងឺ COVID-19 ត្រូវ​ទៅ​មន្ទីរពេទ្យ និង​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ពិនិត្យ​ជំងឺ​។​

 គួរ​បញ្ជាក់ថា កម្ពុ​ជាមាន​ករណី​ឆ្លង COVID-19 ចំនួន​៧​ហើយ ដោយ​ករណី​ដំបូង​ជា​ជន​ជាតិចិន​អាយុ​៦០​ឆ្នាំ​នៅ​ក្រុងព្រះសីហនុ ដែល​បានជា​សះស្បើយ​។ ករណី​ទី​ពីរ​ជា​បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប បាន​ឆ្លង​ពី​ជនជាតិ​ជប៉ុន​ម្នាក់​។ បី​ករណី​កើត​លើ​ជនជាតិ​អង់គ្លេស ក្នុងនោះ​ស្ត្រី​១​នាក់ និង​ប្តី​ប្រពន្ធ​១​គូ ដែល​រកឃើញ​លើ​នាវា​ទេសចរណ៍ Viking Cruise Journey មកពី​ក្រុង​ហូជីមិញ សំចត​នៅ​ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​អ្នកជំងឺ​ទាំងបី​សម្រាក​ព្យាបាល​នៅ​ភ្នំពេញ​។ ពីរ​ករណី​ចុងក្រោយ បាន​រកឃើញ​លើ​បុរស​កាណាដា និង​បែលហ្ស៊ិក ម្នាក់ នៅ​រាជធានី​ភ្នំពេញ​៕



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com