COVID-19
អន្តរជាតិ
​លោក Javier Solana អតីត​អគ្គលេខាធិការ​អង្គការ NATO ឆ្លង COVID-19
15, Mar 2020 , 2:58 pm        
រូបភាព
ដោយ: រួបរួម
​លោក Javier Solana អតីត​អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​អេ​ស្ប៉ា​ញ បន្ទាប់ពី​លទ្ធផល​តេស្ត​បង្ហាញថា លោក​ឆ្លង COVID-19​។ នេះ​បើតាម​ប្រភព​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ទទួលបាន​កាលពី​ថ្ងៃទី​១៣ ខែមីនា​។



អត្ថបទទាក់ទង

​លោក Solana អាយុ​៧៧​ឆ្នាំ បាន​បំពេញ​តួនាទី​ជា​អគ្គលេខាធិការ NATO ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៩ និង​ជា​អតីត​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការបរទេស​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៩ ហើយក៏​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​អេ​ស្ប៉ា​ញ ក្រោម​រដ្ឋបាល​លោកនាយក​រដ្ឋមន្ត្រី Felipe Gonzalez ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៥ ផងដែរ​។​

​លោក Solana ត្រូវបាន​រាយការណ៍​ថា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន Arancha Gonzalez កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​។ លោក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​១១ ខែមីនា ប៉ុន្តែ​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះឡើយ​។​

​បច្ចុប្បន្ន អេ​ស្ប៉ា​ញ ស្ថិតនៅ​លំដាប់​ទី​៥​ដែលមាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​បន្ទាប់ពី​ចិន អ៊ីតាលី អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​។ អេ​ស្ប៉ា​ញ​មាន​អ្នក​ឆ្លង​ជិត​៦៤០០​នាក់ ក្នុងនោះ​ស្លាប់​១៩៦​នាក់ និង​សះស្បើយ​៥១៧​នាក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com