ជាតិ
ក្រុមនិស្សិតឆ្នាំទី២នៅ DMC រៀបចំពិព័រណ៍រូបថតលើកទី២នៅខែឧសភា 
×![]()
ភ្នំពេញ៖ ក្រុមនិស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នឹងរៀបចំកម្មវិធីសម្ពោធពិព័រណ៍រូបថតលើកទី២ ឆ្នាំ២០២០ (DMC Photo Festival 2020) នៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការរៀបចំនេះ ធ្វើឡើងរយៈពេល១ខែពេញ គឺចាប់ពីថ្ងៃទី២ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៨ នឹង៣០នាទីព្រឹក រហូតដល់ម៉ោង៥ល្ងាច។
ការរៀបចំឡើងនូវពិព័រណ៍រូបថតលើកទី២នេះគឺ ដើម្បីដាក់តាំងបង្ហាញស្នាដៃថតរូបនៃក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី១៨ ក្រោយពីបញ្ចប់ការសិក្សាអំពីបច្ចេកទេសក្នុងការថតរូបរយៈពេល១ឆមាស។ ពិព័រណ៍នេះដឹកនាំរៀបចំដោយ លោក ផន ភារិទ្ធ (Miller) ជាគ្រូបង្រៀនថតរូប នៃដេប៉ាតឺម៉ង់ផងដែរ។
បើតាមលោក ផន ភារិទ្ធ រូបថតដែលដាក់តាំងបង្ហាញទាំងនោះ គឺបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់និស្សិតទាំងអស់ ហើយក៏បានឆ្លុះបញ្ជាំងពីស្ថានភាពសង្គមនាពេលបច្ចុប្បន្នផងដែរ។ លោកក៏បានលើកឡើងថា«យើងប្រើរូបភាពជំនួសវីដេអូ ជាសារដើម្បីពញ្ញាក់អារម្មណ៍អ្នកទស្សនាពីសកម្មភាពដែលជួបប្រទះរាល់ថ្ងៃ។ ទោះជាស្នាដៃមិនដូចអ្នកថតរូបអាជីព តែរូបថតមានលក្ខណៈជាស៊េរីបណ្ដាក់ទៅតាមសាច់រឿងឲ្យអ្នកចូលរួមបានយល់»។

ក្រៅពីនេះ លោក អុង ប៊ុនអ៊ី ជាប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ ក៏បានលើកឡើងផងដែរថា«ការធ្វើឡើងនេះ បានផ្សារភ្ជាប់ទ្រឹស្ដីរបស់និស្សិតនឹងការអនុវត្តផ្ទាល់ និងលើកកម្ពស់ចំណេះដឹងផងដែរ។ ដេប៉ាតឺម៉ង់ចង់ជំរុញឲ្យនិស្សិតមានឱកាស សិក្សាពីបញ្ហាប្រឈម ពីសង្គមហើយយកមកឆ្លុះបញ្ចាំងតាមអ្វីដែលបានសិក្សា។
កញ្ញា សុខ ស្រីលុច ជាផលិតករនៃកម្មវិធីពិព័រណ៍រូបថតសង្ឃឹមថានឹងមានអ្នកមកចូលរួមច្រើន ហើយក៏បាននិយាយផងដែរថា«ពួកយើងបានខិតខំយ៉ាងខ្លាំង ទោះបីជានៅហាលថ្ងៃ ចុះទូកកណ្ដាលទន្លេ នៅទីតាំងឆ្ងាយៗ ក៏យើងនៅទ្រាំដើម្បីបានរូបមួយៗ»។
ការពិព័រណ៍រូបថតលើកទី២នេះផ្ដោតលើប្រធានបទចំនួន៩ ហើយមានតែ៣ប្រធានបទប៉ុណ្ណោះដែលខុសប្លែកពីឆ្នាំមុន។ «ចំណែកមួយនៃទីក្រុង» ជាប្រធានបទទី១ ដែលបង្ហាញពីប្រជាជនខ្មែរ-ឥស្លាម នៅលើទន្លេចតុមុខ។ «ឯកសណ្ឋានយើង អត្តសញ្ញាណយើង» ជាប្រធានបទទី២ ដែលបង្ហាញពីឯកសណ្ឋានប្រជាជនតាមការងារ និងមុខរបរ។ «ម្ហូបយើង អត្តសញ្ញាណយើង» ជាប្រធានបទទី៣ បង្ហាញពីការធ្វើនំបញ្ចុកខ្មែរ។ «ជីវិតបីសម័យកាល» បង្ហាញពីការរស់នៅ និងការស្លៀកពាក់។ «I Am Social Media» បង្ហាញពីផលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយ។ «ក្រោមលោកតែមួយ វាសនាខុសគ្នា» បង្ហាញពីកុមាររស់នៅក្នុងស្ថានភាពលំបាក។ «តើសម្រាមមកពីណា» បង្ហាញពីប្រភពនៃសម្រាមដែលកាន់តែមានបរិមាណច្រើន។ «នាដកាតូច» បង្ហាញពីកុមារីម្នាក់ខិតខំហាត់របាំ។ «គេចបីភពងងឹត» បង្ហាញពីការគ្រប់គ្រងដោយអន្ទការងងឹត និងការគិតខ្លី។
ក្រៅពីពិព័រណ៍រូបថត ក៏មានសិក្ខាសាលាប្រចាំសហ្តហ៍រយៈពេល១ខែពេញ ដែលមានប្រធានបទទាក់ទងនឹង គន្លឹះក្នុងការថតរូបបែបអាជីវកម្ម កិច្ចពិភាក្សាលើអាជីពនៃអ្នកថតរូប ការណែនាំឲ្យស្កាល់ក្បាច់បាតនៃរបាំខ្មែរ និងបឋកថាទាក់ទងនឹងសុខភាពផ្លូវចិត្តជាដើមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com