ជាតិ
ទោះក្រសួងមិនបានប្រកាស តែគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនឲ្យសិស្សផ្អាក និងរៀនតាមអនឡាញ
× ភ្នំពេញ៖ ក្រោយពីមានការរីករាលដាលនៃជំងឺ COVID-19 ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការអនុញ្ញាតឲ្យវិស្សមកាលតូចមុនថ្ងៃកំណត់ ចំពោះគ្រឹះស្ថានសាធារណៈ និងឯកជន ពីកម្រិតមតេ្តយ្យសិក្សាដល់វិទ្យាល័យនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយនឹងការព្រួយបារម្ភដូចគ្នាផងដែរ គ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ក៏បានសម្រេចផ្អាកការសិក្សា ដោយលើកទឹកចិត្តឲ្យនិស្សិតរៀនតាមអនឡាញ។ ទោះបីជាយ៉ាងណាក៏ដូច ចំនួនសាកលវិទ្យាល័យដែលសម្រេចបែបនេះ មិនទាន់មានចំនួនច្រើនឡើយ បើគិតត្រឹមរសៀលថ្ងៃអាទិត្យ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលចេញកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យសិស្សានុសិស្សកម្រិតបឋមសិក្សា ដល់ថ្នាក់វិទ្យាល័យអាចឈប់សម្រាកវិស្សមកាលតូចមុនថ្ងៃកំណត់។ ក្រោយពីមានការប្រកាសនេះ ឃើញថាសាលានីមួយៗក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប បានចេញសេចក្តីប្រកាសរៀងៗខ្លួនដល់អាណាព្យាបាលសិស្ស ឲ្យត្រៀមខ្លួនរៀបចំសម្រាប់កម្មវិធីសិក្សាអនឡាញរបស់បុត្រធីតា។
ទោះបីក្រសួងមិនបានលើកឡើងពីកម្រិតឧត្តមសិក្សាក៏ដោយ សាកលវិទ្យាល័យមួយចំនួនក៏បានផ្អាកការសិក្សារបស់និស្សិត ហើយលើកទឹកចិត្តពួកឲ្យស្វ័យសិក្សា ឬសិក្សាតាមប្រព័ន្ធអ៊ីនធើណេតផងដែរ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអនុញ្ញាតឲ្យនិស្សិតឈប់សម្រាក ហើយត្រូវបានលើកថ្ងៃប្រឡងសម្រាប់និស្សិតថ្នាក់មូលដ្ឋាន និងលើកថ្ងៃសិក្សាសម្រាប់និស្សិតឆ្នាំទី២ ដល់ឆ្នាំទី៤។ សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានប្ដូរពីការ Training ដោយផ្ទាល់ទៅជាសិក្សាតាមកម្មវិធីតាមប្រព័ន្ធអ៊ីនធើណេត ELearning វិញ សម្រាប់និស្សិតក្រុម Technovation។
ស្របពេលផ្អាកការសិក្សានេះ សិស្ស និស្សិត ទាំងអស់ត្រូវអនុវត្តការសិក្សាដោយខ្លួនឯងនៅផ្ទះ ឬអាចសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជំនួយដល់ការសិក្សា និងបង្កើនចំណេះដឹង ដែលវាក៏ជាកត្តាជំនួយស្មារតីសម្រាប់សិស្ស និស្សិតផងដែរ។
បញ្ជាក់ផងដែរថា ការអនុវត្តនេះធ្វើឡើងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដើម្បីបង្ការការឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19 ដែលជាបញ្ហារបស់ពិភពលោកនាពេលបច្ចុប្បន្ន។ រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យ និងថែទាំសុខភាព ពិសេសមាតាបិតាត្រូវថែសុខភាពរបស់កូនៗ៕
Tag:
COVID-19 អប់រំ ភ្នំពេញ សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com