ជាតិ
ទោះ​ក្រសួង​មិនបាន​ប្រកាស តែ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយចំនួន​ឲ្យ​សិស្ស​ផ្អាក និង​រៀន​តាម​អន​ឡាញ​
15, Mar 2020 , 3:34 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ពី​ការអនុញ្ញាត​ឲ្យ​វិស្សមកាល​តូច​មុន​ថ្ងៃ​កំណត់ ចំពោះ​គ្រឹះស្ថានសាធារណៈ និង​ឯកជន ពី​កម្រិត​មតេ្តយ្យ​សិក្សា​ដល់​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជាមួយនឹង​ការព្រួយបារម្ភ​ដូចគ្នា​ផងដែរ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​មួយចំនួន ក៏បាន​សម្រេច​ផ្អាក​ការសិក្សា ដោយ​លើកទឹកចិត្ត​ឲ្យ​និស្សិត​រៀន​តាម​អន​ឡាញ​។ ទោះបីជា​យ៉ាងណា​ក៏​ដូច ចំនួន​សាកល​វិទ្យាល័យ​ដែល​សម្រេច​បែបនេះ មិនទាន់មាន​ចំនួន​ច្រើន​ឡើយ បើ​គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ​។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ដែល​ចេញ​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ បានអនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​កម្រិត​បឋម​សិក្សា ដល់​ថ្នាក់​វិទ្យាល័យ​អាច​ឈប់សម្រាក​វិស្សមកាល​តូច​មុន​ថ្ងៃ​កំណត់​។ ក្រោយពី​មានការ​ប្រកាស​នេះ ឃើញថា​សាលា​នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប បានចេញ​សេចក្តីប្រកាស​រៀងៗ​ខ្លួន​ដល់​អាណាព្យាបាល​សិស្ស ឲ្យ​ត្រៀមខ្លួន​រៀបចំ​សម្រាប់​កម្មវិធីសិក្សា​អន​ឡាញ​របស់​បុត្រ​ធីតា​។​

​ទោះបី​ក្រសួង​មិនបាន​លើកឡើង​ពី​កម្រិត​ឧ​ត្ត​មសិ​ក្សា​ក៏ដោយ សាកលវិទ្យាល័យ​មួយចំនួន​ក៏បាន​ផ្អាក​ការសិក្សា​របស់​និស្សិត ហើយ​លើកទឹកចិត្ត​ពួក​ឲ្យ​ស្វ័យ​សិក្សា ឬ​សិក្សា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ផងដែរ​។ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​និស្សិត​ឈប់សម្រាក ហើយ​ត្រូវបាន​លើក​ថ្ងៃ​ប្រឡង​សម្រាប់​និស្សិត​ថ្នាក់មូលដ្ឋាន និង​លើក​ថ្ងៃ​សិក្សា​សម្រាប់​និស្សិត​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​៤​។ សម្រាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក៏បាន​ប្ដូរ​ពី​ការ Training ដោយផ្ទាល់​ទៅជា​សិក្សា​តាម​កម្មវិធី​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ELearning វិញ សម្រាប់​និស្សិត​ក្រុម Technovation​។

​ស្របពេល​ផ្អាក​ការសិក្សា​នេះ សិស្ស និស្សិត ទាំងអស់​ត្រូវអនុវត្ត​ការសិក្សា​ដោយ​ខ្លួនឯង​នៅផ្ទះ ឬ​អាច​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​ជំនួយ​ដល់​ការសិក្សា និង​បង្កើន​ចំណេះដឹង ដែល​វា​ក៏​ជា​កត្តា​ជំនួយស្មារតី​សម្រាប់​សិស្ស និស្សិត​ផងដែរ​។​

​បញ្ជាក់​ផងដែរ​ថា ការអនុវត្ត​នេះ​ធ្វើឡើង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម COVID-19 ដែលជា​បញ្ហា​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ រដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រក្សា​អនាម័យ និង​ថែទាំ​សុខភាព ពិសេស​មាតាបិតា​ត្រូវ​ថែ​សុខភាព​របស់​កូនៗ​៕


Tag:
 COVID-19 អប់រំ ភ្នំពេញ សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com