ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លាងដៃ វាស់​កម្តៅ និង​ពាក់​ម៉ាស់ កំពុង​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នៅតាម​សាលា​ជាច្រើន​
15, Mar 2020 , 7:29 pm        
រូបភាព
សកម្មភាពសិស្ស​លាង​ដៃ​នៅ​តាម​គ្រឹះស្ថានសិក្សា_រូបភាពពីក្រសួងអប់រំ
សកម្មភាពសិស្ស​លាង​ដៃ​នៅ​តាម​គ្រឹះស្ថានសិក្សា_រូបភាពពីក្រសួងអប់រំ
ដោយ:
​គ្រឹះស្ថានសិក្សា​ទូទាំង​រាជធានី​ខេត្ត បាន​អនុវត្ត​ការណែនាំ​ពី​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ អំពី​ការ​អនាម័យ ក៏ដូចជា​ការពង្រឹង​ការតាមដាន​លើ​សុខភាព​សិស្ស​ដោយ​យកចិត្តទុកដាក់​។ បណ្តា​សាលា​ចាប់ពី​រាជធានី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត មាន​ចំនួន​កាន់តែច្រើន​ដែល​បានដាក់​ឧបករណ៍​វាស់​កម្តៅ និង​បន្ត​រៀបចំ​កន្លែង​លាងដៃ  ទឹកស្អាត សាប៊ូ និង​ទឹក​អាល់កុល  ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កូ​វីដ​១៩ ក៏ដូចជា​សុខភាព​អនាម័យ​ផ្ទាល់ខ្លួន​។



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា​នានា​ទូទាំង​រាជធានី​ខេត្ត រៀបចំ​ឧបករណ៍​វាស់​កម្តៅ​កន្លែង​លាងដៃ ប្រព័ន្ធ​ទឹកស្អាត សាប៊ូ ទឹក​អាល់កុល ឬ​ទឹក​ប្រឌិត​ទៅតាម​លទ្ធភាព​ដែល​សាលា​អាច​ផលិត​បាន​។ បើ​ករណី​មាន​សិស្ស​ណា​ម្នា​ក់មាន​អាការ ក្តៅខ្លួន ក្អក ឈឺបំពង់ក គណៈ​គ្រប់គ្រង​សាលា​ត្រូវតែ​បញ្ជូន​ពួកគេ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​អនុញ្ញាត​ឲ្យ​ពួកគេ​ឈប់សម្រាក​ដើម្បី​តាមដាន​សុខភាព​បន្តទៀត​។     ​

សកម្មភាពសិស្ស​លាង​ដៃ​នៅ​តាម​គ្រឹះស្ថានសិក្សា_រូបភាពពីក្រសួងអប់រំ

ករណី​មាន​អ្នក​ផ្ទុក​កូ​វីដ​-១៩​ទៅលើ​ជនជាតិ​ចិន​កាលពី​ខែមករា នៅ​ខេត្ត​ព្រះសីហនុ តាម​សាលារៀន​ឯកជន​ខ្លះ​ក៏បាន​ផ្អាក​ការសិក្សា​របស់​សិស្ស​មួយរយៈ​ដែរ​។ ដល់​ថ្ងៃទី​៧ ខែមីនា កន្លងទៅ​ម្ពុ​ជា​ក៏បាន​ប្រកាសថា​មាន​ជនជាតិខ្មែរ​ម្នាក់ទៀត​នៅ​ខេត្តសៀមរាប​ក៏មាន​ផ្ទុក​កូ​វីដ​-១៩​ដែរ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទ​សាលារៀន​រដ្ឋ និង​ឯកជន​ចំនួន​១១០ ពី​ថ្នាក់​មេ​ត្ត​យ្យ ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា បណ្តោះអាសន្ន​សិន ដើម្បី​កុំ​ឲ្យ​ជំងឺ​នេះ​រាលដាល​កាន់តែខ្លាំង​។ កម្ពុជា​ក៏​តេស្ត​ឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩  លើ​នាវា​ទេសចរណ៍ Viking Cruise Journey ពី​ហូជីមិញ ប្រទេស​វៀតណាម ដែល​សំចត​នៅ​កំពង់ចាម ចំនួន​៣​នាក់​បន្ថែមទៀត និង​ករណី​២​ចុងក្រោយ​លើ​ជនជាតិ​កាណាដា និង​បែលហ្ស៊ិក ក្នុង​រាជធានី​ភ្នំពេញ​។​

​សាលាបឋមសិក្សា​ទួលគោក ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​លោក ផាត់ សុខា ជា​នាយក​សាលា បាន​បញ្ជាក់ថា ខាង​សាលា​របស់លោក បានចាប់ផ្តើម​ប្រើប្រាស់​ម៉ាស៊ីន​វាស់​កម្តៅ​សម្រាប់​សិស្ស​អស់​រយៈពេល​មួយ​សប្តាហ៍​ហើយ    ហើយក៏​បានរៀបចំ​កន្លែង​លាងដៃ ប្រព័ន្ធ​ទឹកស្អាត​គ្រប់គ្រាន់ និង​ទឹក​អាល់កុល សម្រាប់​ឲ្យ​សិស្ស និង​គ្រូៗ​បាន​លាង​សម្អាត​ដៃ​ផងដែរ​។ បើតាម​លោក ផាត់ សុខា សិស្សានុសិស្ស​សឹងតែ​ទាំងអស់​គឺ​សុទ្ធតែ​មក​លាងដៃ​ជាប្រចាំ​តែម្តង ហើយ​ឪពុកម្តាយ​សិស្ស​ក៏មាន​ការរៀបចំ​ដាក់​ទឹក​លាង​សម្អាត​មេរោគ​ដាក់​ក្នុងកា​តាប​របស់​កូន​រៀងខ្លួន​ផងដែរ​។


សកម្មភាពសិស្ស​លាង​ដៃ​នៅ​តាម​គ្រឹះស្ថានសិក្សា_រូបភាពពីក្រសួងអប់រំ

​លោក ផាត់ សុខា នាយក​សាលាបឋមសិក្សា​ទួលគោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​បាន​និយាយ​ពេល​គ្រប់​គោរព​ទង់ជាតិ និង​បាន​ប្រជុំ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​នៅតាម​ថ្នាក់ ផ្សព្វផ្សាយ​ដល់​សិស្ស​ឲ្យ​អនាម័យ​។ អ៊ីចឹង​មួយរយៈ​នេះ​ពួកគេ​មានការ​យល់ដឹង​ច្រើន​ពី​ការ​អនាម័យ​។ ហើយ​អាណាព្យាបាល​ដែល​លោក​ជូន​កូន​មក​រៀន លោក​ក៏​សប្បាយរីករាយ ដោយ​ពួកគាត់​ចូលរួម​ជាមួយ​យើង នៅពេល​ព្រលឹម​ឡើង គាត់​សម្អាត​ដៃ និង​វាស់​កម្តៅ​ដែរ ដោយ​យើង​វាស់​ជូន​គាត់​ទាំងអស់​»​។



​ចំពោះ​វិទ្យាល័យ​ហ៊ុនសែន​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឯណោះ​វិញ​ក៏បាន​ម៉ាស៊ីន​វាស់​កម្តៅ សម្រាប់​ត្រួតពិនិត្យ​សុខភាព​សិស្ស នៅមុន​ពេល​ចូល​សាលារៀន  មា​ដោយ​ន​លោកគ្រូ​អ្នកគ្រូ​ប្រចាំការ​នៅមុខ​ខ្លោងទ្វារ ចាំ​វាស់​កម្តៅ​សិស្ស​ម្តងម្នាក់ និង​ណែនាំ​ឲ្យ​សិស្ស​សម្អាត​ដៃ​ជាមួយនឹង​ទឹកស្អាត និង​សាប៊ូ​មុនពេល​ចូល​ថ្នាក់រៀន មុនពេល​កាន់​ចំណីអាហារ និង​ក្រោយពេល​ចេញពី​បន្ទប់ទឹក​ផងដែរ​។​
 

​លោក ងៀ​ម ស៊ី​តា​រ៉ា នាយក​វិទ្យាល័យ​ហ៊ុនសែន​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ទាំង​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​៧០​ភាគរយ​ហើយ​ដែល​តែងតែ​អនុវត្ត​នូវ​ការ​លាងដៃ​ជាមួយនឹង​សាប៊ូ​ជាប្រចាំ​មុនពេល​ចូលរៀន មុន​កាន់​ចំណីអាហារ និង​ក្រោយពេល​ចេញពី​បន្ទប់ទឹក​។

​លោក ងៀ​ម ស៊ី​តា​រ៉ា បាន​ប្រាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​តែងតែ​ផ្សព្វផ្សាយ និង​ណែនាំ​ពួកគេ​ឲ្យ​លាងដៃ​រហូត និង​ហូប​ទឹក​ឲ្យ​បាន​ច្រើន​។ ខ្ញុំ​ផ្សព្វផ្សាយ​នៅ​ដងទង់​ជាតិ​រួម​តែម្តង ខ្ញុំ​មាន​មេក្រូ សម្រាប់​ផ្សព្វផ្សាយ​ដល់​ពួកគាត់ ដោយ​មួយអាទិត្យ យើង​មាន​ការគោរព​ទង់ជាតិ​ម្តង​»​។  នាយក​វិទ្យាល័យ​ហ៊ុនសែន​ព្រៃនប់​ខេត្ត​ព្រះសីហនុ​រូបនេះ បាន​បន្តថា សាលារៀន​របស់លោក ក៏​នឹង​បន្ត​រៀបចំ កន្លែង​លាងដៃ ធុង​ទឹកស្អាត​ចំណុះ​ជាង​១០០​លីត្រ និង​សាប៊ូ បន្ថែមទៀត ដើម្បី​ឲ្យ​សិស្ស​គ្រប់រូប​បាន​អនុវត្ត​អនាម័យ​បានល្អ​ត្រឹមត្រូវ​។


​បើតាម​លោក ងៀ​ម ស៊ី​តា​រ៉ា តាំងពី​សិស្ស​អនុវត្ត​អនាម័យ​ដោយ​លាងដៃ​មក មិនមាន​សិស្ស​ណា​ម្នាក់​មាន​អាកា​រៈ​ធ្ងន់​ធ្ងន់​ឡើយ​។ ករណី​មាន​សិស្ស​ណា​ម្នា​ក់មាន​អាការ​មិនសូវ​ស្រួលខ្លួន ខាង​សាលា​នឹង​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​ឪពុកម្តាយ​វិញ និង​ណែនាំ​ឲ្យ​ឪពុកម្តាយ​បញ្ជូន​កូន​ទៅ​ត្រួតពិនិត្យ​សុខភាព​។ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​លោក ងៀ​ម ស៊ី​តា​រ៉ា បាន​ប្រាប់​ដូច្នេះ​៖«​សាលា​អត់​បាន​បង្ខិតបង្ខំ​ឲ្យ​សិស្ស​ណា​ម្នាក់ ឲ្យ​ត្រូវ​តែម​ករៀន​នោះទេ ប្រសិនបើ​ពួកគាត់​មាន​សុខភាព​មិនសូវ​ល្អ គឺ​យើង​អនុញ្ញាត​ឲ្យ​ពួកគាត់​ឈប់សម្រាក​សិន ដើម្បី​ឲ្យ​គាត់​ទៅ​ត្រួតពិនិត្យ​សុខភាព​»​។

​នៅតាម​សាលារៀន​ក្នុង​ខេត្តកំពង់ចាម ក៏មាន​ការពង្រឹង​ការណែនាំ​ដល់​សិស្ស​ឲ្យ​ចេះ​អនាម័យ​ទាំង​នៅក្នុង​សាលា​ផង និង​នៅផ្ទះ​ផង​កាន់តែ​ច្រើនជាង​មុន ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​-១៩​។ លោក សៀង សំណាង នាយក​សាលាបឋមសិក្សា អនុវិទ្យាល័យ​ទួល​ថ្ម ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ក្រៅពី​សាលា​មាន​កន្លែង​សម្រាប់​ឲ្យ​សិស្ស​លាងដៃ​នៅក្បែរ​ថា្នក់​រៀន លោកគ្រូ​អ្នកគ្រូ​បន្ទុក​ថ្នាក់​នីមួយៗ​ក៏បាន​រៀបចំ​ជា​សាប៊ូ ធុង​ទឹក និង​កន្សែង​ជូត​ដៃ មុនពេល​ឲ្យ​សិស្ស​ចូលរៀន​។

​ទន្ទឹមនឹង​ពលរដ្ឋ​ដឹង​ពី​ជ​កូ​វីដ​-១៩ បាន​ឆ្លង​ដល់​ខេត្តកំពង់ចាម​មក  អាណាព្យាបាល​សិស្ស​នីមួយៗ​មាន​ក្តីបារម្ភ​ពី​កូនៗ​របស់ខ្លួន ដោយ​ឪពុកម្តាយ​ខ្លះ​បាន​ឃាត់​កូន​មិន​ឲ្យ​មក​រៀន និង​បាន​ស្នើសុំ​ឲ្យ​សាលារៀន​ផ្អាក​ការសិក្សា​មួយរយៈ​សិន​ផងដែរ​។​

«​មាន​ឪពុកម្តាយ​ខ្លះ​បារម្ភ​ពី​កូន​ទៅ ក៏​សុំច្បាប់​ឲ្យ​កូន​ឈប់​។ អាណាព្យាបាល​សិស្ស បារម្ភ​ច្រើនពេក គាត់​តែង​ឃាត់​កូន​គាត់​នៅផ្ទះ​អ៊ីចឹង​ដែរ ដើម្បី​ធានា​សុវត្ថិភាព​កូន​គាត់​អ៊ីចឹងទៅ​។ ទាំង​ខ្ញុំ​ជា​នាយក​សាលា​ហ្នឹង​ក៏មាន​អារម្មណ៍​ថា​ភ័យ និង​ចេះតែ​ព្រួយបារម្ភ​ដែរ​។ ហើយ​យើង​ចេះតែ​នាំគ្នា ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ដោយ​ជំរុញ​ឲ្យ​សិស្ស​អនាម័យ​ដោយ​លាងដៃ​ជាប្រចាំ​។ រឿង​ថា​ចង់​ផ្អាក​ការសិក្សា​ហ្នឹង សាលា​អាស្រ័យ​លើ​ក្រសួង​អប់រំ ថា​តើ​ក្រសួង​មាន​គោលការណ៍​យ៉ាងម៉េច ថា​ត្រូវតែ​ផ្អាក ឬក៏​ត្រូវតែ​បន្ត ហើយ​សាលា​គឺ​ចាំតែ​អនុវត្តតាម​»​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក សៀង សំណាង នាយក​សាលាបឋមសិក្សា អនុវិទ្យាល័យ​ទួល​ថ្ម ខេត្តកំពង់ចាម​ដែល​ស្នើ​ឲ្យ​ក្រសួង​អប់រំ ជួយឧបត្ថម្ភ​ម៉ាស៊ីន​វាស់​កម្តៅ​ដល់​សិស្ស និង​បុគ្គលិក​អប់រំ​ក្នុង​សាលា​របស់ខ្លួន និង​សាលារៀន​ផ្សេងទៀត ដែល​មិនទាន់មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​តាមដាន​លើ​សុខភាព​សិស្ស​។​

​បើតាម​លោក សៀង សំណាង ដើម្បី​ជំរុញ​ឲ្យ​ឪពុកម្តាយ បញ្ជូន​កូន​មក​សាលារៀន​ឲ្យ​បាន​ទៀងទាត់​វិញ ខាង​សាលារៀន​មានតែ​ប្រឹងប្រែង​ពន្យល់ និង​ណែនាំ​ពួកគាត់​ឲ្យ​ទុកចិត្ត​លើ​ការគ្រប់គ្រង​របស់​សាលា  និង​ក្រសួងសុខាភិបាល​។ លោក​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​ពោល​យើង​ប្រាប់​ទៅ​ឪពុកម្តាយ​ឲ្យ​ជួយ​ណែនាំ​កូន កុំ​ឲ្យ​ទៅ​កន្លែង​ទីប្រជុំជន​ណា​ដែលមាន​មនុស្ស​ជួបជុំ​ច្រើន ដែល​អាច​ងាយ​នឹងមាន​ហានិភ័យ​ឆ្លង​ខ្ពស់ ដោយ​យើង​មាន​ជា​មធ្យោបាយ​ទំនាក់ទំនង​រវាង​គ្រូ​បន្ទុក​ថ្នាក់ និង​ឪពុកម្តាយ​សិស្ស​តាម​Messenger​។ យើង​បាន​ហាម​ឲ្យ​សិស្ស​ដែលជា​សិស្ស​មាន​វ័យ​ជំទង់ ដែល​ចូលចិត្ត ចូលក្នុង​ហាង​កាហ្វេ​ប្រែ​នៗ​ដែល​ភាគច្រើន​មាន​ភ្ញៀវ​បរទេស​ដែល​យើង​មិនដឹង​ពី​ប្រវត្តិ​ថា ពួកគាត់​មកពីណា​ខ្លះ​ទេ​។ បើសិនជា​គាត់​មាន​ជំងឺ​មែន វា​អាច​នឹង​ឆ្លង​លឿន​»៕

Tag:
 ​សាលារៀន​
 ​សិស្ស​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com