ជាតិ
COVID-19 បានក្លាយជាឧបសគ្គនៃគម្រោងរៀបចំសង្ក្រាន្តតាមខេត្ត រូបភាព ព្រឹត្តិការណ៍សង្រ្កាន្តនៅខេត្តស្វាយរៀងកន្លងទៅ។ រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
× គ្មានឡើយសង្ក្រាន្តនៅសៀមរាប ដែលនេះជាការសម្រេចផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីក្រុងទេសចរណ៍មួយនេះ រកឃើញករណីឆ្លង COVID-19 ដំបូង។ ខេត្តបន្ទាយមានជ័យ ជាខេត្តទីពីរដែលប្រកាសលុបចោលគម្រោងសង្ក្រាន្តរបស់ខ្លួន។ ក្រោយមកមានខេត្តជាបន្តបន្ទាប់ ខណៈថ្នាក់ដឹកនាំខេត្តខ្លះមិនទាន់សម្រេចចិត្តដោយរង់ចាំមើលស្ថានការណ៍នៃការរាលដាល COVID-19។
គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ នេះ ក្រៅពីសៀមរាប និងបន្ទាយមានជ័យ សារព័ត៌មានថ្មីៗ ទទួលបានព័ត៌មានពីខេត្តពីរទៀត គឺស្វាយរៀង និងព្រៃវែង ដែលសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២០ នាអំឡុងនៃពិធីចូលឆ្នាំខ្មែរ។
ទាក់ទងនឹងបញ្ហានេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា ការផ្អាករៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងគឺដើម្បីទប់ស្កាត់ការចម្លង និងការឆ្លងរីករាលដាលជំងឺ COVID-19 នៅកម្ពុជា ដែលស្ថានការណ៍នេះ មិនដឹងពេលណាអាចទប់ស្កាត់ការរីករាលដាលនេះបានឡើយ ។
ដោយឡែក សង្ក្រាន្តខេត្តកំពត និងខេត្តកណ្ដាល កំពុងក្រោមការពិចារណា ដោយអ្នករៀបចំរង់ចាំមើលស្ថានការណ៍នៃការរាលដាល COVID-19។ រីឯខេត្តផ្សេងទៀត មិនទាន់ការសម្រេចជាផ្លូវការនោះឡើយ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកទិដ្ឋាការជនបរទេស ពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៊ីរ៉ង់ ចូលកម្ពុជារយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ខែមីនា។ ចំណែកឯ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ត្រូវចូលវិស្សមកាលតូចមុនកំណត់ ក្រោយការរកឃើញករណីឆ្លង COVID-19 ជាបន្តបន្ទាប់។
កម្ពុជាមានករណីឆ្លង COVID-19 ចំនួន៧ហើយ ដោយករណីដំបូងជាជនជាតិចិនអាយុ៦០ឆ្នាំនៅក្រុងព្រះសីហនុ ដែលបានជាសះស្បើយ។ ករណីទីពីរជាបុរសខ្មែរអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប បានឆ្លងពីជនជាតិជប៉ុនម្នាក់។ បីករណីកើតលើជនជាតិអង់គ្លេស ក្នុងនោះស្ត្រី១នាក់ និងប្តីប្រពន្ធ១គូ ដែលរកឃើញលើនាវាទេសចរណ៍ Viking Cruise Journey មកពីក្រុងហូជីមិញ ហើយសំចតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកជំងឺទាំងបីសម្រាកព្យាបាលនៅភ្នំពេញ។ ពីរករណីចុងក្រោយ បានរកឃើញលើបុរសកាណាដា និងបែលហ្ស៊ិក ម្នាក់ នៅរាជធានីភ្នំពេញ៕
Tag:
សង្ក្រាន្ត
ព្រៃវែង
ស្វាយរៀង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com