COVID-19
ជាតិ
COVID-19៖ កម្ពុជា​រកឃើញ​ករណី​ទី​៨ ដែលជា​ជនជាតិ​បារាំង មាន​ប្រវត្តិ​ធ្វើដំណើរ​ពី​សិង្ហ​បុរី​
15, Mar 2020 , 4:47 pm        
រូបភាព
ដោយ: រួបរួម
​ក្រសួងសុខាភិបាល នាថ្ងៃ​ទី១៥ ខែមីនា​បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង COVID-19 ករណី​ទី​៨ នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកជំងឺ​ជា​ជនជាតិ​បារាំង​ម្នាក់ អាយុ៣៥ឆ្នាំដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ពីក្រុងប៉ារីស ទៅដល់​ប្រទេស​សិង្ហ​បុរី​ កាលពីថ្ងៃទី១៣ ខែមីនា។​



បើតាមលោកស្រី ឱ វណ្ណាឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ជនជាតិបារាំងរូបនេះ មានប្រពន្ធ និងប្រុសអាយុ៤ខែ ដែលធ្វើដំណើរជាមួយខ្លួន។ អាជ្ញាធរសិង្ហបុរី បាន​ធ្វើតេស្តសំណាកវត្ថុវិភាគគាត់​នៅ​យប់ថ្ងៃទី១៣​ខែមីនា។

ដំបូងឡើយ គាត់មិនតម្រូវឲ្យធ្វើដំណើរចេញក្រៅឡើយ ពេល​រង់ចាំលទ្ធផល ប៉ុន្តែ​អ្នកប្តូរវេន​តាមដានសុខភាពគាត់បែរជាអនុញ្ញាតឲ្យគាត់ធ្វើដំណើរ ហើយរង់ចាំទទួលលទ្ធផល​តាមក្រោយ។ គាត់ និងគ្រួសារ បានមកភ្នំពេញ តាមជើងហោះហើរ MI 602 កាលពីថ្ងៃទី១៤ ខែមីនា និងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៨ និង៣០នាទីព្រឹក។

បុរសរូបនោះ ថា​ខ្លួនបានការពារខ្លួន ដោយពាក់ម៉ាស់ពេលធ្វើដំណើរ និងមិនមានកំដៅខ្លួនឡើយ។ ក្រោយសិង្ហបុរីចេញលទ្ធផលតេស្ត អាជ្ញាធរកម្ពុជាបានតាមដានភ្លាមៗ ហើយរកឃើញបុរសនោះ។

បច្ចុប្បន្ន​ភរិយា និងកូន​បុរសបារាំង ស្ថិតក្រោម​ការតាមដានសុខភាពរយៈពេល​១៤ថ្ងៃ នៅផ្ទះប្អូន​របស់គាត់​នៅម្តុំសង្កាត់ទួលទំពូង ខណៈអ្នកជំងឺត្រូវបានបញ្ជូនទៅពេទ្យខ្មែរសូវៀត។

តាម​ការស្រាវជ្រាវ អ្នកដំណើរលើយន្តហោះ​២៤នាក់ និងបុគ្គល២នាក់ទៀត ជាអ្នកដឹកគ្រួសារបារាំងនោះទៅផ្ទះ។ អាជ្ញាធរកំពុង​ស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងនោះ។

៧​ករណី​កន្លងមក​នៅ​កម្ពុជា មាន​៦​ករណី​ជា​ជនជាតិ​បរទេស និង​១​ករណី​ជា​ជនជាតិខ្មែរ​។ ករណី​ទី​១​ជា​ជន​ជាតិចិន​អាយុ​៦០​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ក្រោយមក​ជាសះស្បើយ​។ ករណី​ទី​២ ជា​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​មាន​សុខភាព​ប្រក្រតី​។​

៣​ករណី​ត្រូវបាន​រកឃើញ​នៅលើ​នាវា Viking Cruise ដែល​សំចត​នៅ​ខេត្តកំពង់ចាម ដែលជា​ជនជាតិ​អង់គ្លេស​ទាំង​៣​នាក់​។ ម្នាក់​ជា​ស្ត្រី និង​២​នាក់​ទៀត​ជា​ប្តី​ប្រពន្ធ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ករណី​ទី​៦ ជា​បុរស​ជាតិ​កាណាដា ដែល​បម្រើការ​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ពី​ប្រទេស​ថៃ និង​ករណី​ទី​៧ ជា​បរទេស​ជន​បែលហ្ស៊ិក​ដែល​បម្រើការ​នៅ​អង្គការ​អន្តរជាតិ​មួយ ហើយ​ទើបតែ​ធ្វើដំណើរ​ពី​ប្រទេស​នៅ​អឺរ៉ុប​៕



© រក្សាសិទ្ធិដោយ thmeythmey.com