COVID-19
ជាតិ
COVID-19៖ ៤​ករណី​ទៀត​នៅ​កម្ពុជា​ក្នុងនោះ​មាន​ខ្មែរឥស្លាម​២​នាក់​នៅខេត្ត​ព្រះវិហារ
15, Mar 2020 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល​នាយ​ប់​ថ្ងៃទី​១៥ ខែមីនា នេះ បានប្រកាស​ពី​ការរកឃើញ​៤​ករណី​ទៀត​នៅ​កម្ពុជា ក្នុងនោះ​២​នាក់​ជា​ជនជាតិខ្មែរ​ឥស្លាម​នៅ​ខេត្តព្រះវិហារ ម្នាក់​ជា​ជនជាតិខ្មែរ​ពី​បារាំង និង​ម្នាក់ទៀត​ជា​ទារក​បារាំង​អាយុ​៤​ខែ​។​ សរុបកម្ពុជាមាន​១២ករណីហើយ។



ក្មេងប្រុស​បារាំងអាយុ​៤ខែ ដែលជាកូន​របស់ជនជាតិ​បារាំងអាយុ៣៥ និងជាករណីទី៨នៅកម្ពុជា បាន​រកឃើញវិជ្ជមាន COVID-19 ដូចឪពុករបស់ខ្លួន ហើយត្រូវបាន​រៀបចំយកទៅព្យាបាល​នៅមន្ទីរពេទ្យកុមារជាតិ។ រីឯម្តាយ​របស់គេវិញ អវិជ្ជមាន។

ករណីបុរសជនជាតិខ្មែរម្នាក់ ត្រូវរកឃើញក្រោយគាត់ត្រឡប់មកពីបារាំង ហើយមានលទ្ធផលតេស្តវិជ្ជមាន COVID-19 ហើយបច្ចុប្បន្ន​គាត់ស្ថិតនៅក្រោមការព្យាបាល ដាច់ ដោយ ឡែកនៅមន្ទីរពេទ្យ​ខ្មែរ-សូវៀត។

រីឯករណីខ្មែរឥស្លាម២នាក់នៅព្រះវិហារ ពួកគាត់មានអាយុ​៣៥​ឆ្នាំ និង​៣៩​ឆ្នាំ។ ពួកគាត់ស្ថិតក្នុងចំណោមមនុស្ស​១០នាក់​ដែលបាន​វិលត្រឡប់ទៅខេត្តព្រះវិហារវិញ កាលពីថ្ងៃទី​៣ ខែមីនា ក្រោយ​ចូលរួមពិធីសាសនានៅគូឡាឡាំពួរ។ ពួកគាត់ស្ថិតនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ រីឯ៨នាក់ទៀតដែលអវិជ្ជមានត្រូវបន្ត​ស្ថិតក្រោម​ការតាមដានសុខភាព​១៤ថ្ងៃ។

មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន​១២ករណីហើយ។ ករណីទី១ជាជនជាតិចិននៅខេត្តព្រះសីហនុ ករណីទី២ ជាជនជាតិខ្មែរនៅសៀមរាប។ ៣ករណីជាជនជាតិអង់គ្លេសនៅនាវា Viking Cruise ដែលសំចតនៅខេត្តកំពង់ចាម។ ករណីទី៦ជាជនជាតិ​កាណាដា។ ករណីទី៧ ជាជនជាតិ​បែលហ្ស៊ិក។ ករណីទី៨ជាជនជាតិបារាំង។

ករណីទី៩ ជាទារកអាយុ៤ខែ និង​ជាកូនជនជាតិបារាំង (ករណីទី៨)។ បុរសខ្មែរពីបារាំង ជាករណីទី១០ និង២ករណីចុងក្រោយ ជាជនជាតិខ្មែរឥស្លាមនៅខេត្តព្រះវិហារ៕


© រក្សាសិទ្ធិដោយ thmeythmey.com